(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានប្តេជ្ញាពង្រឹងឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត នូវយុទ្ធនាការបោសសម្អាតអំពើពុករលួយ នៅក្នុងវិស័យសំខាន់ៗ រួមមានដូចជាហិរញ្ញវត្ថុ ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ ជាដើម។ នេះបើតាមការផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នាថ្ងៃអង្គារ ទី៩ ខែមករា ឆ្នាំ២០២៤។

ចាប់តាំងពីឡើងកាន់អំណាចតាំងតែពីឆ្នាំ២០១២មក លោក ស៉ី បានបើកយុទ្ធនាការកណ្តាប់ដៃដែកប្រឆាំងអំពើពុករលួយ។ ក្រុមអ្នកគាំទ្រ ​បានលើកឡើងថា យុទ្ធនាការនេះមានគោលដៅលើកកម្ពស់ អភិបាលកិច្ចឱ្យមានភាពស្អាតស្អំ ខណៈក្រុមអ្នកប្រឆាំងវិញបានលើកឡើងថា វាបម្រើជាឧបករណ៍ដើម្បីឱ្យលោក ស៉ី អាចកម្ចាត់គូប្រជែងនយោបាយ។

បើតាមសេចក្តីរាយការណ៍កាលពីយប់ថ្ងៃចន្ទសប្តាហ៍នេះ របស់ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ លោក ស៉ី បានដាក់បញ្ជាឱ្យទីភ្នាក់ងារទទួលបន្ទុក​ប្រយុទ្ធប្រឆាំងអំពើពុករលួយ របស់គណបក្សកុម្មុយនិស្តចិន បង្កើនកិច្ចប្រឹងប្រែងបោសសម្អាតអំពើពុករលួយ នៅក្នុងវិស័យជាពិសេសដូចជា ហិរញ្ញវត្ថុ ថាមពល វេជ្ជសាស្រ្ត ហេដ្ឋារចនាសម្ព័ន្ធ និងសហគ្រាសដែលជាកម្មសិទ្ធិរបស់រដ្ឋ។ យោងតាមសេចក្តីរាយការណ៍ដដែល លោក ស៉ី ជីនពីង បានលើកឡើងយ៉ាងដូច្នេះថា «ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ជ័យជម្នះដ៏លើសលប់ត្រូវសម្រេចបាន ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ប៉ុន្តែស្ថានការណ៍នៅបន្ត​មានសភាពធ្ងន់ធ្ងរនិងស្មុគស្មាញ។ ដូច្នេះហើយយើងត្រូវបន្តតាមដាន ប្រកបដោយការយកចិត្តទុកដាក់ជាប់ជានិច្ច ចំពោះការវិវឌ្ឍន៍ថ្មីៗក្នុងកិច្ចប្រឹងប្រែង​ប្រយុទ្ធប្រឆាំងអំពើពុករលួយ។

គួរបញ្ជាក់ថា យោងតាមតួលេខផ្លូវការចុងក្រោយបង្អស់ កាលពីខែមិថុនា ឆ្នាំ២០២២ មន្រ្តីបក្សកុម្មុយនិស្តចិនសរុបប្រហែល៤.៨លាននាក់ ត្រូវបានស៉ើបអង្កេតតាំងតែពីឆ្នាំ ២០១២មក។ ក្នុងចំណោមនោះ ជាង១.៥លាននាក់ ត្រូវបានដាក់ពិន័យ ដែលមានចាប់ពី ការផ្តន្ទាទោសឱ្យ​ជាប់ពន្ធនាគាររយៈពេលវែងៗ រហូតដល់ដកតួនាទី បន្ទាបឋានៈ ហើយនិងបណ្តេញចេញពីបក្ស៕

រូបភាពពី AFP