(ឡុងដ៏)៖ ប្រតិបត្តករផ្លូវដែក International Eurostar បានឲ្យដឹងថា ទឹកជំនន់នៅក្នុងផ្លូវក្រោមដីមួយកន្លែង ក្បែរទីក្រុងឡុងដ៍ បង្ខំឲ្យមានការលុបចោលនូវខ្សែផ្លូវរថភ្លើងជាច្រើនដែលតភ្ជាប់ចក្រភពអង់គ្លេសជាមួយតំបន់ដីគោកអឺរ៉ុប នៅព្រឹកថ្ងៃសៅរ៍ (ម៉ោងក្នុងតំបន់)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៣០ ខែធ្នូ ឆ្នាំ២០២៣។

ក្រុមហ៊ុនបញ្ជាក់ថា សេវាកម្ម Eurostar ទៅ និងមកកាន់ទីក្រុងឡុងដ៍ត្រូវបានលុបចោល ហើយមានការពន្យារពេលផ្តល់សេវាកម្មក្នុងកម្រិតធ្ងន់ធ្ងរ ដោយសារតែបញ្ហាហេដ្ឋារចនាសម្ព័ន្ធដែលបណ្តាលមកពីទឹកជំនន់នៅក្នុងផ្លូវក្រោមដី Thames ដែលស្ថិតនៅចន្លោះទីក្រុង St Pancras International និង Ebbsfleet។ គេនៅមិនទាន់ដឹងទេថា តើពេលណាទើបចរាចរណ៍ផ្លូវដែកអាចដំណើរការឡើងវិញបាន។

គួរបញ្ជាក់ថា ការលុបចោលជើងធ្វើដំណើរចំនួន ១៤ រវាងទីក្រុងឡុងដ៍ និងប៉ារីស ទីក្រុងអាំស្ទែដាំ ឬទីក្រុងប្រ៊ុចសែល គឺជាលើកទីពីរហើយសម្រាប់អតិថិជនរបស់ Eurostar នៅក្នុងរដូវវិស្សមកាលឆ្នាំនេះ។ កាលពីថ្ងៃទី២១ ខែធ្នូ សកម្មភាពធ្វើកូដកម្មរបស់បារាំង ក៏នាំឲ្យមានការផ្អាកសេវាកម្មធ្វើដំណើរបុណ្យណូអែលសម្រាប់មនុស្សរាប់ពាន់នាក់ផងដែរ៕

រូបភាពពី Reuters