(ប៉េកាំង)៖ ឆ្នាំ២០២៣ ទើបបិទបញ្ចប់បានរំលេចយ៉ាងច្បាស់ពី កិច្ចខិតខំប្រឹងតស៊ូរបស់ប្រជាជនចិន ដែលបានធ្វើដំណើរទៅមុខយ៉ាងអង់អាចក្លាហាន ឆ្លងកាត់ព្យុះភ្លៀង ហើយទទួលបានសមិទ្ធផលជាផ្លែផ្កាយ៉ាងច្រើន រួមមានយន្តហោះខ្នាតយក្ស C919 ដែលបានសម្រេចការហោះហើរខាងពាណិជ្ជកម្ម នាវាទេសចរណ៍ធុនធំដែលផលិតក្នុងប្រទេសចិន បានសម្រេចការសាកល្បងធ្វើនាវាចរណ៍ យានអវកាសស៊េរី Shenzhou ត្រូវបានបាញ់បង្ហោះទៅទីអវកាសជាបន្តបន្ទាប់ នាវាមុជទឹក Fendouzhe បានមុជចុះក្នុងជម្រៅទឹកជ្រៅបំផុត។ ក្នុងន័យនេះ ប្រវត្តិសាស្ត្រគឺជាកញ្ចក់ឆ្លុះមុខ ពោលគឺមានតែតាមរយៈការទទួលយក មេរៀនពីប្រវត្ដិសាស្ដ្រនោះទេ ទើបអាចឲ្យពិភពលោកជៀសផុត ពីការកើតឡើងសារជាថ្មីនូវទុក្ខលំបាក កាលពីអតីតកាលបាន។ ប្រទេសចិនតែងសម្លឹងមើលប្រវត្ដិសាស្ដ្រ ដោយភាពស្ញប់ស្ញែង និងតាមរយៈការមើលគ្រប់ជ្រុងជ្រោយ នូវមនសិការរបស់មនុស្សជាតិ។ ជាការពិតដែលថា អតីតកាលមិនអាចត្រូវបានផ្លាស់ប្តូរនោះឡើយ ប្រទេសចិនតែងអាចរៀបចំអនាគតថ្មីប្រកបដោយ វឌ្ឍនភាពក្រោមស្មារតីខំប្រឹងតស៊ូ ដែលជាលទ្ធផលនៅក្នុងប្រទេសចិន ទីណាៗក៏សុទ្ធតែពោរពេញទៅដោយការច្នៃប្រឌិតថ្មី។ ជាក់ស្តែង ម៉ាកផលិតផលល្បីៗ «Made In China» របស់ប្រទេសចិនដែលទទួលបាន ការពេញនិយមកាន់តែច្រើនឡើងៗ ដូចជាទូរស័ព្ទដៃ រថយន្តដែលប្រើប្រាស់ថាមពលស្អាត អាគុយលីចូម ជាដើម។

ឆ្នាំ២០២៣ដែលទើបបិទបញ្ចប់ ប្រទេសចិនបានលាតត្រដាងពីការបន្តវេន និងផ្សព្វផ្សាយនូវអរិយធម៌អេកូឡូស៊ី ដែលជាសុខដុមនីយកម្មរវាងមនុស្ស និងធម្មជាតិដូចទៅនឹងស្ថានភាពជាក់ស្តែងនៃជីវភាពរស់នៅ របស់ប្រជាជនចិនស្ថិត ក្នុងបរិបទនៃកាបូនទាប បានក្លាយទៅជារបៀបរស់នៅដ៏ទាន់សម័យជាបណ្តើរៗ ដូចទៅនឹងការប្តេជ្ញាចិត្តរបស់ទស្សនាវដ្តី «Qiushi» លេខ១ ដែលនឹងបោះពុម្ពផ្សាយនៅទី១នៃឆ្នាំ២០២៤ ស្តីពី«ជំរុញដោយគ្រប់ជ្រុងជ្រោយ នូវការធ្វើទំនើបកម្មនៃការរួមរស់នៅ ដោយសុខដុមរមនារវាងមនុស្សនិងធម្មជាតិ តាមរយៈការកសាងប្រទេសចិនដ៏ស្រស់ស្អាត» ដោយដកស្រង់សុន្ទរកថាមួយផ្នែករបស់ លោកប្រធានរដ្ឋចិនកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។ នេះជាការបញ្ជាក់ថា បរិយាកាសរស់នៅប្រកបដោយគំរូភាពបៃតង របស់ប្រជាជនចិនបានក្លាយជាគំរូភាពនៃភាពកក់ក្តៅ និងភាពមមាញឹកក្នុងការស្តារឡើងវិញបានបង្ហាញពី ការស្វែងរកភាពល្អបវរ និងសុភមង្គលរបស់មនុស្សគ្រប់រូប ហើយក៏បានបង្ហាញពីប្រទេសចិនដែលប្រកបដោយ ភាពរស់រវើកនិងកម្លាំងចលករផងដែរ។ បន្ថែមពីលើនេះ ក្នុងនាមជាប្រទេសមហាអំណាច ប្រទេសចិនមិនត្រឹមតែអភិវឌ្ឍខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងក៏បានឱបក្រសោប ពិភពលោកយ៉ាងសកម្មផងដែរ តាមរយៈកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាល វេទិកាកំពូលអន្តរជាតិសម្រាប់កិច្ចសហប្រតិបត្តិការ «ខ្សែក្រវាត់និងផ្លូវ» លើកទីបី ព្រឹត្តិការណ៍ការទូតដែលប្រទេសចិន ធ្វើជាម្ចាស់ផ្ទះបានអបអរស្វាគមន៍មិត្តភក្តិ មកពីជុំវិញពិភពលោក សុទ្ធសឹងជាសក្ខីភាពដែលប្រវត្តិវិទូកំណត់កត់ត្រា បញ្ចូលក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ។

ឆ្នាំ២០២៤ សារជូនពររបស់លោក Xi Jinping ប្រធានរដ្ឋចិន បានផ្តល់ឫទ្ធានុភាពដល់ស្មារតីទទួលអំណរ រីករាយពីសំណាក់មនុស្សជាតិ ដើម្បីបង្កើនកម្លាំងពង្រឹងប្រាជ្ញាចិន ស្តីពីកិច្ចកសាងសហគមន៍ជោគវាសនារួម នៃមនុស្សជាតិក្នុងកិច្ចរួមចំណែកដោះស្រាយ បញ្ហាសកលដែលជាពិសេសរួមកម្លាំងគ្នាពន្លត់ភ្លើងសង្គ្រាម ដល់តំបន់មួយចំនួនដែលបានឆាបឆេះ នៅក្នុងឆ្នាំ២០២៣។ ជាសច្ចភាពដែលយើងមិនអាចប្រកែកបាន នោះគឺ«សន្តិភាពនិងការអភិវឌ្ឍ» គឺជាសេចក្តីប្រាថ្នារបស់មនុស្សជាតិ ហើយគោលដៅនេះនឹងនៅកៀកជាប់នឹងពិភពលោក ដរាបណាមនុស្សជាតិជ្រោងទង់ប្រាជ្ញាចិន ដោយបន្តដំណើរឆ្ពោះទៅមុខនៅលើផ្លូវម៉ារ៉ាតុងនៃសន្តិភាពនិងការអភិវឌ្ឍ ដូចទៅនឹងប្រសាសន៍របស់លោកប្រធានរដ្ឋចិន ដែលបានគូសរំលេចថា «ប្រជាជនចិនយល់ដឹងច្បាស់ណាស់ នូវតម្លៃនៃសន្តិភាព ប្រជាជនចិនរីករាយរួមជាមួយសហគមន៍អន្តរជាតិ គិតគូរពីអនាគតនៃមនុស្សជាតិនិងសុខុមាលភាពនៃប្រជាជន ដើម្បីជំរុញការកសាងសហគមន៍វាសនារួមនៃមនុស្សជាតិ និងកសាងពិភពលោកកាន់តែល្អបវរ» ហើយអនាគតរបស់មនុស្សជាតិគឺ «គោលដៅដ៏ធំនៃការកសាងសហគមន៍រួមវាសនាតែមួយ របស់មនុស្សជាតិ ត្រូវការមនុស្សជំនាន់ក្រោយរត់បណ្ដាក់ពីមួយជំនាន់ទៅមួយជំនាន់ ទើបអាចសម្រេចបាន»។ គំនិតផ្តួចផ្តើមទាំង៤ «ខ្សែក្រវាត់និងផ្លូវ» «អភិវឌ្ឍសកល» «សន្តិសុខសកល» និង «អរិយធម៌សកល» ដែលបានផ្តួចផ្តើមដោយលោកប្រធានរដ្ឋចិនសុទ្ធសឹង ជាទឡ្ហីករណ៍ប្រកបដោយលក្ខណៈវិទ្យាសាស្រ្ត ក្នុងការចូលរួមដោះស្រាយបញ្ហាសកល ហើយផ្តល់មកវិញនូវសុខដុមនីយកម្មដល់ សង្គមមនុស្សស្របតាមប្រាជ្ញាចិនស្តីពីកិច្ចកសាង សហគមន៍ជោគវាសនារួមនៃមនុស្សជាតិ។

ឆ្នាំ២០២៤ តាមរយៈសារលិខិតជូនពររបស់លោកប្រធានរដ្ឋចិន បានបញ្ជាក់យ៉ាងប្រត្យក្សពីការលើកកម្ពស់ការអភិវឌ្ឍ ប្រកបដោយនវានុវត្តភាពនៃសេដ្ឋកិច្ចដើម្បីវិបុលភាពរួម។ សេដ្ឋកិច្ចពិភពលោកក្នុងការស្តារខ្លួនឯងឡើងវិញ កំពុងស្ថិតលើវិធីដ៏ពិបាកនិងស្មុគស្មាញ។ លោកប្រធានរដ្ឋចិនបានផ្តល់នូវដំណោះស្រាយរបស់បញ្ហាទាំងនេះ គឺស្ថិតនៅលើការអភិវឌ្ឍដែលផ្តោតលើនវានុវត្តន៍ ដែលនឹងបង្កើតជាជើងមេឃថ្មី។ ជាក់ស្តែង ប្រទេសចិនប្រកាន់ខ្ជាប់ នូវការស្វែងរកការរីកចម្រើនក្នុងភាពនឹងនរ ជំរុញស្ថិរភាពតាមរយៈការរីកចម្រើនទៅមុខ ពង្រឹងនិងពង្រីកនិន្នាការសេដ្ឋកិច្ច ដែលបាននិងកំពុងស្តារឡើងវិញនិងមានភាពប្រសើរឡើង ដើម្បីសម្រេចឱ្យសេដ្ឋកិច្ចដំណើរការ ដោយនឹងនរនិងយូរអង្វែង។ បន្ថែមពីលើនេះ ប្រទេសចិនធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ និងបើកទូលាយ លើកកម្ពស់ថែមទៀតនូវជំនឿចិត្តខាងការអភិវឌ្ឍ បង្កើនភាពរស់រវើកនៃសេដ្ឋកិច្ច បង្កើនកម្លាំងជំរុញវិស័យអប់រំ លើកកម្ពស់កម្រិតវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា និងបណ្តុះបណ្តាលធនធានមនុស្ស។

ឆ្នាំ២០២៤ មនុស្សជាតិត្រៀមទទួលអំណររីករាយជាមួយប្រជាជនចិន ដើម្បីអបអរសាទរខួប៧៥ឆ្នាំ នៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន ហើយក៏ជាការបោះជំហានដ៏ស្វាហាប់ នៅក្នុងភាពរុងរឿងដ៏មហិមានៃការស្តារ ប្រជាជាតិចិនឡើងវិញ។ ពិភពលោកកំពុងសាទរនឹងផលដ៏មហិមា ដែលប្រទេសចិនទទួលបានតាមរយៈ «ការធ្វើទំនើបកម្មតាមបែបផែនចិន» ដោយមានលោក Xi Jinping ប្រធានរដ្ឋចិនជាស្នូល ប្រទេសចិនបាននិងកំពុងអនុវត្ត យ៉ាងល្អពេញលេញ ត្រឹមត្រូវនិងគ្រប់ជ្រុងជ្រោយនូវគំនិតអភិវឌ្ឍន៍ថ្មី ពន្លឿនការកសាងនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ គ្រោងផែនការទូទៅសម្រាប់ការអភិវឌ្ឍនិងសន្តិសុខ ហើយពិភពលោក មានវិបុលភាពរួមតាមរយៈកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដោយរួមគ្នាចាប់យក នូវកាលានុវត្តភាពតាមរយៈបដិវត្តន៍ផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាថ្មី និងការផ្លាស់ប្តូរផ្នែកឧស្សាហកម្ម ផ្លាស់ប្តូរគំរូនៃកំណើនសេដ្ឋកិច្ច ជំរុញកំណើនសេដ្ឋកិច្ចតាមវិធីប្រើប្រាស់នវានុវត្តន៍ ហើយបង្កើនប្រសិទ្ធភាពកម្លាំងផលិតកម្ម និងការច្នៃប្រឌិតបន្ថែមទៀតដោយគាំទ្រដល់ ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានលក្ខណៈបើកចំហកាន់តែធំ តម្លាភាព បរិយាប័ន្ន និងគ្មានការរើសអើង ហើយកសាងសេដ្ឋកិច្ចពិភពលោកមួយ ដែលបើកចំហ ដូចដែលជនជាតិចិនធ្លាប់បាននិយាយថា «មហាសមុទ្រធំល្វឹងល្វើយ ពីព្រោះវាទទួលទឹកមកពីគ្រប់ទន្លេទាំងអស់»។

ជារួម សារជូនពរឆ្នាំថ្មី ឆ្នាំ២០២៤ របស់លោក Xi Jinping ប្រធានរដ្ឋចិន បានបញ្ជាក់យ៉ាងច្បាស់ថាបញ្ហាសកលក្នុងឆ្នាំ២០២៣ កន្លងមកបានបង្រៀនឲ្យមនុស្សជាតិយល់យ៉ាងច្បាស់ថា «កិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ» គឺជាដំណោះស្រាយដ៏ប្រសើរបំផុត ដែលតែងបានលើកទឹកចិត្តដល់ប្រទេសទាំងអស់ ត្រូវរួមកម្លាំងគ្នាពង្រឹងការសម្របសម្រួល និងកែលម្អអភិបាលកិច្ច ដើម្បីធានានូវការរីកចម្រើននៃសកលភាវូបនីយកម្មសេដ្ឋកិច្ច ហើយធ្វើឲ្យសកលភាវូបនីយកម្មសេដ្ឋកិច្ច នោះកាន់តែបើកចំហ ប្រកបដោយបរិយាប័ន្ន មានតុល្យភាព និងមានប្រយោជន៍សម្រាប់មនុស្សជាតិ។ សារជូនពរឆ្នាំថ្មី របស់លោកប្រធានរដ្ឋចិន បាននិងបន្តលើកទឹកចិត្តដល់ពិភពលោកដើម្បីផ្តល់ជូនដល់ មនុស្សជាតិតាមរយៈកិច្ចបង្កបរិយាកាសសង្គម ប្រកបដោយភាពកក់ក្តៅនិងភាពចុះសម្រុងគ្នា ពង្រីកលំហនវានុវត្តន៍ដែលប្រកបដោយ ភាពបរិយាបន្ននិងភាពរស់រវើក បង្កលក្ខណសម្បត្តិរស់នៅប្រកបដោយភាពងាយស្រួល និងផាសុកភាពដើម្បីធ្វើឱ្យមនុស្សជាតិទាំងអស់គ្នា មានទឹកចិត្តសប្បាយរីករាយ ជីវិតរស់នៅប្រកបដោយអត្ថន័យ និងសម្រេចក្តីសុបិនរបស់ខ្លួន ពោលគឺប្រទេសចិនបានត្រៀមខ្លួន និងរំពឹងទុកជាមុនថាឆ្នាំ២០២៤ ពិភពលោកនឹងរួមកម្លាំងគ្នាផលិត «នំខេកផលប្រយោជន៍» ឲ្យបានកាន់តែធំជាងមុន ហើយចែករំលែកផលប្រយោជន៍ឲ្យបានត្រឹមត្រូវ ដល់មនុស្សជាតិដើម្បីធានានូវភាពយុត្តិធម៌ និងសមធម៌៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ សមាជិកគណៈប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន