(ប៉េកាំង)៖ ប្រទេសចិនបានក្លាយជា "ប្រទេសធំប្រកបដោយទំនួលខុសត្រូវ ដែលកាន់តែមានកម្លាំងឥទ្ធិពលលើឆាកអន្តរជាតិ មានកម្លាំងដឹកនាំក្នុងការច្នៃប្រឌិតថ្មី និងមានការអំពាវនាវខាងសច្ចយុត្តិធម៌" នេះគឺជាសេចកី្តសនិ្នដ្ឋានដែលធ្វើឡើង ក្នុងសន្និសីទការងារកិច្ចការបរទេសនៃមជ្ឈិមចិន ដែលបានបើកធ្វើនៅទីក្រុងប៉េកាំងពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៨ ខែធ្នូ។

ជាបឋម ប្រទេសចិនជាស្ថាបនិកនៃសន្តិភាពពិភពលោក។ បើរំលឹកឡើងវិញពីស្ថានការណ៍ពិភពលោកក្នុងឆ្នាំ ២០២៣ គ្មានអ្វីគួរឱ្យសង្ស័យឡើយ "សង្រ្គាម"គឺជាពាក្យគន្លឹះមួយ។ យោងតាមទិន្នន័យ ដែលបានចេញផ្សាយដោយវិទ្យាស្ថានយុទ្ធសាស្ត្រអន្តរជាតិ របស់អង់គ្លេសនៅខែនេះបានបង្ហាញឱ្យឃើញថា ក្នុងឆ្នាំ ២០២៣ នៅទូទាំងពិភពលោក បានកើតមានការប៉ះទង្គិច ក្នុងតំបន់យ៉ាងហោចណាស់ចំនួន ១៨៣ លើកដែលឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក ។ ប្រឈមមុខនឹងភាពចលាចលនិងវិបត្តិ ប្រទេសចិនបាននិងកំពុងខិតខំប្រឹងប្រែងធ្វើកិច្ចសម្របសម្រួល ដើម្បីសម្រេចបាននូវការឈប់បាញ់គ្នា។ សូមយកការប៉ះទង្គិចរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែលធ្វើជាឧទាហរណ៍ ប្រទេសចិនបានសង្កត់ធ្ងន់ក្នុងកាលៈទេសៈជាច្រើនថា ច្រកចេញជាសារវន្តសម្រាប់ដោះស្រាយការប៉ះទង្គិច គឺត្រូវអនុវត្ត"ដំណោះស្រាយរដ្ឋពីរ"។ ដូច្នេះហើយ មន្ត្រីចិនបានបំពេញទស្សនកិច្ចនៅប្រទេសមជ្ឈិមបូព៌ាជាច្រើន។ ក្នុងនាមជាប្រធានប្តូរវេន នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងខែនេះ ប្រទេសចិនបានជំរុញការអនុម័តលើ សេចក្តីសម្រេចចិត្តលេខ ២៧១២ ស្តីពីបញ្ហាប៉ាឡេស្ទីន-អ៊ីស្រាអែល។ លើសពីនេះទៅទៀត ប្រទេសចិនក៏បានផ្តល់ជំនួយមនុស្សធម៌ដល់តំបន់ប៉ាឡេស្ទីនផងដែរ។

សូមបញ្ជាក់ថា ក្នុងបរិបទនៃសង្គ្រាមរ៉ាំរ៉ៃ ការផ្សះផ្សាគ្នា គឺមានតម្លៃពន់ពេក។ កាលពីខែមីនា ឆ្នាំនេះ ប្រទេសចិន អារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់បានឈានដល់ 《កិច្ចព្រមព្រៀងក្រុងប៉េកាំង》 នៅទីក្រុងប៉េកាំង ដែលជំរុញឱ្យអារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់ ឯកភាពគ្នាស្តារទំនាក់ទំនងការទូតឡើងវិញ។ ប្រទេសចិនបានបញ្ជាក់ តាមរយៈប្រតិបត្តិការជាក់ស្តែងថា ជានិច្ចកាល ខ្លួនតែងតែឈរនៅម្ខាងនៃសន្តិភាពយ៉ាងមុតមាំ ឈរនៅម្ខាងនៃការធ្វើកិច្ចសន្ទនាដោយសន្តិភាព ក៏ដូចជាឈរនៅម្ខាងនៃភាពត្រឹមត្រូវនៃប្រវតិ្តសាស្ត្រ។

បន្ទាប់មក ប្រទេសចិនជាអ្នករួមចំណែកនៃការអភិវឌ្ឍសកល។ តាមការប៉ាន់ប្រមាណនៃសន្និសីទពាណិជ្ជកម្ម និងការអភិវឌ្ឍនៃអង្គការសហប្រជាជាតិឱ្យដឹងថា ទំហំពាណិជ្ជកម្មសកលក្នុងឆ្នាំ ២០២៣ នឹងត្រូវកាត់បន្ថយជិត ៥ភាគ រយ ឯ GDP សកលនឹងធ្លាក់ចុះមកនៅត្រឹម ២,២ ភាគរយ។ល។ ក្នុងរយៈពេលមួយឆ្នាំកន្លងមក ការស្តារឡើងវិញនៃសេដ្ឋកិច្ចពិភពលោក មានកម្លាំងទន់ខ្សោយជាបន្តបន្ទាប់។ ប្រឈមមុខនឹងបរិយាកាសខាងក្រៅបែបនេះ សេដ្ឋកិច្ចចិនបានបន្តកើនឡើងវិញ និងមានការអភិវឌ្ឍយ៉ាងល្អប្រសើរ។ នៅបីត្រីមាសដើមឆ្នាំនេះ GDP របស់ប្រទេសចិនបានកើនឡើង ៥,២ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ហើយនៅតែជាក្បាលម៉ាស៊ីនដ៏ធំបំផុត សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចពិភពលោកដដែល ។ គ្រឹះស្ថានអន្តរជាតិជាច្រើនបានប៉ាន់ប្រមាណថា អត្រារួមចំណែករបស់ប្រទេសចិនចំពោះកំណើន សេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះ នឹងឈាន់ដល់ ១ភាគ ៣។

ទីបី ប្រទេសចិនជាអ្នកគាំពារសណ្តាប់ធ្នាប់អន្តរជាតិ។ យន្តការសហប្រតិបត្តិការ BRICS បានប្រកាសថា ទទួលយកប្រទេសចំនួន ៦ ដែលបូករួមទាំងអាហ្សង់ទីន និងអេហ្ស៊ីបជាដើមឱ្យចូលជារដ្ឋសមាជិកថ្មី ដែលសម្រេចបាននូវការបន្ថែមចំនួនសមាជិកជាប្រវត្តិសាស្ត្រ អង្គការសហប្រតិបត្តិការសៀងហៃបានបន្ថែមចំនួនសមាជិកម្តងទៀត សហភាពអាហ្រ្វិកបានចូលជាសមាជិកនៃប្រទេសG ២០ ជាផ្លូវការ ។ល។ ក្នុងរយៈពេលមួយឆ្នាំកន្លងមក កម្លាំងឥទ្ធិពលនៃ"សកលខាងត្បូង (Global South)" កាន់តែខ្លាំងឡើងៗដែលជំរុញពិភពលោក ឱ្យវិវត្តន៍ទៅកាន់ទិសដៅនៃការធ្វើពហុប៉ូលភាវូបនីយកម្មនៃពិភពលោក។

នៅចុងឆ្នាំ ២០២៣ ទំនាក់ទំនងចិន-អាមេរិកដែលជាទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុត លើពិភពលោកបានបញ្ឈប់ការធ្លាក់ចុះ និងឆ្ពោះទៅរកស្ថិរភាព ។ កិច្ចជំនួបរយៈពេលយូរ រវាងប្រមុខរដ្ឋនៃប្រទេសចិន និងសហរដ្ឋអាមេរិកដែលដំណើរការជិត ៤ ម៉ោងបានបង្កើតជា "ចក្ខុវិស័យសាន់ហ្វ្រាន់ស៊ីស្កូ" សម្រាប់ឆ្ពោះទៅរកអនាគត។ ពិភពលោកមានក្តីសោមនស្សរីករាយ ដោយសារឃើញទំនាក់ទំនងចិន-អាមេរិកដែលកាន់តែមានស្ថិរភាព អាចបំពេញបន្ថែមនូវភាពប្រាកដប្រជា និងស្ថិរភាពដល់ពិភពលោក ដែលបាននិងកំពុងស្ថិតក្នុងភាពរង្គោះរង្គើនិងកំណែទម្រង់។

ឆ្នាំ២០២៣ ប្រទេសចិនបានបង្ហាញពីទំនួលខុសត្រូវនៃប្រទេសធំ តាមរយៈការអនុវត្តជាក់ស្តែងរបស់ខ្លួន។ ដោយឡែកនៅឆ្នាំ ២០២៤ ប្រទេសចិននឹងធ្វើអន្តរកម្មកាន់តែល្អប្រសើរជាមួយពិភពលោក ដើម្បីឆ្ពោះទៅរកគោលដៅនៃការកសាងសហគមន៍រួមវាសនា នៃមនុស្សជាតិ៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន