(ប៉េកាំង)៖ ឆ្នាំ២០២៣ដែលទើបបានកន្លងផុតទៅ ជាឆ្នាំមួយដែលសេដ្ឋកិច្ចចិនស្តារឡើងវិញ បន្ទាប់ពីការបង្ការនិងគ្រប់គ្រងជំងឺកូវីដ-១៩អស់រយៈពេល៣ឆ្នាំ។ ពិតមែនតែត្រូវប្រឈមនឹងភាពលំបាកយ៉ាងច្រើនក៏ដោយ ក៏ប៉ុន្តែប្រជាជនចិនគ្រប់រូបសុទ្ធតែបានតស៊ូព្យាយាម ហើយបានរួមចំណែកដ៏អស្ចារ្យ។ សេដ្ឋកិច្ចចិន មាននិន្នាការណ៍ល្អប្រសើរជាទូទៅជាបន្តបន្ទាប់ ការផលិតស្បៀងអាហាររបស់ប្រទេសចិន បានសម្រេចការកើនឡើងក្នុងរយៈពេល២០ឆ្នាំជាប់ៗគ្នា។ នៅឆ្នាំ២០២៣ ប្រជាជនចិនបានដើរទៅមុខ “យ៉ាងរឹងមាំ” និង “មានកម្លាំងខ្លាំងក្លា” ដែលទទួលបានសមិទ្ធផលយ៉ាងស្តុកស្តម្ភ។ លោក Xi jinping ប្រធានរដ្ឋចិនបានថ្លែងថា “គោលដៅយើងធំធេងណាស់តែក៏ជាគោលដៅដ៏ប្រាកដប្រជាដែរ នោះគឺខិតខំប្រឹងប្រែងយ៉ាងណា ដើម្បីធ្វើឱ្យប្រជាជនមានជីវភាពរស់ នៅកាន់តែល្អប្រសើរ។”  ជីវភាពរស់នៅកាន់តែល្អប្រសើរ គឺជាគោលបំណងដ៏សាមញ្ញ របស់ការអភិវឌ្ឍរបស់ចិន ហើយក៏បានផ្ទុកនូវក្តីរំពឹងទុករបស់ប្រជាជន នៅលើពិភពលោកផងដែរ។

ខណៈពេលស្នូរជួងឆ្នាំថ្មីបន្លឺឡើង សកលលោកនៅតែមិនសូវមានសន្តិភាពនោះទេ។ វិបតិ្តអ៊ុយក្រែនបានកើតមានជាបន្តបន្ទាប់ តំបន់ប៉ាឡេស្ទីននិងអ៊ីស្រាអែលមានភ្លើងសង្គ្រាម ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ធ្វើកិច្ចប្រជុំជាច្រើនលើក ដើម្បីពិគ្រោះពិភាក្សាអំពីការវាយប្រហារដ៏អាក្រក់ និងព្រឹតិ្តការណ៍បណ្តាលឱ្យជនស៊ីវិលស្លាប់និងរងរបួស អំពីរឿងទាំងនេះ ប្រទេសចិនមានការឈឺចាប់ណាស់និងក្តីទុក្ខយ៉ាងក្រៀមក្រំ។

បើចង់ឱ្យប្រជាជនសកលលោក មានជីវភាពរស់នៅកាន់តែល្អប្រសើរ មុនដំបូងគឺត្រូវមានបរិយាកាសប្រកបដោយសន្តិភាព និងសុខសាន្តត្រាន។ ពីការចេញផ្សាយ «គោលជំហររបស់ចិនស្តីពីដំណោះស្រាយវិបត្តិអ៊ុយក្រែនតាមផ្លូវនយោបាយ» និង «ឯកសារស្តីពីគោលជំហររបស់ចិន ក្នុងការដោះស្រាយការប៉ះទង្គិចរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល» ដល់ការចាត់បញ្ជូនមន្ត្រីច្រើនរូប ដើម្បីធ្វើកិច្ចសម្របសម្រួល កិច្ចខិតខំប្រឹងប្រែងរបស់ចិនទទួលបាន ការទទួលស្គាល់ជាទូទៅពីសហគមន៍អន្តរជាតិ។

ការអភិវឌ្ឍជាកូនសោទូទៅ សម្រាប់ដោះស្រាយបញ្ហាទាំងអស់។ ក្នុងមួយឆ្នាំកន្លងទៅ សេដ្ឋកិច្ចសកលបានងើបឡើងវិញ ដោយកម្លាំងទន់ខ្សោយ វិបត្តិស្បៀងអាហារ វិបតិ្តថាមពលនិងការឡើងថ្លៃទំនិញជាដើម បណ្តាលឱ្យប្រជាជននៃប្រទេសជាច្រើន រងសម្ពាធយ៉ាងខ្លាំង។ ក្នុងចំណោមអង្គភាពសេដ្ឋកិច្ចសំខាន់ៗនៅលើពិភពលោក ក្នុងរយៈពេលបីត្រីមាសដើមឆ្នាំ២០២៣ សេដ្ឋកិច្ចចិនបានកើនឡើង៥,២ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២ ចិននៅតែជាក្បាលម៉ាស៊ីនធំជាងគេ របស់សេដ្ឋកិច្ចសកលដដែល។

បើចង់ឱ្យប្រជាជនសកលលោកមានជីវភាពរស់នៅកាន់តែល្អប្រសើរ ត្រូវមានអភិបាលកិច្ចសកល ដែលមានភាពកាន់តែយុត្តិធម៌ និងសមហេតុផល។ ពីការរៀបចំដោយជោគជ័យ នូវកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាល និងវេទិកាកំពូល “ខ្សែក្រវាត់និងផ្លូវ”សម្រាប់កិច្ចសហប្រតិបតិ្តការអន្តរជាតិលើកទីបី ដល់ការទទួលបានសមាជិកថ្មីនៃមហាគ្រួសារប្រទេស BRICS រហូតដល់កិច្ចជំនួប រវាងប្រមុខរដ្ឋចិននិងអាមេរិកនៅក្រុង San Francisco  ប្រទេសចិនបានខិតខំប្រឹងប្រែងគាំពារ សណ្តាប់ធ្នាប់អន្តរជាតិ និងពង្រឹងកម្លាំងរបស់ “សកលខាងត្បូង” ដែលបានបំពេញបន្ថែមភាពប្រាកដប្រជា និងស្ថិរភាពដល់ពិភពលោក ដែលមានភាពង្គោះរង្គើនិងកំណែទម្រង់។

ឆ្នាំនេះជាខួបទី៧៥នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ ប្រទេសចិននឹងបន្តបង្ហាញពីទំនួលខុសត្រូវរបស់ ប្រទេសធំដើម្បីគាំពារសមភាពនិងយុត្តិធម៌ របស់សកលលោក ពង្រីកការបើកទូលាយចំពោះក្រៅប្រទេស ប្រកបដោយកម្រិតខ្ពស់ និងជំរុញការងើបឡើងវិញរបស់សេដ្ឋកិច្ចសកល។ ប្រទេសចិនរីករាយរួមសហការជាមួយ សហគមន៍អន្តរជាតិ ដើម្បីទប់ទល់នឹងការប្រឈម និងជំរុញវិបុលភាពរួម៕

ដោយវិទ្យុមិត្តភាពកម្ពុជាចិន