(កៀវ)៖ ជម្លោះនៅអ៊ុយក្រែន ជិតនឹងឈានចូលខួបនៃឆ្នាំទី៣ហើយ ខណៈរណសិរ្សជួរមុខបានផ្លាស់ប្តូរទិដ្ឋភាពរបស់ខ្លួនជាច្រើននាប៉ុន្មានខែចុងក្រោយនេះ។

* តើដំណើរនៃសង្រ្គាមក្នុងឆ្នាំ២០២៤ នឹងមានការផ្លាស់ប្តូរអ្វីដែរឬទេ?

ប្រធានាធិបតីអ៊ុយក្រែនលោក Volodomyr Zelensky បានសារភាពថាយុទ្ធនាការ Counter Offensive រយៈពេល៦ខែចុងឆ្នាំ២០២៣ មិនមែនជាជោគជ័យ ដែលលោក បានរំពឹងទុកនោះទេ។ យុទ្ធនាការ៦ខែក្នុងឆ្នាំមុនដែលមានក្តីរំពឹងថានឹងអាចមានឱកាសវាយបង្ខំឱ្យរុស្ស៊ីចូល តុចរចាដកកងទ័ពនិងប្រគល់ទឹកដីឱ្យអ៊ុយក្រែនវិញនោះ មិនអាចធ្វើសម្រេចបានដូចតាមគម្រោងឡើយ។ ប្រទេសរុស្ស៊ីនៅតែគ្រប់គ្រងទឹកដីអ៊ុយក្រែនប្រមាណ១៨ភាគរយជាដដែល។ ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគនយោបាយនានា បាននិយាយប្រមើលមើលអនាគត នៃព្រឹត្តិការណ៍សង្គ្រាមក្នុងអ៊ុយក្រែនក្នុងរយៈពេល១២ខែទៅមុខទៀតនេះ។

* សង្គ្រាមនឹងបន្តអូសបន្លាយនិងមិនទាន់កំណត់ពេលវេលាបញ្ចប់ពេលណាមួយឡើយ

នាចុងឆ្នាំ២០២៣, រុស្ស៊ីត្រូវគេរាយការណ៍ជុំវិញប្រៀបប្រយុទ្ធរបស់ខ្លួននៅលើសមរភូមិ។ នៅថ្ងៃទី២៥ធ្នូ ឆ្នាំ២០២៣, ក្រុងគន្លឹះ Mariinka ដែលអ៊ុយក្រែនបានការពារ រយៈពេល៩ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៤កន្លងមកនោះ ត្រូវបានរុស្ស៊ីវាយចូលគ្រប់គ្រងបាន ខណៈក្រុង Avdiivka ត្រូវគេរាយការណ៍ថា ក៏កំពុងស្ថិតក្រោមរង្វង់ការឡោមព័ទ្ធ របស់ទាហានរុស្ស៊ីថែមទៀត។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីនបានបញ្ជាក់ការប្តេជ្ញារបស់ខ្លួន ក្នុងដើមឆ្នាំ២០២៤ ថានឹងបង្កើនការវាយប្រហារលើអ៊ុយក្រែន ឱ្យ ខ្លាំងថែមទៀត ដែលការប្តេជ្ញានេះ គឺនៅបន្ទាប់ពីកំហឹងមួយដែលចោទថាអ៊ុយក្រែនបានវាយប្រហារចូលក្នុងទឹកដីរុស្ស៊ីនាតំបន់ជាប់ព្រំដែន នោះគឺនៅក្នុងក្រុង Belgorod។

ចំនួនពលរដ្ឋរុស្ស៊ីដែលអ៊ុយក្រែនបានវាយប្រហារដាក់លើក្រុង Belgorod ជាប់ព្រំដែនអ៊ុយក្រែនកាលពីចុងខែធ្នូមានអ្នកស្លាប់កើនឡើងដល់២៥នាក់ហើយ នៅក្នុងការវាយឆ្មក់លើកដំបូងរបស់អ៊ុយក្រែនដាក់លើទឹកដីរុស្ស៊ីនេះ។

ការវាយប្រហារដាក់លើក្រុង Belgorod ដែលរុស្ស៊ីបានបន្ទោសថាជាសកម្មភាពរបស់អ៊ុយក្រែន គឺនៅមួយថ្ងៃបន្ទាប់ពីរុស្ស៊ីបានបាញ់១៥៨គ្រាប់នូវមីស៊ីល និងដ្រូន ដាក់លើបណ្តាទីក្រុងរបស់អ៊ុយក្រែន ដោយបានសម្លាប់មនុស្សចំនួន៣០នាក់នៅក្នុងទីក្រុង Kyiv និងតាមកន្លែងផ្សេងទៀត។ ការវាយប្រហារដែលកាន់តែកើនឡើងនេះ បានធ្វើឱ្យទស្សនៈវិស័យរកការបញ្ចប់សង្គ្រាមរវាងគ្នាតែស្ថិតក្នុងសភាពវែងឆ្ងាយដែលមិនអាចដឹងថាតើសង្គ្រាមនឹងបញ្ចប់បាន ក្នុងពេលណាមួយឡើយ។ លើសពីនេះ ក្នុងពេលដើមឆ្នាំ២០២៤បានឈានចូលមកដល់នេះ ការប្រៀបធៀបបានបង្ហាញថាមេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ហាក់ដូចជាមានកម្លាំងរឹងមាំទាំងផ្នែកនយោបាយ និងយោធា ខណៈអ៊ុយក្រែនកំពុងតែប្រឹងប្រែងស្វែងរកជំនួយ សម្រាប់បន្តការធ្វើសង្គ្រាមក្នុងឆ្នាំ២០២៤ គ្រាដែលក្តីរំពឹងប្រៀបឈ្នះឆ្នាំ២០២៣នោះ បានកន្លងផុតអស់ទៅ ហើយ។

យុទ្ធនាការវាយលុករបស់អ៊ុយក្រែនឈានចូលក្នុងរដូវរងារ ត្រូវគេឃើញថាបានបញ្ឈប់ទៅវិញ ចំណែករុស្ស៊ីនោះវិញ នៅជាមួយនឹងការប្រហារខ្លាំងក្លានៅលើសមរភូមិនោះ ក៏មិនមានរូបភាពលេចធ្លោអ្វីខ្លាងនៃការគ្រប់គ្រងទឹកដីថ្មីរបស់អ៊ុយក្រែនផងដែរ។ ទោះជាយ៉ាងណាក៏ដោយ រុស្ស៊ីបានបង្ហាញថាគោលដៅនៃប្រតិបត្តិការសន្តិភាពរបស់ខ្លួន គឺការគ្រប់គ្រងតំបន់ភាគខាងកើតដែលរួមមានខេត្តដូណេតស៍, លូហានស៍, ហ្សាប៉ូរីហ្សៀ និង ខេត្ត Kherson ខណៈដែលទឹកដីនៃខេត្តទាំង៤ ត្រូវបានរុស្ស៊ីប្រកាសដោយ ខ្លួនឯងជាតំបន់រណបតាំងពីថ្ងៃទី៣០ កញ្ញា ឆ្នាំ២០២២រួចមកហើយ។ ការវាយប្រហារប៉ុនប៉ងដណ្តើមយកខេត្តទាំង៤នេះវិញដោយអ៊ុយក្រែនក្នុងឆ្នាំ២០២៣ មិនអាច សម្រេចបានឡើយបើទោះបីជាមានសេចក្តីរាយការណ៍ខ្លះនៃការច្បាមបានទឹកដីតិចតួចមកវិញ ប៉ុន្តែរុស្ស៊ីហាក់ដូចជាបានវាយប្រហារដណ្តើមយកមកវិញក្នុងសមរភូមិ ដែលរុញ ទៅរុញមកក្នុងឆ្នាំ២០២៣។

ដូច្នេះសង្គ្រាមក្នុងឆ្នាំ២០២៣, ភាពទម្លុះទម្លាយរបស់អ៊ុយក្រែន ដើម្បីឈ្នះលើរុស្ស៊ីមិនអាចសម្រេចបានឡើយ ចំណែករុស្ស៊ីក៏មិនមានលទ្ធផលណាទទួលបានផ្សេងទៀត ទេ ក្រៅពីការពង្រឹងទឹកដីភាគខាងកើតដែលវាយដណ្តើមយកពីអ៊ុយក្រែន វិញតែប៉ុណ្ណោះ។ ទាំងរុស្ស៊ីក្តី និងទាំងអ៊ុយក្រែនក្តី សេចក្តីសម្រេចបញ្ចប់សង្គ្រាមឬមិនបញ្ចប់ សង្គ្រាមមិនមែនសម្រេចដោយប្រទេសទាំង២ដែលមានជម្លោះគ្នានោះទេ, គេត្រូវសម្លឹងមើលលើទិដ្ឋភាពនយោបាយរបស់សហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក ដែលជា ចន្ទល់រឹងមាំរបស់អ៊ុយក្រែនពី ព្រោះបើសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិកនៅតែបន្តការផ្តល់ជំនួយមក អ៊ុយក្រែន, សង្គ្រាមនឹងត្រូវអូសបន្លាយមិនចប់ឡើយ ប្រសិនបើ រុស្ស៊ីមិនមានការផ្លាស់ប្តូរថ្មីណាមួយក្រៅពីលោក វ្លាឌីមៀរ ពូទីននោះទេ។

ក្នុងឆ្នាំ២០២២ និងក្នុងឆ្នាំ២០២៣, ប្រទេសលោកខាងលិចបានបង្ហាញនូវសាមគ្គីភាពរវាងគ្នា រឹងមាំណាស់ដើម្បីការផ្តល់ជំនួយដល់អ៊ុយក្រែនប្រឆាំងនឹងអំពើឈ្លានពាន របស់រុស្ស៊ី ប៉ុន្តែ សាមគ្គីភាពនេះ ត្រូវគេឃើញថាហាក់ដូចជាចុះខ្សោយបន្តិចម្តងៗមកវិញ ជាមួយនឹងសំណួរ ថាតើក្នុងឆ្នាំ២០២៤ឈានចូលមកដល់នេះ សាមគ្គីភាព ទាំងនោះ នឹងបន្តដដែលទៀតបានដែរ ឬទេ? កញ្ចប់ជំនួយផ្នែកការពារជាតិរបស់សហរដ្ឋអាមេរិក ត្រូវបានក្លាយដូចជាការធ្វើជាចំណាប់ខ្មាំងនូវអ្វីដែលលោកប្រធានាធិបតី Joe Biden បាននិយាយបកស្រាយថាដោយសារតែរឿង «នយោបាយកំប៉ិកកំប៉ុក» នៅក្នុងរង្វង់ក្រុមធ្វើនយោបាយរបស់សហរដ្ឋអាមេរិក…រីឯអនាគត នៃជំនួយសេដ្ឋកិច្ច របស់សហភាពអឺរ៉ុបសម្រាប់អ៊ុយក្រែន ហាក់ដូចជាពឹងផ្អែកលើជំហរមិនស៊ីសង្វាក់គ្នារបស់ប្រទេសហុងគ្រី។

ការបង្ហាញនូវឧបសគ្គទាំង២កន្លែងធំៗរបស់ប្រទេសលោកខាងលិចនេះហើយ បានជំរុញឱ្យមេដឹកនាំរុស្ស៊ីលោកពូទីនបង្ហាញនូវភាពក្លៀវក្លារបស់ខ្លួន ទាំងកម្លាំងនយោបាយ និងយោធា មិនមែនត្រឹមរយៈពេលខ្លី ប៉ុន្តែទាំងក្នុងរយៈពេលយូរទៅមុខថែមទៀត។ ដូច្នេះ តើលោកខាងលិចនឹងមានកម្លាំងអ្វីនិងឥទ្ធិពលអ្វីទៀតដើម្បីបន្តប្រឆាំងលោក ពូទីន ដើម្បីឱ្យរូបលោកនឹងចាញ់សង្គ្រាមអ៊ុយក្រែននោះ? ប្រហែលជាមានវិធីខ្លះដើម្បីការជួយលើកទឹកចិត្តអ៊ុយក្រែនដើម្បីឱ្យអ៊ុយក្រែននឹងមានក្តីសង្ឃឹមថានឹងក្លាយជា ប្រទេសនៃសមាជិកក្នុងប្លុកអឺរ៉ុបសិននៅមុនការបោះជំហានទៅកាន់គោលដៅដទៃទៀត។ ការសម្រេចចិត្តរបស់សហភាពអឺរ៉ុបក្នុងការបើកការចរចាស្វែងរកសមាជិកភាពឱ្យ អ៊ុយក្រែន និងប្រទេស Moldova គឺមានលក្ខណៈច្រើនជាងជានិមិត្តរូប។ នោះមានន័យថាប្រសិន ណា បើការធ្វើសង្គ្រាមមិនទាន់អាចជោគជ័យដាក់លើរុស្ស៊ីបានទេ យ៉ាងហោចណាស់អ៊ុយក្រែនក៏ នឹងមានក្តីសង្ឃឹមចំពោះអនាគតនៃការក្លាយជាសមាជិករបស់អង្គការនៃប្លុកអឺរ៉ុបនេះផងដែរ។

ប៉ុន្តែចំពោះក្តីសង្ឃឹមពីសហរដ្ឋអាមេរិកវិញក្នុងពេលដែលជំនួយកំពុងរាំងស្ទះដោយស្ថាប័ន សភាកុងហ្គ្រេសអាមរិកនោះ រដ្ឋបាលលោក ចូ បៃដិន ត្រូវតែធ្វើសម្បទាន នយោបាយរបស់ ខ្លួនស្របតាមការចង់បានរបស់គណបក្សសាធារណរដ្ឋជុំវិញបញ្ហាសន្តិសុខរបស់ព្រំដែនអាមេរិកនិងម៉ិចស៊ីកូ បើពុំដូច្នោះទេ ថវិកាជាង៦០ពាន់លានដុល្លារ នៃកញ្ចប់ជំនួយយោធាស្នើដល់ ប្រទេសអ៊ុយក្រែននោះនឹងមិនអាចសម្រេចបានឡើយ។ គណបក្សប្រជាធិបតេយ្យដែលកាន់អំណាចបច្ចុប្បន្ន បានបង្ហាញនូវឆន្ទៈចង់ចរចា រកការសម្របសម្រួលលើបញ្ហានេះដើម្បីការអាចឱ្យអ៊ុយក្រែនអាចទទួលបាននូវកញ្ចប់ថវិកាជាង ៦០ ពាន់លានដុល្លារនោះ ប៉ុន្តែការជជែកគ្នានោះ បានប្រទាំងប្រទើសនឹង បញ្ហាមួយចំនួនដែលគណបក្សសាធារណរដ្ឋបានស្នើដាក់ក្នុងបញ្ជីដើម្បីឱ្យគណបក្សប្រជាធិបតេយ្យត្រូវទទួលយក ខណៈដែលគណបក្សប្រជាធិបតេយ្យយល់ថាជាសំណើ ដ៏ហួសហេតុពេក ដូចជាសំណើដាក់ ពន្ធនាគារក្រុមគ្រួសារធ្វើចំណាកស្រុកទាំងអស់នោះជាដើម…ដូច្នេះការចរចាចុងឆ្នាំ២០២៣ រយៈពេល១១ម៉ោងត្រូវគេរាយការណ៍ថា មិនអាចសម្រេចទទួលលទ្ធផលបានឡើយ។ ការ ចរចាសាជាថ្មីនឹងរំពឹងត្រូវធ្វើក្នុងខែមករាឆ្នាំ២០២៤ ប៉ុន្តែការរំពឹងស្វែងរកភាពខិតចូលទៅជិតគ្នារវាងគណបក្សធំទាំង២ របស់សហរដ្ឋអាមេរិកនេះ ហាក់ដូចជាមិនសូវមានសង្ឃឹមច្រើនឡើយ។

* តើអ៊ុយក្រែននឹងអាចមានវិធីផ្សេងណាមួយទៀតដើម្បីអាចទទួលជំនួយដើម្បីមានក្តីសង្ឃឹម ក្នុងឆ្នាំ២០២៤ដែរឬទេ?

រដ្ឋបាលលោក ចូ បៃដិន ខណៈដែលមានភាពរាំងស្ទះបែបនេះកំពុងកើតឡើង បានសម្លឹងមើល លទ្ធភាពផ្សេងទៀត នោះគឺការចង់ឱ្យអ៊ុយក្រែនអាចទទួលលុយបង្កក នានាពីទ្រព្យសម្បត្តិរបស់រុស្ស៊ីកន្លងមកនេះដើម្បីធ្វើជាទុនបន្តទៀតសម្រាប់សង្គ្រាមប្រឆាំងនឹងរុស្ស៊ី។ រដ្ឋបាលលោក ចូ បៃដិនបានស្នើក្រុមការងារនៃក្រុមប្រទេស G7 រកវិធីផ្សេងៗដើម្បីយកប្រាក់បង្កកទ្រព្យសម្បត្តិ រុស្ស៊ីតម្លៃ៣០០ពាន់លានដុល្លារ។ បញ្ហានេះត្រូវគេរាយការណ៍ថាបានក្លាយជា ចំណុចចរចាមួយរវាងរដ្ឋមន្ត្រីហិរញ្ញវត្ថុ នៃក្រុមប្រទេស G7 និងអនុរដ្ឋមន្ត្រីរបស់ពួកគេ។ សំណើរបស់សហរដ្ឋអាមេរិកនេះដែលគាំទ្រដោយប្រទេសអង់គ្លេស, ជប៉ុននិងកាណាដាកំពុងតែជំរុញទៅមុខដែល រំពឹងថានឹងមានការជួបចរចាមួយក្នុងរង្វង់មុនថ្ងៃទី២៤កុម្ភៈឆ្នាំ២០២៤ ដែលជាថ្ងៃរំលឹកខួប២ឆ្នាំនៃអំពើលុកលុយរបស់រុស្ស៊ីដាក់មកលើទឹកដីអ៊ុយក្រែន។ ទោះជាយ៉ាង ណាក៏ដោយប្រទេសដែលកំពុងបង្កកជំនួយរុស្ស៊ីនេះ បានបារម្ភខ្លាចក្រែងមាន ការសងសឹក ពីប្រទេសរុស្ស៊ីបើសិនជាប្រាក់បង្កកត្រូវបានគេសម្រេចអនុម័តផ្តល់ទៅឱ្យ ប្រទេសអ៊ុយក្រែន មែននោះ៕

រូបភាពពី Reuters