(ស៉ីដនី)៖ ព្យុះភ្លៀង និងផ្គររន្ទះដ៏ខ្លាំងក្លាបានវាយលុកផ្នែកខ្លះនៃភាគខាងកើតប្រទេសអូស្ត្រាលីនៅថ្ងៃសៅរ៍នេះ ក្រោយពីព្យុះបានបោកបក់លើតំបន់នេះអំឡុងបុណ្យណូអែលកន្លងទៅ រីឯអាកាសធាតុក្តៅកើតមាននៅឯភាគខាងជើង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៣០ ខែធ្នូ ឆ្នាំ២០២៣។

ប្រព័ន្ធសម្ពាធទាបត្រូវបានគេព្យាករថានឹងគ្របដណ្តប់លើផ្ទៃដីជាង ១,០០០គីឡូម៉ែត្រ ចាប់ពីទីក្រុង Port Macquarie នៃរដ្ឋ New South Wales រហូតដល់ទីក្រុង Rockhampton នៃរដ្ឋ Queensland ដោយភាគអាគ្នេយ៍នៃរដ្ឋ Queensland អាចទទួលរងឥទ្ធិពលព្យុះ។មនុស្ស ២នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីមានរន្ទះបាញ់ក្នុងពេលដែលម្នាក់នៅក្នុងរថយន្ត និងម្នាក់ទៀតនៅលើអេស្កាវ៉ាទ័រ។

ស្របពេលដែលរដ្ឋ Queensland ប្រឈមមុខនឹងព្យុះដ៏ធំទី ២ក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ ប៉ុន្តែភាគខាងជើង និងភាគខាងលិចឯណោះវិញ កំពុងប្រឈមនឹងរលកកំដៅដ៏ខ្លាំង ដោយសីតុណ្ហភាពនៅក្នុងទីក្រុង Marble Bar ដែលជាទីក្រុងចំណាស់មួយសម្បូរដោយរ៉ែ ស្ថិតនៅដាច់ស្រយាលនៃភាគពាយព្យរដ្ឋ Western Australia ត្រូវបានគេរំពឹងថានឹងឡើងដល់ ៤៩អង្សាសេ នៅថ្ងៃសៅរ៍នេះ។ ប៉ុន្តែអាកាសធាតុក្តៅអាចនឹងធូរស្រាលបន្តិចសម្រាប់ភាគអាគ្នេយ៍រួមទាំងទីក្រុងស៊ីដនី នៅថ្ងៃអាទិត្យ ខណៈរដ្ឋធានីរបស់អូស្ត្រាលីមួយនេះត្រៀមរៀបចំពិធីបុណ្យឆ្លងឆ្នាំថ្មី។

គួរបញ្ជាក់ថា រដូវក្តៅដែលចាប់ផ្តើមពីខែធ្នូ ដល់ខែកុម្ភៈ របស់ប្រទេសអូស្រ្តាលី កំពុងស្ថិតនៅក្រោមឥទ្ធិពលនៃបាតុភូត El Nino ដែលអាចបង្កឲ្យមានគ្រោះធម្មជាតិ រាប់ចាប់តាំងពីភ្លើងឆេះព្រៃ រហូតដល់ព្យុះស៊ីក្លូន និងគ្រោះរាំងស្ងួតរយៈពេលយូ៕

រូបភាពពី AFP