(ប៉ាឡេស្ទីន)៖ នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បាននិយាយនៅថ្ងៃអាទិត្យនេះថា អ៊ីស្រាអែលបានបង្ហាញពី «ក្រមសីលធម៌» ដែលមិនអាចប្រៀបផ្ទឹមបាននៅក្នុងសង្រ្គាមហ្គាហ្សា ហើយបានច្រានចោលការចោទប្រកាន់របស់អាហ្វ្រិកខាងត្បូងដែលថា ខ្លួនបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅក្នុងទឹកដីប៉ាឡេស្ទីន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

លោក Netanyahu បានថ្លែងប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅទីក្រុង Tel Aviv ដូច្នេះថា «យើងនឹងបន្តសង្រ្គាមការពាររបស់យើង ដែលប្រកាន់ភ្ជាប់នឹងអំពើយុត្តិធម៌ និងសីលធម៌ដែលគ្មានអ្វីប្រៀបផ្ទឹមបាន»។​

ការអត្ថាធិប្បាយរបស់លោក បានធ្វើឡើងបន្ទាប់ពីប្រទេសអាហ្រ្វិកខាងត្បូង បានដាក់ពាក្យប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ប្រឆាំងនឹងអ៊ីស្រាអែលជុំវិញអ្វីដែលខ្លួនបាននិយាយថាជា» អំពើប្រល័យពូជសាសន៍» នៅក្នុងតំបន់ហ្គាហ្សា។

លោក Netanyahu បាននិយាយថា «ទេ! អាហ្រ្វិកខាងត្បូង វាមិនមែនជាយើងទេ ដែលមកប្រព្រឹត្តអំពើប្រល័យពូជសាសន៍ វាគឺជាក្រុមហាម៉ាស»។ លោកបានបន្តថា «ពួកវានឹងសម្លាប់យើងទាំងអស់គ្នាប្រសិនបើអាចធ្វើបាន។ ផ្ទុយទៅវិញ កងទ័ពអ៊ីស្រាអែលមានអាកប្បកិរិយាប្រកបដោយក្រមសីលធម៌តាមដែលអាចធ្វើទៅបាន»

គួរបញ្ជាក់ថា អ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការយោធាដ៏ឃោរឃៅប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនបានបើកការវាយប្រហារដែលមិនធ្លាប់មានពីមុនមកលើអ៊ីស្រាអែលភាគខាងត្បូងកាលពីថ្ងៃទី ៧ ខែតុលា។

ការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់ បានសម្លាប់មនុស្សប្រហែល ១,១៤០ នាក់ ដែលភាគច្រើនជាជនស៊ីវិល នេះបើយោងតាមការបូកសរុបរបស់ AFP ដោយផ្អែកលើទិន្នន័យរបស់អ៊ីស្រាអែល។

យោងតាមក្រសួងសុខាភិបាលហ្គាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាសបានឱ្យដឹងថា ការវាយលុករបស់អ៊ីស្រាអែល ដែលកំពុងបន្តលើតំបន់ហ្គាហ្សាបានសម្លាប់មនុស្សជាង ២១,៨០០ នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ៕