(ឡាអេ)៖ អ៉ីស្រាអែល និងអាហ្វ្រិកខាងត្បូង នឹងត្រូវតតាំងគ្នានៅឯតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បន្ទាប់ពី ទីក្រុងព្រីតូរីយ៉ា ប្តឹងចោទប្រកាន់អ៉ីស្រាអែលថាបានប្រព្រឹត្តសកម្មភាពប្រល័យពូជសាសន៍ នៅតំបន់ហ្កាហ្សា ជាការចោទប្រកាន់ដែលត្រូវបាន អ៉ីសា្រអែលបដិសេធ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៩ ខែមករា ឆ្នាំ២០២៤។

នៅក្នុងឯកសារកម្រាស់ ៨៤ទំព័រដាក់ជូន ICJ អាហ្វ្រិកខាងត្បូងបានទទូចដល់ចៅក្រមចេញបញ្ជាឲ្យអ៉ីស្រាអែល «ផ្អាកប្រតិបត្តិការយោធារបស់ខ្លួន ជាបន្ទាន់» នៅតំបន់ហ្កាហ្សា។ អាហ្រ្វិកខាងត្បូងចោទថាអ៉ីស្រាអែល «បាន និងកំពុងចូលរួម ហើយបង្កហានិភ័យថែមទៀតនៃអំពើ ប្រល័យពូជសាសន៍ ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា»

ជុំវិញការចោទប្រកាន់នេះ អ៉ីស្រាអែលបានវាយបកវិញយ៉ាងខឹងសម្បារ ដោយអ្នកនាំពាក្យរដ្ឋាភិបាល លោក Eylon Levy ប្តេជ្ញាប្រឆាំងនឹងបណ្តឹង របស់អាហ្វ្រិកខាងត្បូង ហើយចាត់ទុកថាជា «ការប្រឆាំងនឹងអ៉ីស្រាអែលដោយមិនសមហេតុផល»។ នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu បានបញ្ជាក់ប្រាប់អាហ្រ្វិកខាងត្បូង ថាអ៉ីស្រាអែល មិនពាក់ព័ន្ធនឹងអំពើប្រល័យពូជសាសន៍ឡើយ តែគឺជាក្រុមហាម៉ាសទៅវិញទេ។

គួរបញ្ជាក់ថា ក្រុមមន្រ្តីកំពូលៗមកពីប្រទេសទាំងពីរ នឹងត្រូវតទល់គ្នានៅឯសាលដ៏ធំរបស់ ICJ ក្នុងទីក្រុងឡាអេ នៃប្រទេសហូឡង់។ ឆ្លើយតបនឹង ការវាយឆ្មក់របស់ក្រុមហាម៉ាស់លើទឹកដីអ៉ីស្រាអែលសម្លាប់មនុស្ស ១,១៤០នាក់ កាលពីថ្ងៃទី៧ ខែតុលា អ៉ីស្រាអែលបានសងសឹកដោយសម្លាប់ មនុស្សយ៉ាងហោចណាស់ ២២,៧២២នាក់ នៅតំបន់ហ្កាហ្សា ដែលបើតាមអាជ្ញាធរប៉ាឡេស្ទីននៅតំបន់នោះថា ភាគច្រើនគឺជាជនស៉ីវិល៕

រូបភាពពី AFP