(កៀវ)៖ នៅថ្ងៃអង្គារនេះ ការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ី ដោយ​ប្រើប្រាស់មីស៉ីលនិងយន្តហោះដ្រូន លើទីក្រុងកៀវ ព្រមទាំងលើ​ទីក្រុង Kharkiv នៅភាគឦសានប្រទេសអ៊ុយក្រែន បានសម្លាប់មនុស្សយ៉ាងហោច៤នាក់ ធ្វើឱ្យរបួសរាប់សិបនាក់ និងបង្កការខូចខាតផ្សេងៗទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី២ ខែមករា ឆ្នាំ២០២៤។

អាជ្ញាធរអ៊ុយក្រែន បាននិយាយថា ស្រ្តីវ័យចំណាស់ម្នាក់ បានស្លាប់នៅសង្កាត់ Solomyansky នៃរដ្ឋធានីកៀវ ហើយមនុស្ស២៧នាក់​បានរងរបួស។ ជាមួយគ្នានេះ មនុស្ស២នាក់ ក៏បានបាត់បង់ជីវិតផងដែរ នៅក្នុងតំបន់កៀវដែលស្ថិតនៅជុំវិញទីក្រុងកៀវ ខណៈនៅទីក្រុង Kharkiv មានអ្នកស្លាប់ម្នាក់។ បើយោងតាម ក្រុមហ៊ុនថាមពលជាតិអ៊ុយក្រែន ការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ី នាថ្ងៃអង្គារនេះ បានធ្វើឱ្យប្រជាជនប្រមាណ២៥០,០០០នាក់ គ្មានអគ្គិសនីប្រើប្រាស់នៅក្នុងទីក្រុងកៀវ និងតំបន់កៀវ៕

គួរបញ្ជាក់ថា រុស្ស៉ីបានចាប់ផ្តើមសាជាថ្មី នូវការបង្កើនសកម្មភាពវាយប្រហារតាមផ្លូវអាកាសមកលើអ៊ុយក្រែន តាំងពីអំលុងចុងឆ្នាំ២០២៣ ខណៈកាលពី​ថ្ងៃសុក្រសប្តាហ៍មុន រុស្ស៉ីបានបើកការវាយប្រហារដ៏ធំបំផុតមួយ ដោយប្រើប្រាស់មីស៉ីលនិងដ្រូនសរុបចំនួនរាប់រយ ហើយបណ្តាលឱ្យមនុស្ស​យ៉ាងហោច៣៩នាក់ស្លាប់ នៅអ៊ុយក្រែន៕

រូបភាពពី Reuters