(ឡុងដ៏)៖ រដ្ឋមន្ត្រីការពារជាតិ លោក Grant Shapps បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា ចក្រភពអង់គ្លេស «មានឆន្ទៈចាត់វិធានការដោយផ្ទាល់» ប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់នៅក្នុងប្រទេសយេម៉ែន ដែលបានធ្វើសកម្មភាពវាយប្រហារម្តងហើយម្តងទៀត មកលើកប៉ាល់ពាណិជ្ជកម្មនៅតំបន់សមុទ្រក្រហម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២ ខែមករា ឆ្នាំ២០២៤។

លោក Grant Shapps បានបញ្ជាក់តាមកាសែត Daily Telegraph យ៉ាងដូច្នេះថា «យើងក៏មិនស្ទាក់ស្ទើរក្នុងការចាត់វិធានការបន្ថែម ដើម្បីទប់ស្កាត់ការគំរាមកំហែងដល់សេរីភាពនៃការធ្វើនាវាចរណ៍ នៅឯសមុទ្រក្រហម។ ក្រុមហ៊ូទីមិនគួរសង្ស័យចំពោះការប្តេជ្ញាចិត្តរបស់យើង ដែលថានឹងធ្វើឲ្យអ្នកប្រព្រឹត្តអាក្រក់ទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួននោះឡើយ»

ដោយពិពណ៌នាពីស្ថានភាពក្នុងតំបន់ថា ជាការសាកចិត្តសហគមន៍អន្តរជាតិលើការពារដែនទឹកអន្តរជាតិ លោក Grant Shapps បានបន្ថែមថា «ប្រសិនបើយើងមិនការពារសមុទ្រក្រហមទេ វាហាក់បីដូចជាយើងកំពុងប្រថុយនឹងការគំរាមកំហែងនៅឯកន្លែងផ្សេងទៀត រួមទាំងសមុទ្រចិនខាងត្បូង និងតំបន់គ្រីមៀ។ យើងត្រូវតែឈរនៅជាមួយសម្ព័ន្ធមិត្ត ប្រកបដោយជំនឿចិត្ត និងការពារមនុស្សស្លូតត្រង់ដែលត្រូវជាប់ក្នុងសកម្មភាពទាំងនេះ»។

គួរបញ្ជាក់ថា ការព្រមានរបស់ទីក្រុងឡុងដ៍ ធ្វើឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងនៅចំណុចផ្លូវដឹកជញ្ជូនដ៏សំខាន់មួយនេះ ដោយឧទ្ធម្ភាគចក្រកងទ័ពជើងទឹកអាមេរិក ទើបនឹងបានបាញ់ផ្លោងទៅលើក្រុមហ៊ូទី ដែលព្យាយាមឡើងលើកប៉ាល់ដឹកទំនិញកាលពីចុងសប្តាហ៍មុន។ ប៉ុន្មានម៉ោងបន្ទាប់ពីមានឧប្បត្តិហេតុថ្មីចុងក្រោយនោះ លោក Shapps បានប្រកាសថា ចក្រភពអង់គ្លេសអាចបង្កើនការធ្វើអន្តរាគមន៍យោធា ខណៈដែលនាវាចម្បាំងរបស់ខ្លួនធ្លាប់បាញ់ទម្លាក់យន្តហោះដ្រូនរបស់ក្រុមហ៊ូទី កាលពីពាក់កណ្តាលខែធ្នូ រួចមកហើយ៕

រូបភាពពី កងទ័ពជើងទឹកអង់គ្លេស