(ហ្ស៊េរុយសាឡិម)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយាយថាអ៉ីស្រាអែលនឹងត្រឡប់ទៅគ្រប់គ្រងសាជាថ្មី លើព្រំដែនរបស់ហ្កាហ្សា ជាប់ជាមួយអេហ្ស៉ីប ជាមួយការប្ដេជ្ញាបន្តធ្វើសង្រ្គាមច្រើនខែទៅមុខទៀត រហូតទាល់តែក្រុមហាម៉ាសត្រូវបានកម្ទេច។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៣១ ខែធ្នូ ឆ្នាំ២០២៣។

លោក Netanyahu ធ្វើការកត់សម្គាល់បែបនេះ ក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសៅរ៍ ទី៣០ ខែធ្នូ ស្របពេលសង្រ្គាមដែលបានឈានចូលដល់សប្ដាហ៍ទី១៣ បានរាលដាលពេញតំបន់ហ្កាហ្សា ជាទីដែលប្រជាជនប៉ាឡេស្ទីន ត្រូវបានរាយការណ៍ថាលែងមានកន្លែងសុវត្ថិភាពត្រូវទៅហើយ។ លោក Netanyahu បានគូសបញ្ជាក់ដូច្នេះថា «យើងនឹងធានាឱ្យបានថាហ្កាហ្សានឹងលែងបង្កការគំរាមកំហែងដល់អ៉ីស្រាអែល ខណៈយោធាកំពុងប្រយុទ្ធដ៏ស្វិតស្វាញ ហើយចាំបាច់ត្រូវការ ពេលវេលាបន្ថែមដើម្បីសម្រេចគោលដៅរបស់ខ្លួន»

ប៉ុន្តែ កាន់តែសំខាន់ជាងនេះទៅទៀត នាយករដ្ឋមន្ត្រីអ៉ីស្រាអែលរូបនេះក៏បានបង្ហើបដែរថា «ច្រករបៀង Philadelphi Corridor» ដែលជាតំបន់ទ្រនាប់ការពាររត់កាត់ តាមបណ្ដោយព្រំដែននៃតំបន់ហ្កាហ្សាជាមួយប្រទេសអេហ្ស៉ីប ត្រូវតែស្ថិតក្រោមការគ្រប់គ្រងរបស់អ៉ីស្រាអែល ដោយមិនបានបញ្ជាក់អ្វីលម្អិតឡើយ។

គួរបញ្ជាក់ថា បើតាមក្រសួងសុខាភិបាលហ្កាហ្សា ប្រតិបត្តិការយោធារបស់អ៉ីស្រាអែល បានសម្លាប់មនុស្សកើនដល់ ២១,៦៧២នាក់ហើយ ក្នុងនោះភាគច្រើនជាស្ត្រី និងកុមារ ចាប់តាំងពីយោធាអ៉ីស្រាអែល បើកការវាយប្រហារសងសឹកនឹងក្រុមហាម៉ាសលើភាគខាងត្បូងអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ដោយសម្លាប់មនុស្ស ១,១៤០នាក់ ក្នុងភាគច្រើនជាជនស៊ីវិល និងចាប់ខ្លួនមនុស្ស ២៥០នាក់ជាចំណាប់ខ្មាំង ហើយ ១២៩នាក់ក្នុងចំណោមចំណាប់ខ្មាំងទាំងនេះកំពុងជាប់ឃុំនៅហ្កាហ្សា នៅឡើយ៕

រូបភាពពី Reuters