(ប៉េកាំង)៖ មុនចូលឆ្នាំថ្មីឆ្នាំសកល លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល ២០២៤ តាមរយៈអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងបណ្តាញអ៊ីនធើណេត។ ខាងក្រោមនេះជាសុន្ទរកថារបស់លោក៖

សួស្តីទាំងអស់គ្នា! រដូវកាល Dongzhi តំណាងឱ្យភាពរស់រវើកនៃជីវិត ពេលវេលាវិលជុំឥតឈប់ឈរ។ ក្នុងខណៈពេលដ៏ល្អបវរ ដែលលាចាក ឆ្នាំចាស់អបអរទទួលឆ្នាំថ្មី ខ្ញុំសូមជូនពរឆ្នាំថ្មីចំពោះអ្នកទាំងអស់គ្នាពីទីក្រុងប៉េកាំង! ក្នុងឆ្នាំ ២០២៣ យើងបានបន្តខំប្រឹងតស៊ូ និងធ្វើដំណើរទៅមុខយ៉ាងអង់អាចក្លាហាន យើងបានឆ្លងកាត់ព្យុះភ្លៀងនិងមើលឃើញទេសភាពស្រស់ស្អាត ហើយទទួលបានសមិទ្ធផលជាផ្លែផ្កាយ៉ាងច្រើន។ អ្នកទាំងអស់គ្នាបានចងចាំនូវការលំបាកពេញមួយឆ្នាំ ហើយក៏ពោរពេញទៅដោយជំនឿចិត្តចំពោះអនាគតផងដែរ។

យើងបានបោះជំហានទៅមុខយ៉ាងមុតមាំក្នុងឆ្នាំនេះ។ ការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លង បានឈានចូលដំណាក់កាលថ្មីដោយមានស្ថិរភាព សេដ្ឋកិច្ចចិនបន្តស្តារឡើងវិញនិងមានភាពល្អប្រសើរឡើង ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់បានវិវឌ្ឍរីកចម្រើនទៅមុខយ៉ាងប្រាកដប្រជា។ ប្រព័ន្ធឧស្សាហកម្មទំនើបកាន់តែមានសុក្រឹតភាព ឧស្សាហកម្មជាសរសរស្តម្ភបែបថ្មីមួយចំនួន ដែលមានភាពជឿនលឿន វៃឆ្លាត និងបៃតងបានងើបឡើងយាងឆាប់រហ័ស។ ការបង្កបង្កើនផលស្បៀងមានទិន្នផលច្រើនក្នុងរយៈពេល ២០ ឆ្នាំជាប់ៗ ទឹកកាន់តែថ្លាឆ្វង់ ភ្នំកាន់តែខៀវ ការស្តារនិងអភិវឌ្ឍជនបទ លេចចេញទិដ្ឋភាពថ្មី។ ការស្តារនិងអភិវឌ្ឍតំបន់ឦសានដោយគ្រប់ជ្រុងជ្រោយ បានចារទំព័រថ្មី តំបន់ថ្មី Xiong’an អភិវឌ្ឍយ៉ាងលឿន ខ្សែក្រវាត់សេដ្ឋកិច្ចទន្លេយ៉ង់ហ្សេមានភាពរស់រវើក តំបន់មហាឈូងសមុទ្រក្វាំងតុង-ហុងកុង-ម៉ាកាវឈានមុខគេយ៉ាងលេចធ្លោ។ សេដ្ឋកិច្ចចិនមានភាពរឹងមាំក្នុងព្យុះភ្លៀង។

យើងបានបោះជំហានទៅមុខប្រកបដោយថាមពលក្នុងឆ្នាំនេះ។ បន្ទាប់ពីការលត់ដំអស់រយៈពេលយូរ ប្រទេសចិនបានបំផុសកម្លាំងចលករ ផ្នែកនវានុវត្តន៍និងភាពរស់រវើកខាងកាអភិវឌ្ឍ។ យន្តហោះខ្នាតយក្ស C919 បានសម្រេចការហោះហើរខាងពាណិជ្ជកម្ម កប៉ាល់ទេសចរណ៍ធុនធំដែលផលតក្នុងស្រុក បានសម្រេចការសាកល្បងធ្វើនាវាចរណ៍ យានអវកាសស៊េរី Shenzhou ត្រូវបានបាញ់បង្ហោះទៅទីអវកាសជាបន្តបន្ទាប់ នាវាមុជទឹក Fendouzhe បានមុជចុះក្នុងជម្រៅទឹកជ្រៅបំផុត។ ម៉ាកផលិតផលល្បីៗ របស់ប្រទេសចិនទទួលបាន ការពេញនិយមកាន់តែច្រើនឡើងៗ ទូរស័ព្ទដៃផលិតដោយប្រទេសចិន កាន់តែមានប្រជាប្រិយភាពខ្លាំង រថយន្តដែលប្រើប្រាស់ថាមពលស្អាត អាគុយលីចូម ផលិតផលប្រើប្រាស់ថាមពលសូឡាជាដើម ជាមោទនភាពថ្មីនៃ "Made In China“។ ប្រទេសចិនរីកចម្រើនក្រោមស្មារតីខំប្រឹងតស៊ូ ទីណាៗក៏សុទ្ធតែពោរពេញទៅដោយការច្នៃប្រឌិតថ្មី។

យើងបានបោះជំហានទៅមុខដោយភាពរស់រវើកក្នុងឆ្នាំនេះ។ ការប្រកួតកីឡាសកលវិទ្យាល័យក្រុង Chengdu និងការប្រកួតកីឡាអាស៊ីក្រុង Hangzhou បានរៀបចំឡើងយ៉ាងឱឡារិក ហើយអត្តពលិកទាំងឡាយបានខិតខំប្រឹងប្រែង បង្កើតស្នាដៃដ៏អស្ចារ្យ។ ភ្ញៀវទេសចរក្នុងថ្ងៃបុណ្យ និងថ្ងៃឈប់សម្រាកមានច្រើនកុះករ ទីផ្សារភាពយន្តមានភាពផុលផុស “ការប្រកួតបាល់ទាត់លីគកំពូលភូមិ” និង ”រាត្រីសមោសរភូមិ”សុទ្ធតែមានភាពទាក់ទាញខ្លាំង ជីវភាពរស់នៅដោយកាបូនទាប បានក្លាយទៅជារបៀបរស់នៅដ៏ទាន់សម័យជាបណ្តើរៗ។ បរិយាកាសរស់នៅប្រកបដោយភាពកក់ក្តៅ និងភាពមមាញឹកនៃការស្តារឡើងវិញ បានបង្ហាញពីការស្វែងរកភាពល្អបវរ និងសុភមង្គលរបស់មនុស្សគ្រប់រូប ហើយក៏បានបង្ហាញពីប្រទេសចិន ដែលប្រកបដោយភាពរស់រវើកនិងកម្លាំងចលករផងដែរ។

យើងបានបោះជំហានទៅមុខដោយភាពជឿជាក់លើខ្លួនឯងក្នុងឆ្នាំនេះ។ ប្រទេសចិនគឺជាប្រទេសដ៏អស្ចារ្យមួយ ដែលបានបន្តវេននិងផ្សព្វផ្សាយ នូវអរិយធម៌ដ៏អស្ចារ្យ។ នៅលើទឹកដីដ៏ធំទូលាយនេះ មានវាលខ្សាច់ផងនិងតំបន់មានទឹកទន្លេបឹងបួផង ដែលតែងតែធ្វើឱ្យយើងចង់ទៅទស្សនាកម្សាន្ត។ ទន្លេលឿងនិងទន្លេយ៉ង់ហ្សេដែលហូរត្របាញ់ តែងធ្វើឱ្យយើងមានភាពរំភើប និងទឹកចិត្តក្លៀវក្លា។ ស្មារតីអរិយធម៌នៅទីសំណល់បុរាណ Liangzhu និងទីសំណល់បុរាណ Erlitou ការបន្តវេននិងផ្សព្វផ្សាយអក្សរចារឹក លើឆ្អឹងសត្វនិងស្នូកអណ្តើកនៃវិកិណ្ណដ្ឋាន Yinxu មរតកដែលមានតម្លៃមិនអាចកាត់ថ្លៃ បាននៅវិកិណ្ណដ្ឋាន Sanxingdui និងការបន្តវេននិងផ្សព្វផ្សាយនូវសរសៃឈាមអរិយធម៌ចិន នៅក្នុងបណ្ណសារដ្ឋានជាតិចិន នៃការបោះពុម្ពផ្សាយនិងវប្បធម៌ ។ល។ ប្រទេសចិនដ៏ទូលំទូលាយ ប្រវត្តិសាស្ត្រចិនដ៏យូរអង្វែង អរិយធម៌ចិនដ៏សម្បូរបែប និងជ្រាលជ្រៅសុទ្ធតែជាមូលដ្ឋាននៃជំនឿចិត្តលើខ្លួនឯង និងជាប្រភពនៃថាមពលដ៏ខ្លាំងក្លារបស់យើង។

ប្រទេសចិនមិនត្រឹមតែអភិវឌ្ឍខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងក៏បានឱបក្រសោប ពិភពលោកយ៉ាងសកម្មផងដែរ ដោយរ៉ាប់រងតួនាទី របស់ប្រទេសធំ។ យើងបានរៀបចំដោយជោគជ៏យ នូវកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាល វេទិកាកំពូលអន្តរជាតិសម្រាប់ កិច្ចសហប្រតិបត្តិការ "ខ្សែក្រវាត់និងផ្លូវ” លើកទីបី ព្រឹត្តិការណ៍ការទូតដែលប្រទេសចិនធ្វើជាម្ចាស់ផ្ទះ បានអបអរស្វាគមន៍មិត្តភក្តិ មកពីជុំវិញពិភពលោក។ ខ្ញុំក៏បានទៅបំពេញទស្សនកិច្ចនៅប្រទេសមួយចំនួន ចូលរួមកិច្ចប្រជុំអន្តរជាតិមួយចំនួន និងជួបពិភាក្សាជាមួយមិត្តចាស់ និងដៃគូថ្មីជាច្រើនដោយបានចែករំលែក គំនិតផ្តួចផ្តើមរបស់ចិននិងបង្កើនគំនិតឯកភាពរួមរវាងគ្នានិងគ្នា។ រឿងរ៉ាវលើពិភពលោកចេះតែផ្លាស់ប្តូរ តែការអភិវឌ្ឍដោយសន្តិភាពគឺជាកិច្ចការចម្បងជានិច្ច កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះគឺជារឿងដែលសំខាន់បំផុត។

នៅតាមផ្លូវឈានទៅមុខ មានព្យុះភ្លៀងគឺជារឿងធម្មតាណាស់។ សហគ្រាសមួយចំនួនប្រឈមនឹង សម្ពាធខាងការធ្វើអាជីវកម្ម មហាជនមួយចំនួនជួបប្រទះនឹងការលំបាក ក្នុងការរកការងារធ្វើនិងជីវភាពរស់នៅ កន្លែងខ្លះកើតមានគ្រោះមហន្តរាយធម្មជាតិ ដូចជាគ្រោះទឹកជំនន់ ព្យុះទីហ្វុងនិងគ្រោះរញ្ជួយដីជាដើម ទាំងនេះសុទ្ធតែជារឿងដែលខ្ញុំគិតក្នុងចិត្តជាប់រហូត។ អ្នកទាំងអស់គ្នាមិនខ្លាចការលំបាក ជួយយកអាសាគ្នាទៅវិញទៅមក ប្រឈមមុខនិងបញ្ហា និងពុះពារការលំបាកយ៉ាងអង់អាចក្លាហាន។ ខ្ញុំមានការរំភើបចិត្តយ៉ាងខ្លាំង។ ប្រជាកសិករដ៏ឧស្សាហ៍ព្យាយាម ដែលធ្វើស្រែចម្ការយ៉ាងនឿយហត់ ប្រជាកម្មករដែលខិតខំធ្វើការ សហគ្រិនដែលហ៊ានសាកល្បងនិងតស៊ូបង្កើតអាជីព ទាហានដែលការពារជាតិមាតុភូមិ មនុស្សគ្រប់រូបដែលប្រកបមុខរបរផ្សេងៗ សុទ្ធតែបានខិតខំបំពេញភារកិច្ចរៀងៗខ្លួន មនុស្សដ៏សាមញ្ញគ្រប់គ្នា សុទ្ធតែបានធ្វើការរួមចំណែកដ៏វិសាមញ្ញ! ប្រជាជនជាទីបង្អែកធំបំផុតជាដរាប សម្រាប់បក្សនិងប្រទេសយើង ក្នុងការយកឈ្នះលើរាល់ការលំបាកទាំងអស់។

ឆ្នាំក្រោយជាខួប ៧៥ ឆ្នាំនៃការបង្កើតប្រទេសចិនថ្មី។ យើងត្រូវជំរុញយ៉ាងមុតមាំមិនងាករេ នូវការធ្វើទំនើបកម្មតាមបែបផែនចិន អនុវត្តយ៉ាងល្អពេញលេញ ត្រឹមត្រូវនិងគ្រប់ជ្រុងជ្រោយនូវគំនិតអភិវឌ្ឍន៍ថ្មី ពន្លឿនការកសាងនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ គ្រោងផែនការទូទៅសម្រាប់ការអភិវឌ្ឍនិងសន្តិសុខ។ ត្រូវប្រកាន់ខ្ជាប់ នូវការស្វែងរកការរីកចម្រើន ក្នុងភាពនឹងនរ ជំរុញស្ថិរភាពតាមរយៈការរីកចម្រើនទៅមុខ ពង្រឹងនិងពង្រីកនិន្នាការសេដ្ឋកិច្ច ដែលបាននិងកំពុងស្តារឡើងវិញនិងមានភាពប្រសើរឡើង ដើម្បីសម្រេចឱ្យសេដ្ឋកិច្ចដំណើរការដោយនឹងនរនិងយូរអង្វែង។ ត្រូវធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់និងបើកទូលាយ លើកកម្ពស់ថែមទៀតនូវជំនឿចិត្តខាងការអភិវឌ្ឍ បង្កើនភាពរស់រវើកនៃសេដ្ឋកិច្ច បង្កើនកម្លាំងជំរុញវិស័យអប់រំ លើកកម្ពស់កម្រិតវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា និងបណ្តុះបណ្តាលធនធានមនុស្ស។ ត្រូវបន្តគាំទ្រហុងកុងនិងម៉ាកាវឱ្យពង្រីកឧត្តមភាពរៀងៗខ្លួន ដើម្បីរក្សាស្ថិរភាពនិងវិបុលភាពក្នុងរយៈពេលយូរ ខណៈពេលរួមបញ្ចូលក្នុងនិម្មាបនកម្ម នៃការអភិវឌ្ឍរបស់ប្រទេសជាតិឱ្យបានកាន់តែល្អ។ ការបង្រួបបង្រួមមាតុប្រទេស ជានិន្នាការដ៏ចាំបាច់នៃប្រវត្តិសាស្រ្ត ជនរួមជាតិត្រើយទាំងសងខាងត្រូវពួតដៃគ្នាចិត្តមួយថ្លើមមួយ ដើម្បីចែករំលែកនូវភាពរុងរឿងដ៏មហិមា នៃការស្តារប្រជាជាតិចិនឡើងវិញ។

គោលដៅយើងធំធេងណាស់តែក៏ជាគោលដៅដ៏ប្រាកដប្រជាដែរ នោះគឺខិតខំប្រឹងប្រែងយ៉ាងណាដើម្បីធ្វើឱ្យប្រជាជន មានជីវភាពរស់នៅកាន់តែល្អប្រសើរ។ ការចិញ្ចឹមបីបាច់ និងការទទួលបានការអប់រំរបស់ក្មេងៗ ការមានការងារធ្វើនិងអាចក្លាយទៅជា ធនធានមនុស្សរបស់យុវជន ការព្យាបាលជំងឺនិងការចិញ្ចឹមជីវិតក្នុងវ័យជរារបស់មនុស្សចាស់ ជារឿងរបស់គ្រួសារនីមួយៗហើយ ក៏ជារឿងរបស់ប្រទេសជាតិផងដែរ ហេតុដូច្នេះយើងគួរតែខិតខំប្រឹងប្រែងជាមួយគ្នា ដើម្បីធ្វើរឿងទាំងនេះឱ្យបានល្អ។ សង្គមបច្ចុប្បន្នដំណើរការដោយល្បឿនលឿន យើងទាំងអស់គ្នាសុទ្ធតែមានភាពមមាញឹក សម្ពាធការងារនិងជីវភាពរស់នៅក៏ធំដែរ។ យើងត្រូវបង្កបរិយកាសសង្គមប្រកបដោយភាពកក់ក្តៅនិងភាពចុះសម្រុងគ្នា ពង្រីកលំហនវានុវត្តន៍ដែលប្រកប ដោយភាពបរិយាបន្ននិងភាពរស់រវើក បង្កលក្ខណសម្បត្តិរស់នៅប្រកបដោយភាពងាយស្រួល និងផាសុកភាពដើម្បីធ្វើឱ្យយើងទាំងអស់គ្នា មានទឹកចិត្តសប្បាយរីករាយ ជីវិតរស់នៅប្រកបដោយអត្ថន័យ និងសម្រេចក្តីសុបិនរបស់ខ្លួន។

សព្វថ្ងៃ លើពិភពលោកនេះនៅមានកន្លែងខ្លះដែលកំពុងស្ថិតនៅក្នុងភ្លើងសង្គ្រាម។ ប្រជាជនចិនយល់ដឹងច្បាស់ណាស់នូវតម្លៃនៃសន្តិភាព ពួកយើងរីករាយរួមជាមួយសហគមន៍អន្តរជាតិ គិតគូរពីអនាគតនៃមនុស្សជាតិនិងសុខុមាលភាពនៃប្រជាជន ដើម្បីជំរុញការកសាងសហគមន៍វាសនារួម នៃមនុស្សជាតិនិងកសាងពិភពលោកកាន់តែល្អបវរ។ ក្នុងខណៈពេលនេះ ស្បៃរាត្រីបានគ្របដណ្តប់លើមហាប្រឹថពី ពន្លឺភ្លើងបានចែងចាំងចេញពីគ្រប់ក្រុមគ្រួសារ។ ចូរយើងនាំគ្នាជូនពរមាតុប្រទេស ឱ្យមានភាពរុងរឿងថ្កុំថ្កើង ពិភពលោកមានសន្តិភាពនិងភាពសុខសាន្ត។ សូមជូនពរអ្នកទាំងអស់គ្នាមានភាពកក់ក្តៅពេញមួយឆ្នាំ សម្រេចអ្វីៗបានដូចក្តីបំណង និងមានសុខភាពល្អមាំមួន! សូមអរគុណ៕

វិទ្យុមិត្តភាពកម្ពុជាចិន