(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ មហាសន្និបាតរំលឹកខួបទី៦០ នៃការចាត់បញ្ជូនក្រុមជំនាញវេជ្ជសាស្រ្តទៅកាន់បរទេស របស់ប្រទេសចិននិងជាពិធីចែកប័ណ្ណសរសើរ បានធ្វើឡើងនៅទីក្រុងប៉េកាំង ។ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ចិន បានទទួលស្គាល់យ៉ាងពេញលេញនូវសមិទ្ធផល នៃការងារផ្នែកវេជ្ជសាស្ត្រទៅកាន់បរទេស ហើយបានលើកទឹកចិត្តពួកគេឱ្យ "រួមចំណែកកាន់តែច្រើនក្នុងការជំរុញការកសាង សហគមន៍រួមសុខភាពរបស់មនុស្សជាតិ"។

កាលពីឆ្នាំ ២០១១ ប្រទេសតង់ហ្សានីបានកើតមានហេតុការណ៍លិចនាវាមួយលើក ដែលធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ការងារជួយសង្រ្គោះរយៈពេលបីថ្ងៃរបស់ក្រុមជំនាញវេជ្ជសាស្ត្រចិន បានធ្វើឱ្យអ្នករងរបួសជាង ៤០០ នាក់បានជាសះស្បើយ ជាបន្តបន្ទាប់។ កាលពីឆ្នាំ ២០១៤ ខណៈពេលទ្វីបអាហ្វ្រិក រងការវាយប្រហារពីជំងឺអេបូឡា (Ebola) ប្រទេសជាច្រើនបាននាំគ្នាជម្លៀសខ្លួន ចេញពីតំបន់កើតមានជំងឺអេបូឡា ប៉ុន្តែ ប្រទេសចិនបានចាត់បញ្ជូនក្រុមជំនាញវេជ្ជសាស្ត្រ ទៅកាន់អាហ្វ្រិកជាបន្ទាន់ ក៏ដូចជាបានបញ្ជូនសម្ភារៈ ដែលអាហ្វ្រិកត្រូវការជាបន្ទាន់យ៉ាងទាន់ហេតុការណ៏ ហើយបានរួមជាមួយប្រទេសអាហ្វ្រិក ដើម្បីធ្វើការប្រយុទ្ធប្រឆាំងជំងឺអេបូឡារហូតដល់ទទួលបានជោគជ័យ។ បន្ទាប់ពីផ្ទុះជំងឺកូវីដ១៩ ខណៈពេលរងសម្ពាធពីការបង្ការ និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ ១៩ របស់ខ្លួន ប្រទេសចិនបានចាត់បញ្ជូន ក្រុមអ្នកជំនាញវេជ្ជសាស្ត្រចិនចំនួន ៣៨ ក្រុមទៅកាន់ប្រទេសចំនួន ៣៤យ៉ាងឆាប់រហ័ស ដើម្បីធ្វើសកម្មភាពមនុស្សធម៌ជាបន្ទាន់ ដែលមានទ្រង់ទ្រាយធំបំផុត។

សូមបញ្ជាក់ថា ពីការផ្តល់ជំនួយដល់អាហ្វ្រិក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេបូឡា (Ebola) ដល់ការជួយប្រទេសជាច្រើនក្នុងការបង្ការ និងគ្រប់គ្រងជំងឺគ្រុនលឿងនិងជំងឺប៉ែស (Plague) រហូតដល់ការគាំទ្រដល់ការសាងសង់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងទ្វីបអាហ្រ្វិក និងធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ក្នុងរយៈពេល ៦០ ឆ្នាំកន្លងមកនេះ ក្រុមជំនាញវេជ្ជសាស្រ្តចិន ជួយដល់បរទេសបានផ្ដល់សុខុមាលភាពដល់ ប្រជាជនក្នុងតំបន់ដោយសន្តានចិត្តដ៏សប្បុសធម៌ និងជំនាញរបស់ពួកគេដែលទទួលបាន ការកោតសរសើរយ៉ាងខ្លាំងពីសំណាក់រដ្ឋាភិបាល និងប្រជាជននៃប្រទេសដែលទទួលបានជំនួយ។

បើមើលពីពេលវេលាអាចឃើញថា ប្រទេសចិនគឺជាប្រទេសតែមួយគត់លើពិភពលោក ដែលបានចាត់បញ្ជូនក្រុមជំនាញវេជ្ជសាស្រ្តទៅកាន់ ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងរយៈពេលជាយូរ និងប្រកបដោយនិរន្តរភាព។ បើមើលពីទិន្នន័យអាចឃើញថា ប្រទេសចិនបានចាត់បញ្ជូនសមាជិក នៃក្រុមជំនាញវេជ្ជសាស្ត្រចំនួន ៣ម៉ឺននាក់ទៅកាន់ប្រទេសនិងតំបន់ចំនួន ៧៦ ជួយសាងសង់សំណង់សុខាភិបាលជាង ១៣០កន្លែង ហើយបានព្យាបាលអ្នកជំងឺជិត៣០០ លាននាក់។ បើមើលពីការរួមចំណែក អាចឃើញថា ជាពិសេសគឺក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ប្រទេសចិនបានលើកឡើងនូវទស្សនៈ ស្តីពីការកសាងសហគមន៍រួមសុខភាព នៃមនុស្សជាតិ ដើម្បីជួយប្រទេសដែលទទួលបាន ជំនួយក្នុងការបង្កើតជាប្រព័ន្ធព្យាបាលជំងឺ លើកកម្ពស់សមត្ថភាពខាងសេវាព្យាបាលជំងឺ ក៏ដូចជាជួយប្រទេសដែលទទួលបាន ជំនួយឱ្យសម្រេចបាននូវការអភិវឌ្ឍបែបលោតផ្លោះ។

បច្ចុប្បន្ននេះ ប្រទេសចិនកំពុងជំរុញការធ្វើទំនើបកម្មតាមបែបផែនចិនយ៉ាងពេញទំហឹង។ ក្នុងនាមជា ប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំបំផុតលើពិភពលោក ស្របពេលដែលបានផ្តោតសំខាន់ទៅលើ ការអភិវឌ្ឍរបស់ខ្លួន ជានិច្ចកាល ប្រទេសចិនតែងតែប្រកាន់ខ្ជាប់ នូវការជួយប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត ឱ្យសម្រេចបាននូវការធ្វើទំនើបកម្ម តាមរយៈការអភិវឌ្ឍរបស់ខ្លួន។ ដោយឡែក ជំនួយផ្នែកវេជ្ជសាស្រ្ត ដែលចិនផ្តល់ដល់បរទេសគឺជាវិស័យដ៏សំខាន់មួយ។

ឆ្លងកាត់គីរីជលសារ មហាសាគរ ៦០ឆ្នាំមិនមែនជាទីបញ្ចប់ទេ តែគឺជាទីចាប់ផ្តើមថ្មី។ ពីរឿងវ៉ាវអំពីជំនួយផ្នែកវេជ្ជសាស្រ្តចិន ជួយដល់បរទេស ពិភពលោកអាចយល់ច្បាស់ថា ប្រជាជនចិនគឺស្រឡាញ់សន្តិភាព និងឱ្យតម្លៃនិងថែរក្សាអាយុជីវិត អាចយល់ច្បាស់ពីទំនួលខុសត្រូវនៃប្រទេសធំ ក្នុងវិស័យការទូតរបស់ចិន ហើយក៏អាចយល់ច្បាស់ពីពាក្យសន្យាយ៉ាងម៉ឺងម៉ាត់ និងឧឡារិករបស់ប្រទេសចិន ចំពោះពិភពលោកផងដែរ ពោលគឺ "ឱ្យតែជារឿងដែលអាចផ្តល់ផលប្រយោជន៍ ដល់មនុស្សជាតិទាំងមូល ប្រទេសចិនក៏គួរចាត់ទុកជាកាតព្វកិច្ចរបស់ខ្លួន ដែលមិនអាចគេចវេះបាន ព្រមទាំងនឹងធ្វើឱ្យបានល្អ៕

វិទ្យុមិត្តភាពកម្ពុជាចិន