(ម៉ូស្គូ)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA ដែលបានចុះផ្សាយនៅថ្ងៃអាទិត្យនេះថា តុលាការរុស្ស៊ីបានកាត់ទោសជនសកម្មប្រយុទ្ធអ៊ុយក្រែនជាង ២០០ នាក់ឱ្យជាប់ពន្ធនាគារ ចាប់តាំងពីទីក្រុងម៉ូស្គូបានចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួន​ នៅក្នុងប្រទេសអ៊ុយក្រែនមក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

លោក Lavrov បានប្រាប់ RIA ថា «តុលាការសហព័ន្ធរុស្ស៊ីបានកាត់ទោសអ្នកតំណាងជាង ២០០ នាក់នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ឱ្យជាប់ពន្ធនាគាររយៈពេលវែងពីបទប្រព្រឹត្តអំពើឃោរឃៅក្នុងសង្គ្រាម»។

រដ្ឋមន្ត្រីការបរទេសរូបនេះបានប​ន្ថែមទៀតថា ស្ថាប័នស៊ើបអង្កេតសំខាន់របស់រុស្ស៊ី ដែលជាគណៈកម្មាធិការស៊ើបអង្កេត ក៏បានបើកសំណុំរឿងឧក្រិដ្ឋកម្មចំនួន ៤,០០០ ករណីប្រឆាំងនឹងជនជាតិអ៊ុយក្រែនប្រហែល ៩០០ នាក់ផងដែរ។

គួរបញ្ជាក់ថា ភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកថា បានប្រព្រឹត្តអំពើឃោរឃៅជាច្រើននៅក្នុងសង្រ្គាម ដែលរុស្ស៊ីបានចាប់ផ្តើម ជាមួយនឹងការឈ្លានពានពេញលេញលើអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ ២០២២ ។

អង្គការសហប្រជាជាតិ បន្តស្វែងរកភស្តុតាងនៃឧក្រិដ្ឋកម្មសង្គ្រាម និងការរំលោភសិទ្ធិមនុស្សដែលប្រព្រឹត្តដោយអាជ្ញាធររុស្ស៊ី រួមទាំងការធ្វើទារុណកម្ម ការរំលោភ និងការនិរទេសកុមារ។ ទន្ទឹមគ្នានេះ អង្គការនេះក៏បានរកឃើញករណីជាច្រើន ដែលអាជ្ញាធរអ៊ុយក្រែនបានប្រព្រឹត្តការរំលោភសិទ្ធិមនុស្ស ប្រឆាំងនឹងមនុស្ស ដែលពួកគេបានចោទប្រកាន់ថាបានឃុបឃិតជាមួយអាជ្ញាធររុស្ស៊ីផងដែរ។

កាលពីខែមីនាឆ្នាំនេះ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដោយចោទប្រកាន់ទីក្រុងម៉ូស្គូ ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម ដោយការបណ្តេញកុមារអ៊ុយក្រែនដោយបង្ខំ។

អគ្គរដ្ឋអាជ្ញាអ៊ុយក្រែន លោក Andrei Kostin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍បូកសរុបឆ្នាំ ២០២៣ កាលពីថ្ងៃសៅរ៍ថា «នៅលើផ្លូវរបស់យើងទៅកាន់យុត្តិធម៌ លទ្ធផលចម្បងនៃឆ្នាំនេះ គឺជាការចេញដីកាចាប់ខ្លួនលោក ពូទីន ដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ»។ លោកបានបន្តថា «នេះ​ជា​ការ​សម្រេច​ចិត្ត​ជា​ប្រវត្តិសាស្ត្រ និង​ជា​សញ្ញា​ច្បាស់​ថា​គ្មាន​នរណា​នៅ​ពី​លើ​ច្បាប់​នោះ​ទេ»៕