(វ៉ាស៊ីនតោន)៖ ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក ដើម្បីរកការបញ្ចប់ជម្លោះនៅក្នុងតំបន់ហ្គាហ្សា បានប្រឈមនឹងហេតុការណ៍ហិង្សាផ្ទុះឡើងថ្មីៗ មួយចំនួនដែលបារម្ភថានឹងក្លាយជាឧបសគ្គរារាំង។ ទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអាមេរិក លោក ចូ​ បៃដិន បានថ្លែងថា សហរដ្ឋអាមេរិកកំពុងធ្វើកិច្ចការនេះ ដោយស្ងាត់ៗជាមួយនឹងមន្ត្រីអ៊ីស្រាអែល ដើម្បីឱ្យទាហានអ៊ីស្រាអែលត្រូវចាកចេញពីតំបន់ហ្គាហ្សាហើយ។

ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Anthony Blinken ក្នុងការស្វះស្វែងរកការរាំងខ្ទប់មិនឱ្យសង្គ្រាមរីករាលដាលក្នុងតំបន់មជ្ឈិមបូព៌ា កំពុងប្រឈមនឹងបញ្ហាកើតឡើងជាច្រើនចំពោះមុខ។ មេបញ្ជាការក្រុមហេសបូឡាម្នាក់ផ្សេងទៀតត្រូវបានអ៊ីស្រាអែលសម្លាប់លើទឹកដីប្រទេសលីបង់ ទន្ទឹមនឹង សេចក្តីរាយការណ៍របស់ក្រុមហ៊ូធី នៃប្រទេសយេម៉ែនបានបង្កើនការវាយប្រហារដ្រូន និងមីស៊ីលដាក់លើកប៉ាល់ទំនិញក្នុងដែនសមុទ្ទក្រហម និងការវាយប្រហារដាក់លើ តំបន់ហ្គាហ្សា កាន់តែកើនឡើងបង្កឱ្យមានមនុស្សស្លាប់ និងរបួសមិនស្រាកស្រានឡើយ។

ក្រុមហេសបូឡានៃប្រទេសលីបង់ បាននិយាយថា មេបញ្ជាការរបស់ខ្លួនម្នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារមួយនាភាគខាងត្បូងប្រទេសលីបង់ ដែលគេជឿថា ធ្វើឡើងដោយអ៊ីស្រាអែលកាលពីថ្ងៃចន្ទ ទី៨ មករា។ លោក Wissam Tawil ដែលជាសមាជិកនៃក្រុមឥស្សរជន Radwan Force និងជាឥស្សរជន Hezbollah ដ៏លេចធ្លោបំផុតមួយរូបបានបាត់បង់ជីវិតក្នុងការវាយប្រហារតាមផ្លូវអាកាសដោយក្រុមទាហានអ៊ីស្រាអែល។ ក្រុមយោធាអ៊ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយបញ្ជាក់ ការទទួលខុសត្រូវនោះទេ ប៉ុន្តែអ៊ីស្រាអែលតែងនិយាយថា គេតែងវាយប្រហារដាក់លើគោលដៅរបស់ក្រុមហេសបូឡា នានាទាំងឡាយដើម្បីឆ្លើយតបទៅនឹង ការវាយប្រហារឆ្លងព្រំដែនរបស់ក្រុមហេសបូឡាទាំងនោះ។ ក្រុមយុទ្ធជនឥស្លាមហេសបូឡានៃប្រទេសលីបង់ និងក្រុមហ៊ូធីនៃប្រទេសយេម៉ែន បានបង្កើនសកម្មភាព ប្រឆាំងនឹងអ៊ីស្រាអែលដែលជាការបង្ហាញសាមគ្គីភាពរបស់ខ្លួនជាមួយនឹងក្រុមហាម៉ាសប៉ាឡេស្ទីនដែលបាននិងកំពុងរងការវាយប្រហារក្នុងតំបន់ហ្គាហ្សា។

នេះគឺជាការបាត់បង់ជីវិតរបស់មេបញ្ជាការរបស់ក្រុមយុទ្ធជនឥស្លាមថ្មីម្នាក់ផ្សេងទៀត បន្ទាប់ពីការបាត់បង់យុទ្ធជនហេសបូឡា ៧នាក់កាលពីថ្ងៃទី៣ មករា ដែលរួមមាន មេបញ្ជាការរបស់ខ្លួនម្នាក់ទៀតគឺលោក Hussein Yazbek នៅតាមបណ្តោយព្រំដែលលីបង់និងអ៊ីស្រាអែល។ ដោយឡែក នៅលើទឹកដីនៃប្រទេសលីបង់នោះផងដែរ, មេដឹកនាំក្រុមហាម៉ាស លោក Saleh al-Arouri ក៏ទើបត្រូវបានគេសម្លាប់ដោយការវាយប្រហារដ្រូនកាលពីសប្តាហ៍មុនជាបន្ថែមទៀត ដែលការវាយប្រហារទាំងនេះ បាន និងកំពុងបារម្ភការបំពក់ភ្លើងកាន់តែឆាបឆេះប្រឆាំងនឹងទង្វើរបស់អ៊ីស្រាអែល ដែលសង្គ្រាមកំពុងកើតមានក្នុងតំបន់ហ្គាហ្សា ត្រូវបានគេបារម្ភថានឹងបង្កភាព រាលដាលកាន់តែធំចូលមកក្នុងតំបន់ក្រុម Hezbollah គឺជាក្រុមដែលគាំទ្រដោយអ៊ីរ៉ង់ និងជាក្រុមដែលកាន់អំណាចផ្នែកយោធា និងនយោបាយយ៉ាងច្រើន នៅក្នុងប្រទេសលីបង់។ ក្រុមហេសបូឡានេះ ត្រូវបានប្រទេសអ៊ីស្រាអែល, ចក្រភពអង់គ្លេស និងប្រទេសមហាអំណាចលោកខាងលិចផ្សេងទៀត បានចាត់ទុកថា ជាក្រុមនៃអង្គការភេរវកម្ម។

ក្រុមអង្គការហេសបូឡានេះ បានធ្វើការវាយប្រហារដាក់លើកងកម្លាំងអ៊ីស្រាអែលស្ទើរតែរៀងរាល់ថ្ងៃ នៅតាមបណ្តោយព្រំដែនចាប់តាំងពីអ៊ីស្រាអែលបានប្រកាសធ្វើ សង្គ្រាមដាក់លើតំបន់ហ្គាហ្សារបស់ប៉ាឡេស្ទីនក្រោយព្រឹត្តិការណ៍បង្ហូរឈាមថ្ងៃទី៧ តុលា ឆ្នាំ២០២៣នោះមក។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេថាន់យ៉ាហ៊ូ បានប្រាប់ទាហានអ៊ីស្រាអែលដែលឈរជើងនៅតាមព្រំដែនជាមួយប្រទេសលីបង់កាលពីថ្ងៃចន្ទ ទី៨ មករាថា លោកប្តេជ្ញានឹង «ធ្វើអ្វីៗគ្រប់យ៉ាងដែល ចាំបាច់ដើម្បីស្តារសន្តិសុខឡើងវិញចំពោះតំបន់ភាគខាងជើង» ជាប់នឹងប្រទេសលីបង់នេះ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ប្រទេសលីបង់ បានរាយការណ៍មុននេះថា មានមនុស្សពីរនាក់ បានបាត់បង់ជីវិតនៅក្នុងការវាយប្រហារដោយគ្រាប់មីស៊ីលមួយគ្រឿងរបស់អ៊ីស្រាអែល ដាក់លើគោលដៅរថយន្តមួយគ្រឿងនៅក្នុងតំបន់ al-Dabsha នៃ ក្រុងKhirbet Selim នាព្រឹកថ្ងៃចន្ទ។

សេចក្តីរាយការណ៍បានបន្តថាការវាយប្រហារនេះបានធ្វើឲ្យរថយន្តវេរចង្កូតក្រឡាប់បណ្តាលឱ្យឆេះ និងមានមនុស្សស្លាប់ក្នុងរថយន្ត។ មនុស្សទាំង២ដែលបានស្លាប់ ដោយសារវាយប្រហារនោះ គឺលោក Wissam Tawil ហើយម្នាក់ទៀត គឺជាអ្នកប្រយុទ្ធរបស់ក្រុម Hezbollah។ ក្រុមយោធាអ៊ីស្រាអែលបាននិយាយថា គេពិតជាបាន វាយប្រហារដាក់លើគោលដៅយោធារបស់ក្រុមហេសបូឡាក្នុងទឹកដីប្រទេសលីបង់ ប៉ុន្តែមិនបញ្ជាក់លើការវាយប្រហារធ្វើឱ្យស្លាប់មេបញ្ជាការក្រុមហេសបូឡា នោះឡើយ។ ការវាយប្រហារនេះបានទន្ទឹមនឹងអ្វីដែលកាសែត The Washington Post របស់អាមេរិកបានសរសេរថាមន្ត្រីអាមេរិកមានក្តីព្រួយបារម្ភ ដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេថាន់យ៉ាហ៊ូ អាចនឹងមានគំនិតចង់ពង្រីកសង្គ្រាមដាក់ទៅលើទឹកដីនៃប្រទេសលីបង់ថែមទៀត ដែលការពង្រីកសង្គ្រាមនេះ គឺជាគន្លឹះមួយនៃការធ្វើឱ្យអាជីពនយោបាយរបស់លោកបានរស់ឡើងវិញបន្ទាប់ពីការរងការរិះគន់ ក្នុងស្រុកដោយសារអំពើធ្វេសប្រហែស បង្កឱ្យមានការបង្ហូរឈាមថ្ងៃទី៧ តុលា ធ្វើឱ្យមានមនុស្សស្លាប់១ពាន់១៣៩នាក់ និងមានការចាប់ខ្លួនមនុស្ស ២៤០នាក់ជាចំណាប់ខ្មាំងដោយក្រុមហាម៉ាសប៉ាឡេស្ទីន នោះ។

ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken រយៈពេល៥ថ្ងៃ មកក្នុងតំបន់មជ្ឈិមបូព៌ាចាប់ផ្តើមតាំងពីថ្ងៃអាទិត្យ ទី៧ មករាមកនោះ គឺដោយសារក្តីបារម្ភខ្លាចក្រែងចំណាត់ការរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល នឹងបង្កជម្លោះក្នុងតំបន់កាន់តែរាលដាលធំដែលនឹងកា្លយជាសង្គ្រាមធំមិនអាចគ្រប់គ្រងបាន។
កាសែត The Washington Post បានសរសេរមុននេះដកស្រង់សម្តីរបស់មន្ត្រីសេតវិមានដែលគេមិនបញ្ចេញឈ្មោះ បញ្ជាក់ថាការធ្វើសង្គ្រាមរបស់ លោក ណេថាន់យ៉ាហ៊ូ គឺដើម្បីតែរក្សាអាជីពនយោបាយរបស់ខ្លួន ខណៈដឹងថាប្រជាប្រីយ៍ភាពរបស់លោកកាន់តែធ្លាក់ចុះទាប។ កាសែត Washington Post ដដែលសរសេរ ប្រៀបធៀបទៀតថាប្រសិនបើសង្គ្រាមនៅហ្គាហ្សានឹងអាចបញ្ចប់នៅថ្ងៃស្អែកមែននោះ, អាជីពនយោបាយរបស់លោក ណេថាន់យ៉ាហ៊ូ ក៏នឹងត្រូវបញ្ចប់ជាមួយនឹង ការចប់សង្គ្រាមនោះដែរ។

មូលហេតុនេះហើយ ដែលមានការនិយាយសង្ស័យថានាយករដ្ឋមន្ត្រីអ៊ីស្រាអែល ចង់បង្កាត់ភ្នក់ភ្លើងសង្គ្រាមនេះ មិនឱ្យចប់ឡើយ និងចង់ពង្រីកទំនាស់នេះឱ្យកាន់តែធំ ថែមទៀត។ លោក ណេថាន់យ៉ាហ៊ូ ត្រូវបានគេដកស្រង់សម្តីក្នុងពេលថ្លែងនាកិច្ចប្រជុំគណរដ្ឋមន្ត្រីរបស់លោកប្រចាំសប្តាហ៍ថា «សង្គ្រាមនឹងមិនបញ្ឈប់ឡើយរហូត លុះត្រាណាតែអ៊ីស្រាអែលនឹងទទួលបានជោគជ័យលើគោលដៅរបស់ខ្លួន នោះគឺការកំចាត់ចោលក្រុមហាម៉ាស, ការរំដោះចំណាប់ខ្មាំងនិងការធ្វើឱ្យតំបន់ហ្គាហ្សា លែងក្លាយជាគ្រោះគំរាមកំហែងដល់អ៊ីស្រាអែលបន្តទៀតឡើយ»

ការសម្លាប់មេបញ្ជាការហេសបូឡាម្នាក់ទៀតចុងក្រោយនេះ ត្រូវគេបារម្ភថានឹងបង្កក្តីលំបាក ដល់ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក ដែលចង់ប្រើ ឥទ្ធិពលទប់ស្កាត់ការរីករាលដាលសង្គ្រាម ក្នុងតំបន់ហ្គាហ្សាមិនឱ្យចូលទៅក្នុងតំបន់។ មេបញ្ជាការហេសបូឡា លោក Wissam Tawil ដែលត្រូវបានសម្លាប់ កាលពីថ្ងៃចន្ទនោះ ត្រូវគេពណ៌នាថាលោក គឺជាអនុប្រធានអង្គភាពមួយនៅក្នុងកងកម្លាំង Radwan របស់ក្រុម Hezbollah ដែលជាក្រុមទទួលបានការបណ្តុះបណ្តាល យ៉ាងល្អ និងត្រូវបានចាត់ទុកថាជាកងកម្លាំងពិសេសរបស់ក្រុមហេសបូឡាថែមទៀត។ ក្រុមហេសបូឡា ក្រោយមកបានចេញសេចក្តីថ្លែងការណ៍មួយ
ប្រកាសពីការស្លាប់របស់លោក Tawil និងចាត់ទុករូបលោកថាជា «មេបញ្ជាការ» របស់ហេសបូឡា។

ដំណើររបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ដើម្បីការរារាំងមិនឱ្យសង្គ្រាមរាលដាល បានមកដល់ប្រទេសអ៊ីស្រាអែលហើយ ខណៈហេតុការណ៍ធំៗ ជាច្រើនបាន និងកំពុងកើតឡើងក្នុងនោះរួមមាន៖ «ខ្សែវីដេអូដ៏រន្ធត់មួយបានថតកងកម្លាំងអ៊ីស្រាអែលបើករថយន្តយោធាកិនពីលើជនរងគ្រោះជាតិប៉ាឡេស្ទីនម្នាក់ បន្ទាប់ពីបុរសបីនាក់ត្រូវបានបាញ់សម្លាប់នៅក្នុងទីក្រុង Tulkarem នៃ តំបន់ West Bank ដែលប៉ាឡេស្ទីនកាន់កាប់» «ក្រសួងសុខាភិបាលនៃតំបន់ហ្គាហ្សាបាន ព្រមានជុំវិញមហន្តរាយត្រីកោណមរណៈដែលកំពុងកើតមានសម្រាប់ប្រជាជនប៉ាឡេស្ទីន ដែលរត់ភៀសខ្លួន។ ការស្លាប់ទាំងបីមុមនោះ គឺភាពអត់ឃ្លាន, ការខ្សោះជាតិទឹក និងការផ្ទុះឆ្លងជំងឺ» និង «អ៊ីស្រាអែលបានបន្តការវាយប្រហារដោយទម្លាក់គ្រាប់បែកនៅភាគខាងត្បូង និងកណ្តាលតំបន់ហ្គាហ្សា និងក៏មានសេចក្តីរាយការណ៍ការវាយប្រហារនៅក្បែរមន្ទីរពេទ្យ Al-Aqsa ផងទៀត»។ លោក Antony Blinken បាននិយាយថា លោកនឹងជំរុញឱ្យមានការការពារ ជនស៊ីវិល និងការផ្តល់ជំនួយនៅក្នុងតំបន់ហ្គាហ្សា ខណៈការអះអាងនេះបានទន្ទឹមនឹងសេចក្តីរាយការណ៍ថា សង្គ្រាមក្នុងតំបន់ហ្គាហ្សា គិតត្រឹមថ្ងៃទី៩ មករា ឆ្នាំ២០២៣ មានពលរដ្ឋប៉ាឡេស្ទីនយ៉ាងហោច ២ម៉ឺន៣ពាន់៨៤នាក់ ត្រូវបានគេសម្លាប់ ក្នុងនោះរួមទាំងកុមារ៩ពាន់៦០០នាក់ និងមានពលរដ្ឋប្រមាណ៥ម៉ឺន៩ពាន់នាក់ដទៃទៀត បានរងរបួសក្រោយព្រឹត្តិការណ៍ថ្ងៃទី៧ តុលា ឆ្នាំ២០២៣ នោះមក។ នៅក្នុងសហរដ្ឋអាមេរិកនោះវិញ អំពើហិង្សាសម្លាប់ពលរដ្ឋប៉ាឡេស្ទីន បានធ្វើឱ្យប្រធានាធិបតី អាមេរិក លោក ចូ បៃដិន បានរងនឹងការរិះគន់នូវនយោបាយរបស់លោកដែលកាន់ជើងអ៊ីស្រាអែល។ ក្នុងឱកាសមួយដែលលោកបានស្ថិតក្នុងព្រះវិហារ Charleston ក្នុងរដ្ឋ South Carolina កាលពីថ្ងៃចន្ទ ទី៨ មករា លោកស្រាប់តែបានប្រឈមនឹងការស្រែកតវ៉ារបស់មនុស្សមួយក្រុម ខណៈដែលលោកកំពុងធ្វើសេចក្តីថ្លែងមួយ នាពេលនោះ។

ក្នុងការថ្លែងនាពេលនេះ លោកចូបៃដិនបាននិយាយអំពីការយកចិត្តទុកដាក់របស់លោកគាំទ្រ ក្រុមពលរដ្ឋអាមេរិកាំងស្បែកខ្មៅដែលរងការបាញ់ប្រហារពីក្រុមស្បែកស ជ្រុលនិយម ប៉ុន្តែ ក្នុងពេលកំពុងនិយាយនោះស្រាប់តែមានស្ត្រីម្នាក់បានស្រែកកាត់ពីខាងក្រោយមកថា «បើលោកយកចិត្តទុកដាក់នឹងជីវិតមនុស្សអញ្ចឹង លោកត្រូវតែ យកចិត្តទុកដាក់នឹងជីវិតពលរដ្ឋប៉ាឡេស្ទីនផង»។ ក្រោយសម្តីរបស់ស្ត្រីនោះ ក៏មានការស្រែកបន្ទរ Ceasefire គឺការឈប់បាញ់គ្នានៅតំបន់ហ្គាហ្សាយ៉ាងកងរំពង… ប៉ុន្តែក្រោយមកស្រាប់តែមានមនុស្សមួយក្រុមទៀត បានប្រញាប់ស្រែកបំពងដើម្បីលប់សម្លេង Ceasefire នោះវិញ។ ក្រុមទាំងនោះបានស្រែកថា Four more years មានន័យថាសូមឱ្យបោះឆ្នោតបួនឆ្នាំទៀតដល់លោក ចូ បៃដិន ក្លាយជាប្រធានាធិបតី។ លោក ចូ បៃដិន ក្រោយសម្លេងស្រែកបានបញ្ឈប់មក លោកបាននិយាយសម្រួល មកវិញថាលោកពិតជាបានយល់អំពីទឹកចិត្តអ្នកស្រែកតវ៉ាទាំងនោះ និងលោកបានបញ្ជាក់ក្នុងពេល នោះថាលោកបានធ្វើការដោយស្ងាត់ៗជាមួយនឹងមន្ត្រីអ៊ីស្រាអែល ទាំងនោះហើយដើម្បីឱ្យពួកគេបានចាកចេញពីតំបន់ហ្គាហ្សាហើយ។

នៅក្នុងតំបន់មជ្ឈិមបូព៌ានេះវិញ, រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Anthony Blinken ក្នុងបេសកកម្មតាមបទបញ្ជារបស់លោកប្រធានាធិបតី ចូ បៃដិននោះ បាន ធ្វើដំណើរមកដល់អ៊ីស្រាអែល នាល្ងាចថ្ងៃចន្ទ ទី៨ មករា បន្ទាប់ពីបានជួបពិភាក្សាជាមួយបណ្តាមេដឹកនាំប្រទេសអារ៉ាប់នានារួចមក។ ថ្លែងប្រាប់អ្នកសារព័ត៌មាន មុនការហោះសម្តៅមកប្រទេសអ៊ីស្រាអែលនោះ រដ្ឋមន្ត្រីការបរទេសអាមេរិកបាននិយាយថាលោកបានរកឃើញនូវការគាំទ្រក្នុងចំណោមបណ្តាប្រទេសនៃសម្ព័ន្ធអារ៉ាប់ ដើម្បីធ្វើឱ្យមានទំនាក់ទំនងប្រក្រតីភាពរវាងប្រទេសអារ៉ាប់ទាំងនោះជាមួយនឹងអ៊ីស្រាអែល។ លោក Anthony Blinken ក្នុងពេលឈប់សំចតក្នុងប្រទេសហ្សកដង់ និងប្រទេសកាតា បាននិយាយថា «ប្រទេសក្នុងតំបន់មានការចាប់អារម្មណ៍ថាគេត្រូវការឱ្យទំនាស់ ក្នុងតំបន់ហ្គាហ្សាត្រូវបញ្ចប់ និងការរៀបចំផ្លូវមួយសម្រាប់ឱ្យ មានបង្កើតរដ្ឋប៉ាឡេស្ទីន»

លោក Blinken បាននិយាយធានាថាសហរដ្ឋអាមេរិកច្រានចោលរាល់ការផ្លាស់ទីលំនៅដោយបង្ខំរបស់ប៉ាឡេស្ទីនចេញពីតំបន់ West Bank និងចេញពីតំបន់ Gaza និងលោកបញ្ជាក់ថា «ជនស៊ីវិលប៉ាឡេស្ទីននឹងត្រូវវិលត្រឡប់ទៅផ្ទះរបស់គេវិញបានភ្លាមៗក្នុងពេលដែលលក្ខខណ្ឌត្រូវបានអនុញ្ញាត»។ លោក Blinken នៅបានជំរុញ ឱ្យប្រទេសមូស្លីមខ្លះទៀតដែលនៅស្ទាក់ស្ទើរ ត្រូវរៀបចំខ្លួន ដើម្បីសម្តែងតួនាទីក្នុងការកសាងឡើងវិញ, ការធ្វើអភិបាលកិច្ចនិងសន្តិសុខ សម្រាប់តំបន់ហ្គាហ្សា បើទោះបីជាអ៊ីស្រាអែលប្រកាន់នូវជំហរចង់បំបាត់ក្រុមហាម៉ាសយ៉ាងណាក៏ដោយ។ លោកបានប្រាប់អ្នកយកព័ត៌មានទៀតថាសហរដ្ឋអាមេរិក គ្រោងនឹងដាក់សម្ពាធ លើមេដឹកនាំអ៊ីស្រាអែលដើម្បីឱ្យរដ្ឋាភិបាលក្រុង Tel Aviv ធ្វើជាបន្ថែមទៀតដើម្បីការការពារជនស៊ីវិលមិន ឱ្យរងគ្រោះនិងអនុញ្ញាតឱ្យមានជំនួយមនុស្សធម៌ ចូលក្នុងតំបន់ហ្គាហ្សាជាបន្ថែមទៀត៕

រូបភាពពី Reuters