(ប៉េកាំង)៖ រដ្ឋាភិបាលចិន បានហៅបេក្ខជនមេដឹកនាំតៃវ៉ាន់នាំមុខគេម្នាក់គឺលោក Lai Ching-te ថាជាមេបង្ករឿង និងជនបំផ្លាញសន្តិភាព បន្ទាប់ពីរូបលោក បានលើកឡើងនៅឯវេទិកាតស៊ូមតិមួយថាអធិបតេយ្យ និងឯករាជ្យភាពរបស់តៃវ៉ាន់ គឺជាកម្មសិទ្ធិរបស់ប្រជាជនតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៣១ ខែធ្នូ ឆ្នាំ២០២៣។

ប្រតិកម្មរបស់រដ្ឋាភិបាលចិន ធ្វើឡើងតាមរយៈការិយាល័យចិនទទួលកិច្ចការតៃវ៉ាន់ ជាការឆ្លើយតបទៅនឹងការកត់សម្គាល់ខាងលើរបស់លោក Lai Ching-te នៅក្នុងវេទិកាតស៊ូមតិមួយ ផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃសៅរ៍ ទី៣០ ខែធ្នូម្សិលមិញនេះ។

ការិយាល័យចិនទទួលកិច្ចការតៃវ៉ាន់បាននិយាយថាលោក Lai គឺជាមនុស្សម្នាក់ដែលចង់ទាមទារឯករាជ្យឱ្យតៃវ៉ាន់ និងជាជនបំផ្លាញសន្តិភាពនៅទូទាំងតំបន់ ច្រកសមុទ្រតៃវ៉ាន់ទាំងមូល។ «ពាក្យរបស់លោកពោរពេញដោយចេតនាបង្ករឿង...ហើយក្នុងនាមជាបេក្ខជននាំមុខគេរបស់អាជ្ញាធរ DPP និងបច្ចុប្បន្នជា ប្រធាន DPP លោក Lai Ching-te នឹងមិនអាចគេចវេសពីការទទួលខុសត្រូវរបស់ខ្លួនបាននោះឡើយ»។ នេះជាការបន្ថែមរបស់ការិយាល័យចិនទទួលបន្ទុក កិច្ចការតៃវ៉ាន់។

គួរបញ្ជាក់ថា តៃវ៉ាន់នឹងត្រូវរៀបចំការបោះឆ្នោតសកល ដើម្បីជ្រើសរើសមេដឹកនាំថ្មីរបស់ខ្លួន ជំនួសលោកស្រី Tsai Ing-wen នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤។ លោក Lai Ching-te ជាបេក្ខជនមេដឹកនាំតៃវ៉ាន់ម្នាក់មកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) តែមួយជាមួយលោកស្រី Tsai៕

រូបភាពពី Reuters