(ហ្សេរុយសាឡឹម)៖ អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែល បាននិយាយនៅថ្ងៃអង្គារ ទី០២ ខែមករា ថា អ៊ីស្រាអែលនឹងបង្ហាញខ្លួននៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ ដើម្បីប្រឈមនឹងការចោទប្រកាន់របស់ប្រទេសអាហ្រ្វិកខាងត្បូង ពីបទប្រល័យពូជសាសន៍ ជុំវិញសង្រ្គាមជាមួយក្រុមហាម៉ាស នៅតំបន់ហ្គាហ្សា។ នៅបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤។

កាលពីថ្ងៃសុក្រកន្លងទៅ អាហ្រ្វិកខាងត្បូងបានស្នើសុំតុលាការយុត្តិធម៌អន្តរជាតិ​ (ICJ) ដើម្បីចេញដីកាបន្ទាន់មួយដោយប្រកាសថា អ៊ីស្រាអែលកំពុងរំលោភលើកាតព្វកិច្ចរបស់ខ្លួន ក្រោមអនុសញ្ញាប្រល័យពូជសាសន៍ឆ្នាំ ១៩៤៨ នៅក្នុងយុទ្ធនាការយោធារបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស។

អ្នកនាំពាក្យ លោក Elon Levy បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានតាមអនឡាញដូច្នេះថា «រដ្ឋអ៊ីស្រាអែលនឹងបង្ហាញខ្លួន នៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុងឡាអេ ដើម្បីលុបបំបាត់ការប្រមាថដ៏គួរឱ្យអស់សំណើចរបស់អាហ្វ្រិកខាងត្បូង»។ លោកបានបន្ថែមថា «យើងធានាមេដឹកនាំនៃប្រទេសអាហ្វ្រិកខាងត្បូងថា ប្រវត្តិសាស្ត្រនឹងវិនិច្ឆ័យអ្នក ហើយវានឹងវិនិច្ឆ័យអ្នកដោយគ្មានមេត្តា»

តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលជួនកាលគេហៅថា តុលាការពិភពលោក គឺជាកន្លែងរបស់អង្គការសហប្រជាជាតិ សម្រាប់ដោះស្រាយជម្លោះរវាងរដ្ឋនានា។ ក្រសួង​ការ​បរទេស​អ៊ីស្រាអែល​បាន​និយាយ​ថា​ ពាក្យ​បណ្ដឹងរបស់អាហ្រ្វិកខាងត្បូងថា​ «គ្មាន​មូលដ្ឋាន»

គួរបញ្ជាក់ថា កន្លងមក អ៊ីស្រាអែលបានធ្វើពហិការលើដំណើរការផ្លូវច្បាប់ប្រឆាំងនឹងខ្លួន នៅក្នុងតុលាការអង្គការសហប្រជាជាតិ ដោយអះអាងថាសាលាក្តីនេះខ្វះយុត្តាធិការ។ អ៊ីស្រាអែលមិនចូលរួមក្នុងដំណើរការផ្លូវច្បាប់ឆ្នាំ ២០០៤ របស់តុលារ ICJ ទេ ដែលបានចេញជាមតិយោបល់ស្តីអំពីភាពស្របច្បាប់ នៃជញ្ជាំងសន្តិសុខនៅ West Bank។
ហើយអ៊ីស្រាអែលក៏មិនមានបំណងចូលរួម ក្នុងដំណើរការរបស់ តុលារ ICJ ដើម្បីចេញមតិយោបល់លើស្ថានភាពផ្លូវច្បាប់ នៃ «ការកាន់កាប់» របស់អ៊ីស្រាអែលនៅតំបន់ West Bank, ហ្គាហ្សា និង Jerusalem ខាងកើតនោះដែរ។

សង្គ្រាមហ្គាហ្សា​ត្រូវ​បាន​បង្ក​ឡើង ​ដោយ​ការ​វាយ​ប្រហារ​ឆ្លង​ព្រំដែន​កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ដោយ​ក្រុម​សកម្មប្រយុទ្ធ​ហាម៉ាស ដែល​អ៊ីស្រាអែល​បាន​និយាយ​ថា ​បាន​សម្លាប់​មនុស្ស ១,២០០​នាក់។ ដោយឡែក មន្ត្រីសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា អ៊ីស្រាអែលបានឆ្លើយតបជាមួយ នឹងការវាយប្រហារតាមផ្លូវអាកាស និងផ្លូវគោកដែលបានសម្លាប់មនុស្សជាង ២២,០០០ នាក់៕

រូបភាពពី Reuters