(ព្រីស្ទីណា)៖ នៅថ្ងៃសៅរ៍នេះ តុលាការនៃប្រទេសអាល់បានី បានបញ្ជាឲ្យដាក់ លោក Sali Berisha ដែលជាអតីតប្រធានាធិបតី និងនាយករដ្ឋមន្ត្រី ស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះដោយចោទប្រកាន់ពីបទពុករលួយអំឡុងពេលកាន់តំណែង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នកា់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៣០ ខែធ្នូ ឆ្នាំ២០២៣។

ក្រុមរដ្ឋអាជ្ញាបានចោទប្រកាន់ លោក Berisha អាយុ ៧៩ឆ្នាំ ថាបានប្រើប្រាស់ឥទ្ធិពលកាលពីនៅកាន់តំណែងជានាយករដ្ឋមន្ត្រីចន្លោះឆ្នាំ ២០០៥ និង ២០០៩ ដើម្បីជួយកូនប្រសាររបស់លោកក្នុងការកាន់កាប់ដីរដ្ឋ។ ប៉ុន្តែ លោក Berisha បានបដិសេធពីការប្រព្រឹត្តខុស។

មេធាវីរបស់ លោក Berisha បាននិយាយថា តុលាការព្រមទទួលយកសំណើរបស់ព្រះរាជអាជ្ញាដោយផ្លាស់ចំណាត់ការពីមុន ហើយឥឡូវនេះបានបញ្ជាឲ្យឃុំខ្លួន លោក Berisha ក្នុងផ្ទះ និងមិនអាចចាកចេញពីប្រទេស។ មេធាវីរូបនេះ បានបន្ថែមថា លោក Berisha នឹងប្តឹងឧទ្ធរណ៍ចំពោះសាលក្រមនេះ។

គួរបញ្ជាក់ថា បច្ចុប្បន្ន លោក Berisha ជាមេដឹកនាំគណបក្សប្រឆាំងដ៏ធំបំផុតរបស់អាល់បានី។ អតីតនាយករដ្ឋមន្ត្រីរូបនេះ បានបដិសេធរាល់ការអះអាងរបស់ព្រះរាជអាជ្ញា ដោយចោទប្រកាន់នាយករដ្ឋមន្ត្រីបច្ចុប្បន្ន លោក Edi Rama ថាធ្វើនយោបាយដើម្បីបំបិទមាត់ក្រុមប្រឆាំង៕

រូបភាពពី Reuters