(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃចន្ទ ទី១ ខែមករានេះបាននិយាយថាលោកមានឆន្ទៈធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីលើកកម្ពស់ ទំនាក់ទំនងប្រកបដោយស្ថិរភាព អំឡុងផ្ញើសារអបអរសាទរគ្នាទៅវិញទៅមកជាមួយលោកប្រធានាធិបតី ចូ បៃដិន នាឱកាសនៃខួបបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំង២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក ស៊ី ជីនពីង និងលោក ចូ បៃដិន បានជួបគ្នានៅក្នុងទីក្រុង San Francisco សហរដ្ឋអាមេរិក កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ជាមួយការសន្យាថានឹងស្ដារ ទំនាក់ទំនងឡើងវិញ ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងទប់ស្កាត់កុំឱ្យការប្រកួតប្រជែងគ្នារវាងចិន និងសហរដ្ឋអាមេរិក រាលដាលទៅជាជម្លោះ។

ក្នុងសារអបអរសាទរគ្នាទៅវិញទៅមក នៃឱកាសខួបបង្កើតទំនាក់ទំនងការទូតលើកទី៤៥ រវាងប្រទេសទាំង២ លោក ស៊ី ជីនពីង បានសង្កត់ធ្ងន់ថា ភាគីទាំង២ គួរតែធ្វើសកម្មភាពជាក់ស្ដែងដើម្បីលើកកម្ពស់ស្ថិរភាព សុខមាលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងទំនាក់ទំនងចិន-សហរដ្ឋអាមេរិក។

តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV ដែលបានដកស្រង់សម្ដីលោក ស៊ី ជីនពីង លោកប្រធានាធិបតីចិន ក៏បានបញ្ជាក់ដែរថាលោកមានឆន្ទៈធ្វើការជាមួយ លោកប្រធានាធិបតី បៃដិន ដើម្បីបន្តដឹកនាំទំនាក់ទំនងចិន-សហរដ្ឋអាមេរិក និងស្វែងរកផលចំណេញសម្រាប់ទាំងចិន និងសហរដ្ឋអាមេរិក ព្រមទាំង ប្រជាជននៃប្រទេសទាំង២ ក៏ដូចជាលើកកម្ពស់សន្តិភាព និងការអភវឌ្ឍរបស់ពិភពលោក។

លោក ស៊ី ជីនពីង បន្ថែមទៀតថាការគោរពគ្នាទៅវិញទៅមក ការរួមរស់ជាមួយគ្នាដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ គឺជាមធ្យោបាយមួយ ដ៏ត្រឹមត្រូវឱ្យចិន និងសហរដ្ឋអាមេរិកធ្វើការទំនាក់ទំនងគ្នា៕

រូបភាពពី​ Reuters