(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថាទីក្រុងព្យុងយ៉ាង នឹងមិនស្វែងរកការបង្រួបបង្រួមជាតិ និងការផ្សះផ្សាជាមួយ កូរ៉េខាងត្បូង តទៅទៀតឡើយ ខណៈព្រមានជាថ្មីថានឹងមិនស្ទាក់ស្ទើរទេក្នុងការប្រើអាវុធនុយក្លេអ៊ែរ ប្រសិនបើកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ហ៊ានបង្ករឿងមុន។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៣១ ខែធ្នូ ឆ្នាំ២០២៣។

KCNA បានស្រង់សម្ដីលោក គីម ជុងអ៊ុន ដូច្នេះថា «ទំនាក់ទំនងអន្តរកូរ៉េ បានក្លាយជាទំនាក់ទំនងរវាងសត្រូវ និងសត្រូវទៅហើយ។ ដូច្នេះវាជាពេលដែល យើងត្រូវទទួលស្គាល់ការពិត និងបញ្ជាក់ឱ្យច្បាស់ៗពីទំនាក់ទំនងរបស់ពួកយើងជាមួយកូរ៉េខាងត្បូង»។ ដោយចង់សំដៅលើសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង លោក គីម ជុងអ៊ុន បានសង្កត់ធ្ងន់ទៀតថាកូរ៉េខាងជើង មិនអាចស្រុះស្រួលជាមួយអ្នកណា ដែលបានប្រកាសចាត់ទុកកូរ៉េខាងជើងជាសត្រូវធំរបស់ពួកគេ និងកំពុងព្យាយាមផ្ដួលរំលំរបបដឹកនាំរបស់លោកបាននោះទេ ដែលនេះមានន័យថាការផ្សះផ្សា និងការបង្រួបបង្រួមជាតិក៏គ្មានន័យអ្វីទៀត នោះដែរ។

គួរបញ្ជាក់ថា ការកត់សម្គាល់ខាងលើរបស់លោក គីម ជុងអ៊ុន ធ្វើឡើងនៅឯកិច្ចប្រជុំបក្សមានរយៈពេល៥ថ្ងៃ ដែលត្រូវបានបិទបញ្ចប់កាលពីថ្ងៃសៅរ៍ ទី៣០ ខែធ្នូ ជាមួយការប្រកាសថាកូរ៉េខាងជើងមានផែនការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍ ៣គ្រឿងបន្ថែមទៀត នៅក្នុងឆ្នាំ២០២៤៕

រូបភាពពី KCNA តាមរយៈ Reuters