(ញូវដែលី)៖ ក្រុមមន្រ្តីបានឲ្យដឹងនៅថ្ងៃអង្គារនេះថា មនុស្ស៣នាក់បានស្លាប់ និង៥នាក់របួសធ្ងន់ នៅពេលដែលខ្មាន់កាំភ្លើងពាក់ស្រោមមុខ បើកការបាញ់ប្រហារទៅលើអ្នកភូមិ នៅរដ្ឋ Manipur ស្ថិតនៅភាគឦសានប្រទេសឥណ្ឌា ខណៈអំពើហិង្សាបន្តកើតមាន នៅក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២ ខែមករា ឆ្នាំ២០២៤។

យ៉ាងហោចណាស់មនុស្សចំនួន ១៨០នាក់បានស្លាប់ ចាប់តាំងពីមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា រវាងក្រុមជនជាតិភាគតិច Meitei និងក្រុមជនជាតិភាគតិច Kuki នៅរដ្ឋ Manipur កាលពីខែឧសភា និងបន្ទាប់ពីតុលាការចេញបញ្ជាឲ្យផ្តល់សិទ្ធិបន្ថែមពីក្រុម Kukis ទៅដល់ក្រុម Meiteis។ អំពើហិង្សាថ្មីចុងក្រោយនេះ ត្រូវបានរាយការណ៍ពីតំបន់ Lilong នៃស្រុក Thoubal កាលពីថ្ងៃចន្ទ ដោយការបាញ់ប្រហារមិនរើសមុខទៅលើអ្នកស្រុក។

មន្រ្តីប៉ូលិសជាន់ខ្ពស់មួយរូប បានប្រាប់ Reuters តាមទូរស័ព្ទថា មនុស្ស៣នាក់បានស្លាប់ ដោយសារតែត្រូវគ្រាប់កាំភ្លើង ខណៈ ៥នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយត្រូវរបួសច្រើនកន្លែង។ អាជ្ញាធរបានដាក់បម្រាមគោចរដោយមិនកំណត់ពេល នៅក្នុងស្រុក Thoubal និងស្រុកចំនួន ៤ផ្សេងទៀតដែលនៅជាប់គ្នានោះ ចាប់តាំងពីយប់ថ្ងៃចន្ទមក។

គួរបញ្ជាក់ថា រដ្ឋ Manipur ដែលមានព្រំប្រទល់ជាប់មីយ៉ាន់ម៉ា គឺជារដ្ឋតូចជាងគេរបស់ឥណ្ឌា និងមានប្រជាជនរស់នៅចំនួន ៣.២លាននាក់។ ក្នុងចំណោមអ្នកស្រុកទាំងអស់ មានជនជាតិភាគតិច Kukis ចំនួន ១៦ភារយ រស់នៅលើភ្នំ ហើយទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ច និងកូតាការងារ ក៏ដូចជាការអប់រំពីរដ្ឋាភិបាល ខណៈដែល ៥៣ភាគរយគឺជាជនជាតិភាគតិច Meiteis រស់នៅតំបន់វាលទំនាបដែលមានលក្ខខណ្ឌប្រសើរជាង៕

រូបភាពពី Reuters