(ហ្កាហ្សា)៖ សង្រ្គាមនៅក្នុងតំបន់ហ្កាហ្សា បានឈានចូលក្នុងឆ្នាំថ្មីហើយ នៅថ្ងៃចន្ទ ទី១ ខែមករា ឆ្នាំ២០២៤នេះ ដោយក្រុមហាម៉ាសបានបាញ់គ្រាប់ រ៉ុក្កែតជាច្រើនគ្រាប់ឆ្ពោះទៅកាន់អ៉ីស្រាអែល តែប៉ុន្មាននាទីប៉ុណ្ណោះមុនដាច់ឆ្នាំ២០២៣ ខណៈមនុស្សជាច្រើននាក់ត្រូវបានសម្លាប់ នៅក្នុងការទម្លាក់ គ្រាប់បែករបស់អ៉ីស្រាអែលលើតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ស៊ីរ៉ែនប្រកាសអាសន្នបានបន្លឺសំឡេងឡើងនៅទូទាំងប្រទេសអ៉ីស្រាអែល ខណៈឆ្នាំ២០២៤ចូលមកដល់។ អ្នកយកព័ត៌មាន AFP ប្រចាំទីក្រុង Tel Aviv បានរាយការណ៍ថាប្រព័ន្ធការពារដែនអាកាសរបស់អ៉ីស្រាអែល បានស្ទាក់បំផ្លាញគ្រាប់រ៉ុក្កែតជាច្រើនគ្រាប់។ ចំណែក កងពលតូច al-Qassam របស់ក្រុមហាម៉ាស បានទទួលស្គាល់នៅក្នុងវីដេអូមួយត្រូវបានបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គមថាខ្លួនជាអ្នកវាយប្រហារលើអ៉ីស្រាអែល ដោយប្រើគ្រាប់រ៉ុក្កែតប្រភេទ M90 ជាការឆ្លើយតបទៅនឹងអ្វីដែលពួកគេហៅថាជាការកាប់សម្លាប់រង្គាលជនស៊ីវិលពីសំណាក់អ៉ីស្រាអែល។

ខាងយោធាអ៉ីស្រាអែល ក៏បានទទួលស្គាល់ការវាយប្រហារពីក្រុមហាម៉ាសដែរ តែមិនបានផ្ដល់ព័ត៌មានអ្វីលម្អិតនោះទេ។

គួរបញ្ជាក់ថា ទន្ទឹមគ្នានឹងការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៉ីស្រាអែល ក្រសួងសុខាភិបាលក្នុងតំបន់ហ្កាហ្សា បានឱ្យដឹងថាមនុស្សយ៉ាងហោច ២៤នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល ខណៈចំនួនមនុស្សដែលត្រូវបានសម្លាប់ដោយអ៉ីស្រាអែល ក្នុងតំបន់ ហ្កាហ្សា បានកើនដល់ ២១,៨២២នាក់ ក្នុងនោះភាគច្រើនជាស្ត្រី និងកុមារ ចាប់តាំងពីយោធាអ៉ីស្រាអែលបើកការវាយប្រហារសងសឹកទៅនឹង ការវាយប្រហាររបស់ក្រុមហាម៉ាសលើភាគខាងត្បូង អ៉ីស្រាអែលដែលបានសម្លាប់មនុស្ស ១,១៤០នាក់ ក្នុងនោះភាគច្រើនជាជនស៊ីវិល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ ក្រុមហាម៉ាសក៏បានចាប់មនុស្ស ២៥០នាក់ជាចំណាប់ខ្មាំងផងដែរ និងក្នុងនោះភាគច្រើននៃចំណាប់ខ្មាំងទាំងនេះកំពុងជាប់ឃុំ នៅហ្កាហ្សានៅឡើយ៕

រូបភាពពី​ AFP