(ម៉ានីល)៖ នៅថ្ងៃអង្គារនេះ ក្រុមប្រឹក្សាជាតិប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់របស់ហ្វីលីពីន បាននិយាយថា ប្រទេសអាស៊ានមួយនេះ រំពឹងថានឹងអាចត្រូវបានដកចេញពី បញ្ជីពណ៌ប្រផេះនៃអង្គការក្រុមការងារហិរញ្ញវត្ថុ ហៅកាត់ FATF នៅក្នុងឆ្នាំ២០២៤នេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២ ខែមករា ឆ្នាំ២០២៤។

FATF ដែលជាអង្គការអន្តរជាតិមួយ ធ្វើការងារប្រយុទ្ធប្រឆាំងនឹងសកម្មភាពលាងលុយកខ្វក់ និងសកម្មភាពហិរញ្ញប្បទានភេរវកម្ម បានបញ្ចូលហ្វីលីពីនទៅក្នុងបញ្ជីឈ្មោះ កាលពីខែមិថុនា ឆ្នាំ២០២១ ក្រោមហេតុផលមួយចំនួន រួមមានទាំងហានិភ័យនៃការលាងលុយ ពីអាជីវកម្មកាស៉ីណូ និងកង្វះខាតការកាត់ទោសបទល្មើសផ្តល់មូលនិធិភេរវកម្ម។

លោក Matthew David ប្រធានក្រុមប្រឹក្សាប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់ហ្វីលីពីន បានប្រាប់សន្និសីទសារព័ត៌មានថា ហ្វីលីពីននៅមិនទាន់បានដោះស្រាយបញ្ហាមួយចំនួនដែល FATF លើកឡើងនៅឡើយទេ។ លោក David បានបញ្ជាក់ថា បញ្ហាដ៏សំខាន់បំផុតនោះគឺការកាត់ទោស ចំពោះបទល្មើសផ្តល់ហិរញ្ញប្បទានភេរវកម្ម ដែលយើងត្រូវតែដោះស្រាយបន្ថែម។ កាលណាហ្វីលីពីនស្ថិតក្នុងបញ្ជីពណ៌ប្រផេះកាន់តែយូរ នឹងមានឱកាសកាន់តែខ្ពស់ក្នុងការធ្លាក់ចូលក្នុងបញ្ជីខ្មៅ។

គួរបញ្ជាក់ថា នៅពេលចូលក្នុងបញ្ជីខ្មៅ FATF នឹងតម្រូវឲ្យមានលក្ខខណ្ឌរឹងតែតឹងរ៉ឹង និងថ្លៃប្រតិបត្តិការហិរញ្ញវត្ថុការខ្ពស់ខ្លាំង សម្រាប់ប្រជាជនហ្វីលីពីនរាប់លាននាក់ ដែលកំពុងរស់នៅនិងធ្វើការនៅបរទេស ក្នុងការផ្ញើរប្រាក់មកកាន់ស្រុកកំណើត៕

រូបភាពពី Reuters