(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រាប់ក្រុមមេបញ្ជាការរបស់លោកថាជម្លោះប្រដាប់អាវុធ កំពុងឈានទៅរកក្លាយជាការពិត ដោយសារតែសកម្មភាពអរិភាពរបស់សត្រូវមួយចំនួន ក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិក ហើយដែលនេះតម្រូវឱ្យកូរ៉េខាងជើងត្រូវតែ «សំលៀងដាវឱ្យ មុត» ដើម្បីការពារខ្លួន។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១ ខែមករា ឆ្នាំ២០២៤។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃចន្ទនេះបានស្រង់សម្ដីរបស់លោក គីម ជុងអ៊ុន ដែលបានថ្លែងនៅឯជំនួបជាមួយមេដឹកនាំយោធាជាន់ខ្ពស់ របស់កូរ៉េខាងជើង កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ នៅឯទីស្នាក់ការកណ្ដាលនៃគណបក្សពលករ ដើម្បីអបអរសាទរពួកគេដែលបានបំពេញការងារ ពេញមួយឆ្នាំ២០២៣កន្លងទៅ។ លោក គីម ជុងអ៊ុន បានគូសបញ្ជាក់នាឱកាសនោះដូច្នេះថា «ប្រសិនបើពួកគេ (សត្រូវ) ជ្រើសរើសយកការប្រឈមមុខដាក់គ្នាដោយយោធា និងបង្កសង្រ្គាម យើងត្រូវតែប្រើប្រាស់គ្រប់មធ្យោបាយដ៏ខ្លាំងក្លាទាំងអស់...ដើម្បីយកឈ្នះ និងកម្ទេច ពួកគេទាំងស្រុង»

នៅក្នុងសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយ KCNA បានឱ្យដឹងទៀតថាលោក គីម ជុងអ៊ុន បានរៀបចំពិធីជប់លៀងមួយសម្រាប់សមាជិកជាន់ខ្ពស់មកពី គណបក្សពលកររបស់លោកដែលជាបក្សកាន់អំណាចតែមួយគត់នៅកូរ៉េខាងជើង និងបានចូលរួមដោយផ្ទាល់ក្នុងការប្រគំតន្ត្រីអបអរសាទរឆ្នាំថ្មីផងដែរ៕

រូបភាពពី KCNA ដោយ Reuters