(អាំស្ទែដាំ)៖ អាហ្វ្រិកខាងត្បូង កាលពីថ្ងៃសុក្រ ទី២៩ ខែធ្នូកន្លងទៅនេះបានដាក់ពាក្យបណ្ដឹងមួយទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ជុំវិញ ការចោទប្រកាន់ថាអ៉ីស្រាអែលបានប្រព្រឹត្តបទប្រល័យពូសាសន៍ប្រឆាំងជនជាតិប៉ាឡេស្ទីន នៅក្នុងសង្រ្គាមរបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស នៅក្នុងតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមពាក្យបណ្ដឹងដែលខ្លួនទទួលបាន តុលាការ ICJ បានឱ្យដឹងថាអាហ្វ្រិកខាងត្បូងបានចោទប្រកាន់ថាអ៉ីស្រាអែល បាន និងកំពុងរំលោភបំពាន លើកាតព្វកិច្ចរបស់ខ្លួន នៅក្រោមអនុសាសន៍ស្ដីពីការប្រល័យពូជសាសន៍។ អាហ្រ្វិកខាងត្បូង ក៏បានអះអាងដែរថាសកម្មភាព និងការមិនអើពើ របស់អ៉ីស្រាអែលគឺមានចរិតលក្ខណៈជាអំពើប្រល័យពូជសាសន៍ ដោយសារតែអ៉ីស្រាអែលមានចេតនាសម្លាប់ប្រជាជនប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា។

បើតាមក្រសួងសុខាភិបាលហ្កាហ្សា ប្រតិបត្តិការយោធារបស់អ៉ីស្រាអែល បានសម្លាប់មនុស្សកើនដល់ ២១,៦៧២នាក់ហើយ ក្នុងនោះភាគច្រើនជា ស្ត្រី និងកុមារ ចាប់តាំងពីយោធាអ៉ីស្រាអែល បើកការវាយប្រហារសងសឹកនឹងក្រុមហាម៉ាសលើភាគខាងត្បូងអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ដោយសម្លាប់ មនុស្ស ១,១៤០នាក់ ក្នុងភាគច្រើនជាជនស៊ីវិល និងចាប់ខ្លួនមនុស្ស ២៥០នាក់ជាចំណាប់ខ្មាំង ហើយ ១២៩នាក់ក្នុងចំណោមចំណាប់ខ្មាំងទាំងនេះ កំពុងជាប់ឃុំនៅហ្កាហ្សា នៅឡើយ។

ICJ ឬគេស្គាល់ជាទូទៅថាតុលាការពិភពលោក ជាស្ថាប័នកំពូលមួយរបស់អង្គការសហប្រជាជាតិ ដែលមានតួនាទីដោះស្រាយវិវាទរវាងរដ្ឋនិងរដ្ឋ។ ប៉ុន្តែ ព្រមពេលជាមួយគ្នា ក្រសួងការបរទេសអ៉ីស្រាអែល បាននិយាយនៅក្នុងការបញ្ចេញប្រតិកម្មរបស់ខ្លួនថាការចោទប្រកាន់របស់អាហ្វ្រិកខាងត្បូង គឺជារឿងមិនពិត និងគ្មានមូលដ្ឋានអ្វីទាំងអស់៕

រូបភាពពី AFP