(តៃប៉ិ)៖ ប្រជាជនតៃវ៉ាន់នឹងត្រូវជ្រើសរើសមេដឹកនាំថ្មីរបស់ពួកគេ និងសមាជិកតំណាងរាស្ត្រ នៅពេលដែលពួកគេធ្វើដំណើរទៅកាន់ការិយាល័យបោះឆ្នោត នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ហើយលទ្ធផលនៃការបោះឆ្នោតសកលនេះដែរ ត្រូវបានក្រុមអ្នកជំនាញនិយាយថានឹងកំណត់ទិសដៅទំនាក់ទំនងរវាង ត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ និងរវាងសហរដ្ឋអាមេរិក និងចិន ប៉ុន្មានឆ្នាំទៅមុខទៀត។ ផ្ទុយពីការបោះឆ្នោតកាលពីអាណត្តិមុនដែលផ្តោតលើ ការប្រកួតប្រជែងរវាងបេក្ខជនមកពីគណបក្សធំៗចំនួន២ ការបោះឆ្នោតសកលតៃវ៉ាន់នៅលើនេះគឺជាការប្រកួតប្រជែងរវាងបេក្ខជនមេដឹកនាំ៣រូប ដូចជា៖

លោក Lai Ching-te ឬគេស្គាល់ថា William Lai ជាបេក្ខជនមេដឹកនាំតៃវ៉ាន់មកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ដែលជាបក្សកាន់អំណាច តៃវ៉ាន់សព្វថ្ងៃរបស់លោកស្រី សៃ អ៉ីងវិន។ លោក Hou Yu-ih ជាបេក្ខជនមេដឹកនាំតៃវ៉ាន់មកពីគណបក្ស Kuomintang (KMT) ជាគណបក្សប្រឆាំងធំបំផុត នៅតៃវ៉ាន់។ ចំណែក បេក្ខជនទី៣ គឺលោក Ko Wen-je មកពីគណបក្សប្រជាជនតៃវ៉ាន់ (TPP)។ Kuomintang ជាគណបក្សមានទំនាក់ទំនងជិតស្និទ្ធ ជាមួយចិន រីឯគណបក្សប្រជាជនតៃវ៉ាន់ដែលទើបតែបង្កើតថ្មីបានអះអាងថាខ្លួនមានជំហរនៅកណ្ដាល និងស្វាគមន៍កិច្ចសន្ទនាមួយចំនួនជាមួយ ទីក្រុងប៉េកាំង។

* តើការបោះឆ្នោតសកលតៃវ៉ាន់ដំណើរការដូចម្ដេច?
នៅថ្ងៃទី១៣ ខែមករា ប្រជាជនតៃវ៉ាន់មានសិទ្ធិបោះឆ្នោត ១៩.៥លាននាក់ ដែលក្នុងនោះមាន១លាននាក់ជាអ្នកបោះឆ្នោតថ្មីជាលើកដំបូង នឹងត្រូវទម្លាក់ សន្លឹកឆ្នោតរបស់ពួកគេដើម្បីជ្រើសរើសមេដឹកនាំថ្មី (ប្រធានាធិបតី) និងមេដឹកនាំរង (អនុប្រធានាធិបតី) ដោយផ្ទាល់។ នៅតៃវ៉ាន់ ប្រជាជនត្រូវមានអាយុ យ៉ាងតិច ២០ឆ្នាំ ទើបអាចមានសិទ្ធិបោះឆ្នោត ខណៈអ្នកអវត្តមាន ឬការបោះឆ្នោតមុនកាលកំណត់មិនត្រូវបានអនុញ្ញាតឡើយ។ សា្ថនីយបោះឆ្នោតនឹងត្រូវ បើកទ្វារ ចាប់ម៉ោង ៨ព្រឹក រហូតដល់ ៤រសៀល ហើយលទ្ធផលនឹងត្រូវចេញផ្សាយបណ្ដើរៗនៅយប់ម៉ោង ៨ ក្នុងថ្ងៃបោះឆ្នោត។ នេះបើតាមបទពិសោធន៍ រៀបចំការបោះឆ្នោតកន្លងមក។ មេដឹកនាំថ្មីរបស់តៃវ៉ាន់នឹងត្រូវស្បថចូលកាន់តំណែងនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។

* ​តើនឹងមានអ្វីផ្សេងកើតឡើងក្នុងថ្ងៃបោះឆ្នោត?
ក្រៅតែពីបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី អ្នកបោះឆ្នោតក៏នឹងត្រូវបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នៃសភាតំណាងរាស្ត្រតែមួយគត់របស់តៃវ៉ាន់ផងដែរ តាមរយៈការទម្លាក់សន្លឹកឆ្នោត ២សន្លឹកចូលក្នុងហិបឆ្នោត។ សន្លឹកឆ្នោតមួយបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រប្រចាំតំបន់របស់ពួកគេ រីឯសន្លឹកឆ្នោត មួយទៀតគឺបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រឈរឈ្មោះឱ្យគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនីមួយៗ ដែលនឹងកំណត់ថាតើគណបក្សណាមួយ នឹងទទួលបានអាសនៈច្រើនជាងគេ។ នៅតៃវ៉ាន់ សភាមានតែមួយគត់គឺសភាតំណាងរាស្ត្រដែលមាន ១១៣អាសនៈ ហើយសព្វថ្ងៃ គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ ឬ DPP ក្ដាប់លើស ៦០អាសនៈ ខណៈគណបក្ស Kuomintang កាន់កាប់ក្រោម ៤០អាសនៈ។

នៅថ្ងៃបោះឆ្នោតប្រសិនបើគ្មានគណបក្សនយោបាយណាមួយទទួលបានអាសន​ៈយ៉ាងហោច ៥៧កៅអីទេ នោះមេដឹកនាំតៃវ៉ាន់ថ្មីនឹងត្រូវជួបផលលំបាក ក្នុងការអនុម័តច្បាប់ ឬកញ្ចប់ថវិកានានា។ តំណាងរាស្ត្រថ្មីនឹងចាប់ផ្ដើមអាណត្តិរបស់ពួកគេចាប់ពីខែកុម្ភៈតទៅ ដែលនេះមានន័យថាមេដឹកនាំចាំផ្ទះ លោកស្រី សៃ អ៉ីងវិន (មេដឹកនាំតៃវ៉ាន់អាចឈរឈ្មោះបានតែ ២អាណត្តិប៉ុណ្ណោះ និងមួយអាណត្តិមានរយៈពេល៤ឆ្នាំ) នឹងចាំបាច់ត្រូវធ្វើការជាមួយ សភាតំណាងរាស្ត្រថ្មី នៅប៉ុន្មានខែចុងក្រោយនៃអាណត្តិរបស់លោកស្រី។

* តើសហរដ្ឋអាមេរិក និងចិននិយាយអ្វីខ្លះពីការបោះឆ្នោតសកលតៃវ៉ាន់?
ក្រុមមន្ត្រីអាមេរិកដែលទទួលបន្ទុកលើកិច្ចការទំនាក់ទំនងជាមួយតៃវ៉ាន់ បានលើកឡើងម្ដងហើយម្ដងទៀតថាទីក្រុងវ៉ាស៊ីនតោនមិនមានចំណាប់អារម្មណ៍ ឬចង់ឱ្យបេក្ខជនណាម្នាក់ឈ្នះនៅក្នុងការបោះឆ្នោតតៃវ៉ាន់ទេ ហើយថានឹងគោរពតាមការសម្រេចចិត្តរបស់អ្នកបោះឆ្នោត។ ប៉ុន្តែទោះមិននិយាយក៏ដោយ ក៏គេដឹងដែរថាអាមេរិកចង់ឱ្យមនុស្សដែលមានជំហរមិនចុះញ៉មជាមួយចិនឡើងកាន់អំណាចនៅតៃវ៉ាន់ ជំនួសលោកស្រី សៃ អ៉ីងវិន ដែលកន្លងមក បានប្រកាន់ជំហរបែបនេះ។ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក នៅក្នុងជំនួបជាមួយលោក ស៊ី ជីនពីងកាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៣ បានបញ្ជាក់ឡើងវិញថារដ្ឋាភិបាលរបស់លោកប្រឆាំងជំទាស់នឹងរាល់ការប៉ុនប៉ងរបស់ចិន ដើម្បីមានឥទ្ធិពលលើការសម្រេចចិត្តរបស់ប្រជាជនតៃវ៉ាន់។

ចំណែកឯ ចិនវិញ ចិនបាននិយាយដោយឥតលាក់លៀមពីការបោះឆ្នោតសកលតៃវ៉ាន់។ ទីក្រុងប៉េកាំងចាត់ទុកតៃវ៉ាន់ត្រឹមជាខេត្តមួយរបស់ខ្លួនតែប៉ុណ្ណោះ និងបានព្រមានជារឿយៗថាការបង្រួបបង្រួមជាមួយតៃវ៉ាន់ ជារឿងចៀសមិនរួច ហើយនឹងប្រើកម្លាំងយោធាដើម្បីសម្រេចកិច្ចការមួយនេះ នៅក្នុងករណី ចាំបាច់។ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ការិយាល័យចិនទទួលបន្ទុកកិច្ចការតៃវ៉ាន់បានជំរុញត្រង់ៗឱ្យប្រជាជនតៃវ៉ាន់ប្រឆាំងនឹង «ឯករាជ្យភាព» និងធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវនៅពេលត្រូវប្រឈមមុខរវាងសង្រ្គាម និងសន្តិភាព ឬក៏រវាងវិបត្តិសេដ្ឋកិច្ច និងភាពរុងរឿង។ បន្ថែមពីលើនេះ លោក Liu Pengyu ជាអ្នកនាំពាក្យម្នាក់របស់ស្ថានទូតចិនប្រចាំសហរដ្ឋអាមេរិក ក៏បានព្រមានដែរថាលទ្ធផលនៃការបោះឆ្នោតនៅខែមករា អាចនឹងជះឥទ្ធិពលដល់ ទំនាក់ទំនងរបស់ទីក្រុងប៉េកាំង ជាមួយសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា លទ្ធផលនៃការបោះឆ្នោតសកលតៃវ៉ាន់ ត្រូវបានក្រុមអ្នកជំនាញនិយាយថានឹងកំណត់ទិសដៅទំនាក់ទំនងទាំងរវាងត្រើយទាំងសងខាង ច្រកសមុទ្រតៃវ៉ាន់ និងរវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់ នៅប៉ុន្មានឆ្នាំទៅមុខទៀត។ ពោល បើគណបក្ស DPP នៅតែបន្តកាន់អំណាច នោះសហរដ្ឋអាមេរិក អាចនឹងរក្សាបាននូវដៃគូដែលមានឆន្ទៈម្នាក់ក្នុងការកិច្ចប្រឹងប្រែងរបស់ខ្លួនប្រឆាំងនឹងឥទ្ធិពលចិន តែព្រមពេលជាមួយគ្នា នឹងបង្កភាពតានតឹងជាមួយ រដ្ឋាភិបាលរបស់លោក ស៊ី ជីនពីង។ មួយវិញទៀត បើជ័យជម្នះបានទៅលើគណបក្សផ្សេងវិញ នោះវាអាចនឹងនាំទៅរកភាពធូរសា្រល ឬការបន្ធូរបន្ថយ ភាពតានតឹងក្នុងទំនាក់ទំនងជាមួយទីក្រុងប៉េកាំងបានមួយរយៈ។

ក្នុងន័យនេះ គណបក្ស Kuomintang (KMT) គឺជាដៃគូចរចាជាទីពេញចិត្តរបស់ចិន ហើយទាំងលោក Hou Yu-ih ជាបេក្ខជនមេដឹកនាំតៃវ៉ាន់មកពី គណបក្ស KMT និងលោក Ko Wen-je មកពីគណបក្សប្រជាជនតៃវ៉ាន់ (TPP) សុទ្ធតែបានលើកឡើងដូចគ្នាថាមានផែនការចាប់ផ្ដើមកិច្ចចរចាឡើងវិញ ជាមួយចិន។ គណបក្ស DPP បានអះអាងថាខ្លួនជាគណបក្សនយោបាយតែមួយគត់ដែលមានសមត្ថភាពទប់ទល់នឹងចិន ប៉ុន្តែគ្រប់បេក្ខជនមេដឹកនាំតៃវ៉ាន់ ទាំងអស់សុទ្ធតែដឹងថាប្រជាជនតៃវ៉ាន់ភាគច្រើននៅតែពេញចិត្ត «ស្ថានភាពដើមសព្វថ្ងៃ»​ ជាជាងការបង្រួបបង្រួមជាមួយចិន ឬក៏ការប្រកាសឯករាជ្យ ជាផ្លូវការ។ ស្ថានភាពដើមនៅត្រង់នេះ គឺចង់សំដៅថា «តៃវ៉ាន់មិនប្រកាសឯករាជ្យ តែក៏មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចិននោះដែរ» ដូចគ្នាទៅនឹង លោកស្រី សៃ ធ្លាប់អះអាងថាតៃវ៉ាន់មានឯករាជ្យភាពពីចិន រួចទៅហើយដោយមិនចាំបាច់ប្រកាសឯករាជ្យនោះទេ៕