(តូក្យូ)៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿង របស់អាកាសចរណ៍ Japan Airlines ត្រូវបានភ្លើងឆាបឆេះ អំលុងពេលចុះចត នៅអាកាសយានដ្ឋាន Haneda នៃទីក្រុងតូក្យូ នាយប់ថ្ងៃអង្គារ ទី២ ខែមករា ឆ្នាំ២០២៤នេះ យ៉ាងណាមិញ អ្នកដំណើរទាំង៣៦៧នាក់ ត្រូវបានជម្លៀសចេញពីក្នុងយន្តហោះដោយសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

យោងតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន NHK យន្តហោះដឹកអ្នកដំណើរខាងលើ ទំនងជាបានប៉ះទង្គិចគ្នា ជាមួយយន្តហោះមួយគ្រឿងទៀត ដែលជាសកម្មសិទ្ធរបស់​កងឆ្មាំសមុទ្រជប៉ុន អំលុងពេលចុះចតនោះ។ អ្នកនាំពាក្យអាកាសចរណ៍ Japan Airlines បានឱ្យដឹងថា យន្តហោះនោះចេញដំណើរ​មកពីអាកាសយានដ្ឋាន Shin-Chitose លើកោះ Hokkaido ហើយផ្ទុកអ្នកដំណើរជាង៣០០នាក់។ ក្រោយមក NHK បានរាយការណ៍ថា អ្នកដំណើរសរុប៣៦៧នាក់ ដែលស្ថិតលើនោះ ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព។

គួរបញ្ជាក់ថា ក្រុមពន្លត់អគ្គិភ័យប្រចាំអាកាសយានដ្ឋាន Haneda បានឆ្លើយតបយ៉ាងឆាប់រហ័ស ដើម្បីប្រញាប់ប្រញាល់ពន្លត់ភ្លើង ដែលបានឆាបឆេះយន្តហោះ៕

រូបភាពពី NHK