(ហ្កាហ្សា)៖ យោធាអ៉ីស្រាអែល កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះបាននិយាយថាសង្រ្គាមរបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស នៅក្នុងតំបន់ហ្កាហ្សានឹងបន្ត ធ្វើឡើងពេញមួយឆ្នាំ២០២៤ ខណៈភាគីជម្លោះទាំង២ បានឆ្លងឆ្នាំថ្មីជាមួយការបាញ់ផ្លោងគ្រាប់ដាក់គ្នាទៅវិញទៅមក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២ ខែមករា ឆ្នាំ២០២៤។

នៅក្នុងសារអបអរសាទរឆ្នាំថ្មី អ្នកនាំពាក្យយោធាអ៉ីស្រាអែល លោក Daniel Hagari បានបញ្ជាក់ទៀតថាកងទ័ពមួយចំនួនក្នុងចំណោមកងទ័ពបម្រុង ជាង ៣០០,០០០នាក់ នឹងត្រូវសម្រាកពីសង្រ្គាមមួយរយៈ ដើម្បីត្រៀមលក្ខណៈទទួលភារកិច្ចថ្មី នៅក្នុងសង្រ្គាមដែលអាចនឹងមានរយៈពេលពេញ មួយឆ្នាំ២០២៤នេះ។ «យើងនឹងត្រូវតម្រូវឱ្យមានភារកិច្ចបន្ថែម ហើយសង្រ្គាមអាចនឹងបន្តពេញមួយឆ្នាំនេះ»។ នេះជាការបញ្ជាក់របស់លោក Hagari។

គួរបញ្ជាក់ថា បើតាមក្រសួងសុខាភិបាលក្នុងតំបន់ហ្កាហ្សា មនុស្សយ៉ាងហោច ២៤នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់ អ៉ីស្រាអែលកាលពីយប់ឆ្លងឆ្នាំសកល ខណៈក្រុមហាម៉ាសត្រូវបានរាយការណ៍ថាបានបាញ់ផ្លោងគ្រាប់រ៉ុក្កែតជាច្រើនគ្រាប់លើអ៉ីស្រាអែលផងដែរ។

ក្រសួងសុខាភិបាលក្នុងតំបន់ហ្កាហ្សាបានបន្ថែមថាក្នុងចំណោមអ្នកស្លាប់ទាំង ២៤នាក់ខាងលើ ក្នុងនោះមានសាកសពមនុស្ស១៥នាក់ ជាសមាជិក ក្នុងគ្រួសារតែមួយត្រូវបានរកឃើញ និងទាញចេញពីគំនរផ្ទះបាក់រលំកាលពីថ្ងៃចន្ទ ក្នុងទីក្រុង Jabalia ស្ថិតនៅភាគខាងជើងនៃតំបន់ហ្កាហ្សា៕

រូបភាពពី AFP