(ហ្សេរុយសាឡឹម)៖ យោធាអ៊ីស្រាអែលបាននិយាយនៅថ្ងៃអង្គារ (២ មករា) ថា កងកម្លាំងរបស់ខ្លួនបានសម្លាប់សកម្មជនរាប់សិបនាក់នៅភាគខាងជើងហ្គាហ្សាស្ទ្រីប ក្នុងរយៈពេលមួយថ្ងៃកន្លងមក ខណៈដែលយន្តហោះ និងរថក្រោះរបស់ខ្លួនបានបង្កើនការវាយប្រហារ នៅតំបន់ភាគខាងត្បូង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤។

កងទ័ពអ៊ីស្រាអែលបាននិយាយ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់ខ្លួនថា កងកម្លាំងរបស់ខ្លួនបានកំណត់គោលដៅលើសកម្មជន នៅទីក្រុងហ្គាហ្សាភាគខាងជើង និងនៅក្នុងទីតាំងដែលមិនបានបញ្ជាក់នៅតាមឆ្នេរសមុទ្រមេឌីទែរ៉ាណេកាលពីថ្ងៃមុន។

របាយការណ៍បានលើកឡើងដូច្នេះថា «នៅក្នុងតំបន់ Jabaliya កងទ័ពបានសម្លាប់ភេរវកររាប់សិបនាក់ ក្នុងចំណោមពួកគេរួមមានទាំងអ្នកដែលព្យាយាមបង្កប់គ្រឿងផ្ទុះ អ្នកប្រតិបត្តិការយន្តហោះគ្មានមនុស្សបើក និងភេរវករប្រដាប់អាវុធដែលបើកឡានឆ្ពោះទៅរកកងទ័ព»

យោធាអ៊ីស្រាអែលបានគូសបញ្ជាក់ទៀតថា «កងកម្លាំងក៏បានរឹបអូសអាវុធ និងរុះរើគ្រាប់រ៉ុក្កែតនៅតំបន់ Khan Yunis ភាគខាងត្បូងនៃប្រទេស និងនៅសាលាអង្គការសហប្រជាជាតិនៅទីក្រុង Bureij ផងដែរ»

អ្នកស្រុកបាននិយាយថា ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាក៏កំពុងកើតឡើង នៅក្នុងតំបន់ៅភាគកណ្តាលផងដែរ ដោយលើកឡើងពីការបាញ់ផ្លោងរថក្រោះរបស់អ៊ីស្រាអែល ទៅលើផ្នែកខ្លះនៃជំរុំជនភៀសខ្លួន Bureij ។

ក្រសួងសុខាភិបាលហ្គាហ្សាបាននិយាយថា ជនជាតិប៉ាឡេស្ទីនប្រហែល ២០៧ នាក់ទៀតត្រូវបានសម្លាប់ និង ៣៣៨ នាក់បានរងរបួសក្នុងអំឡុងពេល ២៤ ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនអ្នកស្លាប់ប៉ាឡេស្ទីនសរុប ដែលបានចុះបញ្ជីកើនឡើងដល់ជាង ២២,០០០នាក់ ក្នុងអំឡុងពេលជិតបីខែ នៃសង្រ្គាមនៅក្នុងរង្វង់ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់។

ការប្រយុទ្ធគ្នាចុងក្រោយបំផុតនេះបានកើតឡើង បន្ទាប់ពីអ៊ីស្រាអែលបានប្រកាសពីផែនការដកកងកម្លាំងរបស់ខ្លួនមួយចំនួន ដែលជាដំណាក់កាលថ្មីមួយនៅក្នុងសង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាស ចំពេលមានការព្រួយបារម្ភជាសកល លើស្ថានភាពរបស់អ្នកស្រុកនៅតំបន់ហ្គាហ្សា។

ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល បានធ្វើឱ្យទឹកដីភាគច្រើននៃតំបន់ហ្គាហ្សាប្រែក្លាយទៅជាគំនរបាក់បែក និងបានទម្លាក់ប្រជាជនប្រមាណ ២.៣ លាននាក់ ចូលទៅក្នុងមហន្តរាយមនុស្សធម៌ដែលមនុស្សជាច្រើន ត្រូវបានទុកចោល និងគម្រាមកំហែងនឹងភាពអត់ឃ្លាន ដោយសារតែខ្វះការផ្គត់ផ្គង់ស្បៀងអាហារ។ មន្ត្រី​អ៊ីស្រាអែល​និយាយ​ថា ការ​វាយ​ប្រហារ​នេះ​មាន​រយៈ​ពេល​ជា​ច្រើន​ខែ​ទៀត៕

រូបភាពពី Reuters

រូបភាពពី AFP