(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង​ លោក យូន ស៊ុកយុល បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះមេដឹកនាំគណបក្សប្រឆាំង លោក Lee Jae-myung ដែលត្រូវបានបុរសម្នាក់ចាក់ឱ្យរងរបួស នៅព្រឹកថ្ងៃអង្គារ ទី២ ខែមករានេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP។

តាមអ្នកនាំពាក្យរបស់ប្រធានាធិបតីកូរ៉េខាងត្បូង គឺលោកស្រី Kim Soo-kyung លោក យូន ស៊ុកយុល បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងពី សុវត្ថិភាពរបស់លោក Lee Jae-myung ក្រោយទទួលដំណឹងថារូបលោកត្រូវគេចាក់ឱ្យរងរបួស។ លោក យូន ក៏បានថ្កោលទោស ការវាយប្រហារនេះដែរថាជាទង្វើមិនអាចទទួលយកបាន និងបានសង្កត់ថាសង្គមកូរ៉េខាងត្បូង​ នឹងមិនអត់ឱនឱ្យជាដាច់ខាតចំពោះសកម្មភាព ហិង្សាបែបនេះនៅគ្រប់កាលៈទេសៈទាំងអស់។ មិនតែប៉ុណ្ណោះ លោក យូនបានណែនាំឱ្យមានការយកចិត្តទុកដាក់ខ្ពស់ថែទាំ និងព្យាបាលលោក Lee ដើម្បីឱ្យរូបលោកឆាប់បានជាសះស្បើយ។

គួរបញ្ជាក់ថា លោក Lee Jae-myung មេដឹកនាំគណបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងធំបំផុតរបស់កូរ៉េខាងត្បូង ត្រូវបានចាក់ដោយ កាំបិត នៅចំផ្នែកខាងឆ្វេងនៃក របស់លោក អំឡុងឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន ក្រោយធ្វើទស្សនកិច្ចបែបទេសចរណ៍ទៅកាន់ ការដ្ឋានសាងសង់អាកាយានដ្ឋានថ្មីមួយកន្លែងនៅលើកោះ Gadeok នៃទីក្រុង Busan។ ក្រោយការវាយប្រហារកើតឡើង ជនដៃដល់ជាបុរសម្នាក់ ត្រូវបានចាប់ខ្លួនភ្លាមៗនៅនឹងកន្លែងកើតហេតុ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយ ដោយលោកនៅមានស្មារតីជាប្រក្រតី។

លោក Lee Jae-myung គឺជាអតីតគូប្រជែងម្នាក់ដែលបានចាញ់លោក យូន ស៊ុកយុល យ៉ាងប្រផិតប្រផើយក្នុងការបោះឆ្នោតប្រធានាធិបតី កូរ៉េខាងត្បូង កាលពីឆ្នាំ២០២០៕

ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល ដោយ Reuters