(គែរ)៖ ឧទ្ធម្ភាគចក្ររបស់យោធាអាមេរិក បានវាយរុញច្រានការវាយប្រហារពីសំណាក់ក្រុមហ៊ូទី គាំទ្រដោយអ៉ីរ៉ង់ លើកប៉ាល់ដឹកទូរកុងតឺន័រមួយរបស់ក្រុមហ៊ុន Maersk នៅក្នុងតំបន់សមុទ្រក្រហម ដោយបានបាញ់ពន្លិចទូក ៣គ្រឿង និងសម្លាប់ក្រុមសកម្មប្រយុទ្ធ១០នាក់។ នេះបើតាមយោធាអាមេរិក និងក្រុមមន្ត្រីហ៊ូទី ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១ ខែមករា ឆ្នាំ២០២៤។

បញ្ជាការដ្ឋានយោធាអាមេរិកទទួលបន្ទុកកិច្ចការតំបន់មជ្ឈិមបូព៌ា និងអាស៊ីកណ្ដាល ឬហៅកាត់ថា CENTCOM បានឱ្យដឹងថា ការប្រយុទ្ធគ្នាបានកើតឡើងកាលពី ថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ អំឡុងពេលដែលក្រុមសកម្មប្រយុទ្ធជាច្រើននាក់ ព្យាយាមឡើងលើកប៉ាល់ Maersk Hangzhou ដែលមានដោតទង់ជាតិសិង្ហបុរី។
CENTCOM បានបន្ថែមថាឧទ្ធម្ភាគចក្រ មកពីនាវាចម្បាំង USS Eisenhower និង USS Gravely បានរួមដៃគ្នាជាក្រុមមន្ត្រីសន្តិសុខរបស់កប៉ាល់ដឹកទូរកុងតឺន័រនេះ ដើម្បីវាយរុញច្រានការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធ ក្រោយទទួលបានការហៅរកជំនួយ។

ចំណែក អ្នកនាំពាក្យម្នាក់របស់ក្រុមហ៊ូទី ក៏បានទទួលស្គាល់ដែរថាបានដឹកនាំការវាយប្រហារលើកប៉ាល់ខាងលើ ដោយសារតែកប៉ាល់នេះ មិនព្រមស្ដាប់តាមការព្រមាន របស់ខ្លួន ហើយក៏បានបញ្ជាក់ទៀតផងថាក្រុមអ្នកប្រយុទ្ធជើងទឹកហ៊ូទី ១០នាក់បានស្លាប់ ក្រោយទូករបស់ពួកគេរងការវាយប្រហារពីកងកម្លាំងអាមេរិកឈរជើង នៅក្នុងតំបន់សមុទ្រក្រហម។

គួរបញ្ជាក់ថា ក្រុមហ៊ូទីយេម៉ែន ដែលមានអ៉ីរ៉ង់ជាខ្នងបង្អែក បានអះអាងថាការវាយប្រហាររបស់ខ្លួនលើកប៉ាល់ដឹកទំនិញក្នុងតំបន់សមុទ្រក្រហមគឺជាការបង្ហាញ សាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន ក្នុងតំបន់ហ្កាហ្សាជាទីដែលអ៉ីស្រាអែល កំពុងធ្វើសង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាស។ ប៉ុន្តែ ការវាយប្រយុទ្ធគ្នាកាលពីថ្ងៃអាទិត្យ ជាសញ្ញាមួយមិនល្អនោះទេ ខណៈការភ័យខ្លាចមានកាន់តែច្រើនឡើងចំពោះលទ្ធភាពដែលសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស អាចនឹងផ្ទុះរាលដាលកាន់តែ ធំ៕

រូបភាពពី CENTCOM