(តៃប៉ិ)៖ មេដឹកនាំតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា ទំនាក់ទំនងរវាងតៃវ៉ាន់ និងចិនត្រូវតែសម្រេចដោយឆន្ទៈរបស់ប្រជាជន ហើយសន្តិភាពត្រូវតែផ្អែកលើសេចក្តីថ្លៃថ្នូរ បន្ទាប់ពីលោក ស៉ី ជីនពីង ប្រធានាធិបតីចិន និយាយថាការបង្រួបបង្រួមជាមួយតៃវ៉ាន់ គឺជារឿងចៀសមិនរួច។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២ ខែមករា ឆ្នាំ២០២៤។

ថ្លែងក្នុងសុន្ទរកថាថ្ងៃឆ្លងឆ្នាំសកល លោក ស៉ី ជីនពីង បានសង្កត់ធ្ងន់ថា «ប្រជាជននៅសងខាងនៃច្រកសមុទ្រតៃវ៉ាន់ គឺជាគ្រួសារតែមួយ»។ នៅពេលត្រូវបានសាកសួរអំពីការអត្ថាធិប្បាយនោះ លោកស្រី សៃ បាននិយាយថា គោលការណ៍ដ៏សំខាន់បំផុតស្តីទំនាក់ទំនងជាមួយចិន គឺលទ្ធិប្រជាធិបតេយ្យ។ លោកស្រី សៃ បានគូសបញ្ជាក់ថា «នេះគឺជាការទទួលយកឆន្ទៈរួមរបស់ប្រជាជនតៃវ៉ាន់ ឲ្យធ្វើការសម្រេចចិត្ត។ ប្រជាជនតៃវ៉ាន់ចង់បានសន្តិភាព ប៉ុន្តែយើងចង់បានសន្តិភាពដោយសេចក្តីថ្លៃថ្នូរ»

គួរបញ្ជាក់ថា លោកស្រី សៃ មិនអាចឈរឈ្មោះបន្តទៀតបានទេក្រោយកាន់តំណែងអស់ ២អាណត្តិ ខណៈតៃវ៉ាន់នឹងរៀបចំការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤។ តៃវ៉ាន់បានព្រមានម្តងហើយម្តងទៀតថា ចិនកំពុងព្យាយាមជ្រៀតជ្រែកក្នុងការបោះឆ្នោត មិនថាដោយការប្រើប្រាស់ព័ត៌មានក្លែងក្លាយ ការដាក់សម្ពាធខាងផ្នែកយោធា ឬពាណិជ្ជកម្មនោះទេ៕

រូបភាពពី Reuters