(ប៉េកាំង)៖ ថ្ងៃទីមួយនៃឆ្នាំ២០២៤ ប្រជាជននៃតំបន់នានានៅលើពិភពលោក បានរួមគ្នាផ្សងប្រាថ្នាពីសន្តិភាពនិងវឌ្ឍនភាព ។ ក្នុងសុន្ទរកថាជូនពរឆ្នាំថ្មី លោក Xi Jinping ប្រធានរដ្ឋចិនបានគូសបញ្ជាក់ថា ពួកយើងរីករាយរួមជាមួយសហគមន៍អន្តរជាតិ គិតគូរពីអនាគតនៃមនុស្សជាតិនិងសុខុមាលភាពនៃប្រជាជន ដើម្បីជំរុញការកសាងសហគមន៍វាសនារួម នៃមនុស្សជាតិនិងកសាងពិភពលោកកាន់តែល្អបវរ។

និយាយចំពោះប្រទេសចិននិងអាស៊ាន ឆ្នាំថ្មីគឺមានន័យថា ទំនាក់ទំនងនយោបាយរវាងភាគីទាំងពីរនឹងមានភាពកាន់តែស្អិតល្មួត ទំនុកចិត្តផ្នែកនយោបាយចំពោះគ្នានឹងមានកម្រិតកាន់តែខ្ពស់ សមិទ្ធផលអភិវឌ្ឍន៍ដែលនាំមកដោយកិច្ចសហប្រតិបតិ្តការខាងសេដ្ឋកិច្ច នឹងមានភាពកាន់តែធំធេង។ ដោយឡែក ឆ្នាំ២០២៣ជាខួបទី១០ នៃការលើកឡើងគំនិតផ្តួចផ្តើមស្តីពី “ខ្សែក្រវាត់និងផ្លូវ” ហើយក៏ជាឆ្នាំមួយដែលបានធ្វើជាសក្ខីភាពចំពោះការអភិវឌ្ឍ និងការរីកចម្រើនរបស់ចិននិងអាស៊ានផងដែរ។

អាស៊ានជាដៃគូដ៏សំខាន់ក្នុងការរួមគ្នាសាង “ខ្សែក្រវាត់និងផ្លូវ” ក្នុងរយៈពេល១០ឆ្នាំកន្លងមក គម្រោងស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ត្រូវបានអនុវត្តនិងទទួលបានសមិទ្ធផលជាផ្លែផ្កា នៅបណ្ដាប្រទេសអាស៊ាន។ គម្រោងជានិមិត្តសញ្ញានីមួយៗ បានកសាងរួចរាល់ជាបន្តបន្ទាប់ ផ្លូវល្បឿនលឿនក្រុងភ្នំពេញ -ក្រុងព្រះសីហនុការ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវដែកចិន-ឡាវត្រូវបានដាក់ឱ្យដំណើរការ និងផ្លូវដែកល្បឿនលឿនក្រុងហ្សាកាតា-ក្រុងបាងឌុង ដែលជាផ្លូវដែកល្បឿនលឿនទីមួយ នៅតំបន់អាស៊ានត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ។ល។ ក្រៅពីនេះ កិច្ចព្រមព្រៀងRCEPក៏បានចូលជាធរមានផងដែរ ដែលបានបំពេញបន្ថែមកម្លាំងចលករយ៉ាងខ្លាំង ដល់កិច្ចសហប្រតិបតិ្តការផ្នែកសេដ្ឋកិច្ចក្នុងតំបន់។

ចិននិងអាស៊ានមិនត្រឹមតែទទួលបានសមិទ្ធផលផ្លែផ្កាជាច្រើនស្អេកស្កះលើ វិស័យកិច្ចកសាងហេដ្ឋារចនាសម័្ពន្ធនិងកិច្ចសហប្រតិបតិ្តការ ឧស្សាហកម្មប៉ុណ្ណោះទេ ថែមទាំងដោយសារតែនៅជិតពីគ្នាខាងភូមិសាស្ត្រ បានជាកិច្ចសហប្រតិបតិ្តការនិងការប្រាស្រ័យទាក់ទង ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងភាគីទាំងពីរ ក៏មានភាពកាន់តែស៊ីជម្រៅជាបន្តបន្ទាប់ ព្រមទាំងទទួលបានការវិឌ្ឍរីកចម្រើន ដ៏សំខាន់ផងដែរ។ ប្រឈមមុខនឹងស្ថានការអន្តរជាតិ ដែលមានភាពស្មុគស្មាញនិងបម្រែបម្រួល ជានិច្ចកាល ចិននិងអាស៊ានតែងតែរាប់អានគ្នា ប្រកបដោយភាពស្មោះត្រង់ ជួយយកអាសាគ្នាទៅវិញទៅមក និងផ្តល់ផលប្រយោជន៍ដល់គ្នា ទៅវិញទៅមក។ ប្រទេសចិនបានរក្សាឋានៈជាដៃគូពាណិជ្ជកម្មធំជាងគេ របស់អាស៊ានក្នុងរយៈពេល១៤ឆ្នាំជាប់ៗគ្នា ភាគីទាំងពីរជាដៃគូពាណិជ្ជកម្មធំជាងគេ រវាងគ្នានិងគ្នាក្នុងរយៈពេល៣ឆ្នាំជាប់ៗគ្នា។ ទំហំពាណិជ្ជកម្មទំនិញរបស់ភាគីទាំងពីរ បានកើនពី៤៤៣,៦ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០១៣ ឡើងដល់៩៧៥,៣ពាន់លានដុល្លារអាមេរិក នាឆ្នាំ២០២២ ដែលបានកើនឡើង១,២ដង។

ក្នុងរយៈពេល១១ខែដើមនៅឆ្នាំ២០២៣ អាស៊ានក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ចិន ទំហំពាណិជ្ជកម្មសរុបរវាងចិននិងអាស៊ាន គឺ៥,៨ទ្រីលានយាន់ប្រាក់ចិន ពាណិជ្ជកម្មទ្វេភាគីបានដើរតួនាទីជាទម្រដ៏សំខាន់ ក្នុងពាណិជ្ជកម្មបរទេសរៀងខ្លួន ។ អាស៊ានបានក្លាយជាគោលដៅសំខាន់ របស់សហគ្រាសចិនសម្រាប់ការវិនិយោគដោយផ្ទាល់លើវិស័យ មិនមែនហិរញ្ញវត្ថុក្នុងចំណោមប្រទេស ដែលបានចូលរួមកិច្ចកសាង “ខ្សែក្រវាត់និងផ្លូវ”។ នាពេលថ្មីៗកន្លងទៅនេះ «របាយការណ៍ស្តីពីបរិយាកាសប្រកបអាជីវកម្មរបស់ អាស៊ានឆ្នាំ២០២៣» ដែលចេញផ្សាយដោយក្រុមប្រឹក្សាចិន សម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិបានបង្ហាញថា នៅឆ្នាំ២០២៣ បរិយាកាសប្រកបអាជីវកម្មរបស់អាស៊ានមានស្ថិរភាពជាទូទៅ ហើយការធ្វើអាជីវកម្មរបស់សហគ្រាសទុនចិននៅអាស៊ានមានសភាពល្អប្រសើរជាទូទៅ សហគ្រាសចិនដែលចូលរួមការផ្តល់ បទសម្ភាសន៍ចំនួនប្រហែល៧០ភាគរយគ្រោងពង្រីកអាជីវកម្មនៅអាស៊ាន។

ក្នុងបរិបទដែលការងើបឡើងវិញរបស់សេដ្ឋកិច្ចសកល នៅតែប្រឈមនឹងភាពមិនប្រាកដប្រជាជាច្រើន នៅឆ្នាំ២០២៤ ចិននិងអាស៊ាននឹងឈរនៅទីចាប់ផ្តើមថ្មី ចាប់ដៃគ្នានិងធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយគ្នា ដើម្បីបំពេញបន្ថែមភាពប្រាកដប្រជា និងស្ថិរភាពកាន់តែច្រើនដល់ពិភពលោក ដែលមានភាពច្របូកច្របល់ ក្នុងន័យជំរុញយ៉ាងសកម្មនូវកិច្ចកសាង “ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយកម្រិតខ្ពស់ ពង្រឹងនិងពង្រីកកិច្ចសហប្រតិបតិ្តការជាក់ស្តែងលើគ្រប់វិស័យ ដើម្បីបំពេញបន្ថែមកម្លាំងចលករកាន់តែច្រើន ដល់ភាពសុខសាន្តត្រាណការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមក្នុងតំបន់។

នេះមិនខុសអ្វីពីសុន្ទរកថារបស់លោក Xi Jinpin ប្រធានរដ្ឋចិនដែលបានលើកឡើងថា ប្រទេសចិនមិនត្រឹមតែអភិវឌ្ឍខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងក៏បានឱបក្រសោបពិភពលោកយ៉ាងសកម្មផងដែរ ដោយរ៉ាប់រងតួនាទីរបស់ប្រទេសធំ។ រឿងរ៉ាវលើពិភពលោកចេះតែផ្លាស់ប្តូរ តែការអភិវឌ្ឍដោយសន្តិភាព គឺជាកិច្ចការចម្បងជានិច្ច កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះគឺជារឿងដែលសំខាន់បំផុត៕

ដោយវិទ្យុមិត្តភាពកម្ពុជាចិន