(ស៉ីដនី)៖ ភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់ភ្លាមៗនៅពាសពេញផ្នែកភាគខាងកើតប្រទេសអូស្ត្រាលី នៅថ្ងៃអង្គារនេះ ដោយទឹកបានជន់លិចផ្លូវ កាត់ផ្តាច់ទីក្រុង បំផ្លាញទ្រព្យសម្បត្តិ ខណៈអាជ្ញាធរបានណែនាំដល់អ្នកស្រុកនៅតំបន់ទំនាប ឲ្យផ្លាស់ទៅកាន់ទីទួលខ្ពស់មានសុវត្ថិភាព។ នេះបើយោងតាមការចាញផ្សាយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២ ខែមករា ឆ្នាំ២០២៤។

តំបន់ជាច្រើននៅទូទាំងភាគអាគ្នេយ៍នៃរដ្ឋ Queensland និងភាគខាងជើងនៃរដ្ឋ New South Wales បានជួបប្រទះនូវភ្លៀងធ្លាក់ខ្លាំង ក្នុងរយៈពេល ២ខែចុងក្រោយនេះ។ តំបន់ Springbrook ក្នុងរដ្ឋ Queensland បានទទួលការភ្លៀងធ្លាក់កម្រិត ៥១៥មីលីម៉ែត្រ ក្នុងរយៈពេល ៤៨ម៉ោងចុងក្រោយ ដែលច្រើនជាងទ្វេដង ធៀបនឹងកម្រិតជាមធ្យមប្រចាំខែមករា។ រីឯនៅរដ្ឋ New South Wales ស្ថិតនៅជាប់គ្នានោះ មនុស្សជាច្រើនត្រូវបានជួយសង្គ្រោះពីកន្លែងបោះជំរំ ដែលជាធម្មតាមានមនុស្សច្រើនអំឡុងថ្ងៃសម្រាកចុងសប្តាហ៍។

អភិបាលរងនៃរដ្ឋ Queensland លោក Cameron Dick បានជំរុញដល់ប្រជាជនចៀសវាងធ្វើដំណើរនៅលើផ្លូវ រហូតដល់ស្ថានភាពអាកាសធាតុធូរស្រាលវិញ។ បើតាមការព្រមានរបស់ការិយាល័យឧតុនិយម ភ្លៀងធ្លាក់កម្រិត ៣៥០មីលីម៉ែត្រ ត្រូវបានព្យាករក្នុងរយៈពេល ២៤ម៉ោងបន្ទាប់ ហើយឥទ្ធិពលនៃអាកាសធាតុបែបនេះ នឹងគ្របដណ្តប់លើចម្ងាយជាង ២៥០គីឡូម៉ែត្រ កាត់តាមតំបន់ Wide Bay Burnett និងភាគអាគ្នេយ៍នៃរដ្ឋ Queensland។

គួរបញ្ជាក់ថា បាតុភូតអាកាសធាតុ El Nino ដែលអាចបង្កជាភ្លើងឆេះព្រៃ ព្យុះស៊ីក្លូន និងគ្រោះរាំងស្ងួតរយៈពេលវែង ក៏កំពុងជះឥទ្ធិពលដល់ប្រទេសអូស្រ្តាលីផងដែរ នៅក្នុងរដូវក្តៅ ចាប់ពីខែធ្នូ ដល់ខែកុម្ភៈ៕

រូបភាពពី Reuters