(ហ្គាហ្សា)៖ អតីតរដ្ឋមន្ត្រីប៉ាឡេស្ទីនម្នាក់ ត្រូវបានសម្លាប់នៅថ្ងៃអាទិត្យនេះ នៅក្នុងការវាយឆ្មក់របស់អ៊ីស្រាអែលទៅលើផ្ទះរបស់គាត់នៅតំបន់ហ្គាហ្សាស្ទ្រីប នេះបើយោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការប៉ាឡេស្ទីន និងក្រសួងសុខាភិបាលរបស់ហាម៉ាស ចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

ទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន (Wafa) និងក្រសួងបានរាយការណ៍ថា លោក Yousef Salama (អាយុ ៦៨ ឆ្នាំ) អតីតរដ្ឋមន្ត្រីក្រសួងកិច្ចការសាសនានៃអាជ្ញាធរប៉ាឡេស្ទីន ត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់លើជំរុំជនភៀសខ្លួន Al-Maghazi នៅកណ្តាលហ្គាហ្សាស្ទ្រីប។

លោក Salama ត្រូវបានចាត់ទុកថាមនុស្សជិតស្និទ្ធនឹងក្រុមប៉ាឡេស្ទីន Fatah ដែលជាគណបក្សរបស់ប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក Mahmoud Abbas ហើយបានបម្រើការជារដ្ឋមន្ត្រីនៅចន្លោះខែកុម្ភៈ ឆ្នាំ ២០០៥ ដល់ខែមីនា ឆ្នាំ ២០០៦។ លោកក៏ធ្លាប់ធ្វើជាគ្រូសម្តែងធម៌នៅវិហារឥស្លាម Al-Aqsa នៃក្រុងយេរូសាឡឹមផងដែរ។

ទោះជាយ៉ាងណា មិន​មាន​ការ​អត្ថាធិប្បាយ​ភ្លាមៗ​ពី​កងទ័ព​អ៊ីស្រាអែល​អំពី​ការ​ស្លាប់​របស់​គាត់​ទេ។ អ៊ីស្រាអែលបានបើកយុទ្ធនាការយោធាដ៏ឃោឃៅ ប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនបានធ្វើការវាយប្រហារ ដែលមិនធ្លាប់មានពីមុនមកលើអ៊ីស្រាអែលភាគខាងត្បូងកាលពីថ្ងៃទី ៧ ខែតុលា។

ការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់ បានសម្លាប់មនុស្សប្រហែល ១,១៤០ នាក់ ដែលភាគច្រើនជាជនស៊ីវិល នេះបើយោងតាមការបូកសរុបរបស់ AFP ដោយផ្អែកលើទិន្នន័យរបស់អ៊ីស្រាអែល។

យោងតាមក្រសួងសុខាភិបាលហ្គាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាសបានឱ្យដឹងថា ការវាយលុករបស់អ៊ីស្រាអែល ដែលកំពុងបន្តលើតំបន់ហ្គាហ្សាបានសម្លាប់មនុស្សជាង ២១,៨០០ នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ៕