(តូក្យូ)៖ អាជ្ញាធរជប៉ុនបានឱ្យដឹងនៅរសៀលថ្ងៃអង្គារនេះថា តួលេខអ្នកស្លាប់បានបន្តកើនដល់ ៤៨នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិតធ្ងន់ បានវាយប្រហារចំ​តំបន់ភាគកណ្តាលប្រទេសជប៉ុន កាលពីមួយថ្ងៃមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFPនាថ្ងៃអង្គារ ទី២ ខែមករា ឆ្នាំ២០២៤។

បន្ទាប់ពីអគារជាច្រើនបានដួលរលំ បូករួមជាមួយអគ្គិភ័យដែលបង្កឡើងក្រោយគ្រោះរញ្ជួយដី ខេត្ត Ishikawa ដែលទទួលរងគ្រោះខ្លាំងក្លាជាងគេ បានមើលឃើញ មនុស្សស្លាប់កើនដល់យ៉ាងហោច៤៨នាក់។ ទន្ទឹមគ្នានេះ ក៏មានសេចក្តីរាយការណ៍ពីការខូចខាតឬរលំអគារ ព្រមទាំងមនុស្សរងរបួស និងអ្នកជាប់ក្រោមគំនរបាក់បែក នៅតាមខេត្តដទៃទៀតផងដែរ ដូចជា Niigata, Toyama, Fukui និង Gifu។ កងកម្លាំងស្វ័យការពារ ត្រូវបានចល័តទៅកាន់តំបន់រងគ្រោះ ខណៈរដ្ឋាភិបាលជប៉ុន បានសន្យាបន្តផ្តល់ជំនួយបន្ថែមទៀត។

គួរបញ្ជាក់ថា គ្រោះរញ្ជួយដីខ្លាំងៗបន្តបន្ទាប់គ្នា ក្នុងនោះរួមមានទាំងកម្រិត៧.៦រ៉ិចទ័រ បានវាយប្រហារជប៉ុន កាលពីថ្ងៃចន្ទសប្តាហ៍នេះ។ គិតចាប់តាំងពីពេលនោះ ជប៉ុនបានកត់ត្រាការកើតមានរំញ័រ សរុបយ៉ាងហោច១៥៥លើក។ អាជ្ញាធរជប៉ុន ក៏បានប្រកាសអាសន្នពីរលកស៊ូណាមិ​ផងដែរ ប៉ុន្តែនៅព្រឹកថ្ងៃអង្គារនេះ បានសម្រេចដកការប្រកាសអាសន្ននោះចេញវិញ៕

រូបភាពពី AFP