(ប៉េកាំង)៖ ថ្ងៃទី ២៦ ខែធ្នូឆ្នាំ ២០២៣ មជ្ឈិមបក្សកុម្មុយនីស្តចិន បានរៀបចំធ្វើពិធីសំណេះសំណាល នៅវិមានសភាប្រជាជនក្រុងប៉េកាំង ដើម្បីរំលឹកខួប ១៣០ ឆ្នាំនៃថ្ងៃកំណើតរបស់លោកម៉ៅ សេតុង ដែលជាស្ថាបនិកដ៏សំខាន់ក្នុងការកសាងប្រទេសចិនថ្មី។ លោក Xi Jinping ប្រធានរដ្ឋចិនបានវាយតម្លៃថា លោកម៉ៅ សេតុងជាអ្នកត្រួសត្រាយដ៏មហិមា ក្នុងការធ្វើចិនភាវូបនីយកម្មនៃម៉ាក្សនិយម ជាអ្នកតាំងមូលដ្ឋានដ៏មហិមាក្នុងបុព្វហេតុកសាង ទំនើបកម្មសង្គមនិយមរបស់ប្រទេសចិន និងជាឥស្សរជនដ៏មហិមា ដែលដឹកនាំប្រជាជនចិន កែប្រែជោគវាសនារបស់ខ្លួន និងមុខមាត់ជាតិយ៉ាងជ្រះស្រឡះ ក៏ជាអ្នកអន្តរជាតិនិយមដ៏អស្ចារ្យម្នាក់ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការរំដោះប្រជាជាតិ ដែលត្រូវបានជិះជាន់លើពិភពលោក និងបុព្វហេតុនៃវឌ្ឍនភាពរបស់មនុស្ស លោកបានគូសបញ្ជាក់ថា ការរំលឹកគុណដ៏ល្អបំផុតចំពោះលោកម៉ៅ សេតុងគឺបន្តជំរុញបុព្វហេតុដែលលោក បានត្រួសត្រាយឱ្យឈានទៅមុខតទៅទៀត។ ហេតុអ្វីប្រជាជនចិនមានមនោសញ្ចេតនាជ្រាលជ្រៅបែបនេះចំពោះលោកម៉ៅ សេតុង? តើការរំលឹកគុណលោកម៉ៅ សេតុងបង្កប់អត្ថន័យយុគសម័យយ៉ាងដូចម្តេច?

ទោះបីជាលោកម៉ៅ សេតុងបានទទួលមរណភាព អស់រយៈពេល៤៧ឆ្នាំទៅហើយក្តី ប៉ុន្តែប្រជាជនចិនមិនដែលបំភ្លេចវីរបុរសដ៏អស្ចារ្យ ដែលបានជះឥទ្ធិពលយ៉ាងជ្រាលជ្រៅ ចំពោះប្រវត្តិសាស្រ្តចិនរូបនេះទេ។ លោកម៉ៅ សេតុងបានកែប្រែទិសដៅអភិវឌ្ឍន៍ នៃប្រវត្តិសាស្រ្តសម័យទំនើបរបស់ចិន និងបានសម្រេចនូវរបត់ដ៏មហោស្ចារ្យ ដែលប្រទេសចិនប្រែពីទន់ខ្សោយទៅជាខ្លាំងក្លា ពីអន់ថយទៅជារុងរឿង។ លោកបានបង្កើតប្រទេសចិនថ្មី គឺសាធារណរដ្ឋប្រជាមានិតចិន លោកបានកសាងបក្សដ៏ជឿនលឿនមួយ គឺបក្សកុម្មុយនីស្តចិន លោកបានបង្កើតកងទ័ពរបស់ប្រជាជន គឺ កងទ័ពរំដោះប្រជាជនចិន, លោកបានបង្កើតនូវទ្រឹស្តីវិទ្យាសាស្រ្តមួយ គឺគំនិតម៉ៅ សេតុង។ លោកម៉ៅ សេតុងបានក្លាយជានិមិត្តសញ្ញាតំណាងឱ្យប្រទេសចិនដូចជា ដូចមហាកំពែងអ៊ីចឹងដែរ។

រាល់ពេលថ្ងៃកំណើតរបស់លោកម៉ៅ សេតុង ពីជួររដ្ឋាភិបាលដល់សង្គមស៊ីវិល ពីក្រុងប៉េកាំងដល់ស្រុកកំណើតរបស់លោក តំបន់នានាទូទាំងប្រទេសចិន បានរំលឹកគុណលោកតាមគ្រប់ទម្រង់។ ឆ្នាំ ២០២៣ ជាខួប ១៣០ ឆ្នាំនៃថ្ងៃកំណើតរបស់លោកម៉ៅ សេតុង គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានរៀបចំធ្វើពិធី សំណេះសំណាល ដើម្បីរំលឹកគុណលោក ម៉ៅ សេតុង។ លោកប្រធានរដ្ឋចិន Xi Jinping បានថ្លែងសុន្ទរកថាដោយលើកឡើងថា ការជំរុញកិច្ចកសាងប្រទសខ្លាំងក្លា និងបុព្វហេតុស្តារប្រជាជាតិឡើងវិញ តាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន ជាកិច្ចការដែលអ្នកបដិវត្តន៍ជំនាន់មុនដូចជាលោក ម៉ៅ សេតុងជាដើម មិនបានសម្រេច។ ការរំលឹកគុណដ៏ល្អបំផុតចំពោះលោក ម៉ៅ សេតុង គឺបន្តជំរុញបុព្វហេតុដែលលោក បានត្រួសត្រាយឱ្យឈានទៅមុខតទៅទៀត។

ការជំរុញស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ តាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិនជា ភារកិច្ចស្នូលរបស់បក្សទាំងមូល ប្រជាជនគ្រប់ជនជាតិរបស់ប្រទេសចិន ក្នុងយុគសម័យថ្មីនិងដំណើរថ្មី។ ការធ្វើទំនើបកម្មតាមបែបផែនចិនគឺបានកកើតឡើង ក្នុងដំណើរនៃការអភិវឌ្ឍសង្គមនិយម ដែលមានលក្ខណៈពិសេសចិន លោក ម៉ៅ សេតុង បានរួមចំណែកយ៉ាងសំខាន់ ចំពោះកិច្ចការមួយនេះ។ លោក Xi Jinping បានវាយតម្លៃថា «លោក ម៉ៅ សេតុងបានបង្កើតប្រទេសចិនថ្មី ដែលប្រជាជនធ្វើជាម្ចាស់ផ្ទះ » «លោកបានបង្កើតរបបសង្គមនិយមដ៏ជឿនលឿន»។ បញ្ញវន្តលោកខាងលិចសម្គាល់ឃើញថា ការរុករករបស់លោក ម៉ៅ សេតុងចំពោះការធ្វើទំនើបកម្មតាមបែបផែនចិន បានបំបែកផ្នត់គំនិតដែលថាទំនើបកម្មគឺ បស្ចិមប្រទេសភាវូបនីយកម្ម ជំហរ ទស្សនៈនិងវិធីសាស្រ្តដែលឯករាជ្យម្ចាស់ការ និងអនុវត្តតាមស្ថានភាពពិតដែលបង្កប់ក្នុងគំនិតរបស់លោក រហូតដល់បច្ចុប្បន្នសុទ្ធតែប្រកបដោយសារៈណែនាំដ៏សំខាន់។

វណ្ណៈផ្សេងៗគ្នានិងក្រុមមនុស្សខុសគ្នារបស់ប្រទេសចិនរំលឹកគុណលោក ម៉ៅ សេតុង មួយផ្នែកគឺដោយសារភាពទាក់ទាញ របស់លោកផ្ទាល់ខ្លួន មូលហេតុសំខាន់មួយទៀតគឺដោយសារលោក ម៉ៅ សេតុងបានលើកឡើងនូវលក្ខណៈនិងកម្មវត្ថុ របស់បក្សកុម្មុយនីស្តចិន គឺបម្រើប្រជាជន នេះជាសញ្ញាឫសគល់ដែលបក្សកុម្មុយនីស្តចិន ខុសពីគណបក្សនយោបាយដទៃទៀត ហើយក៏ជាតិចនិក សម្រាប់បក្សកុម្មុយនីស្តចិន ក្នុងការកាន់អំណាចក្នុងរយៈពេលយូរផងដែរ។

បម្រើប្រជាជនសំដៅទៅលើ”គំនិតនិងការអនុវត្ត ដែលធ្វើការដើម្បីផលប្រយោជន៍របស់ប្រជាជន”។ វាត្រូវបានដាក់បញ្ចូលទៅក្នុង លក្ខន្ដិកៈរបស់បក្ស ហើយក៏ត្រូវបានដាក់បញ្ចូលទៅក្នុង រដ្ឋធម្មនុញ្ញារបស់ប្រទេសចិនផងដែរ ដែលបានក្លាយទៅជាភារកិច្ច ដែលកំណត់ដោយច្បាប់នៃស្ថាប័នគណៈបក្សគ្រប់ស្រទាប់ជាន់ថ្នាក់ និងបុគ្គលិកការងារនៃសាធារណរដ្ឋប្រជាមានិតចិន។

ដោយប្រកាន់ខ្ជាប់នូវការបម្រើប្រជាជនដោយចិត្តមួយថ្លើមមួយ ដែលជាកម្មវត្ថុជាឫសគល់របស់បក្សកុម្មុយនីស្តចិន លោក Xi Jinping បានបង្កើតគំនិតអភិវឌ្ឍន៍ដែលតម្កល់ប្រជាជន ជាស្នូលក្នុងការអនុវត្តអភិបាលកិច្ច។ តាំងពីកាន់អំណាចមក លោក Xi Jinping បានប្រកាន់ខ្ជាប់នូវការតម្កល់ប្រជាជន ជាអាទិភាពជាប់រហូត។ លោកបានថ្លែងក្នុងពិធីសំណេះសំណាល ដើម្បីរំលឹកខួប ១៣០ ឆ្នាំនៃថ្ងៃកំណើតរបស់លោកម៉ៅ សេតុងថា ការធ្វើទំនើបកម្មតាមបែបផែនចិន ជាបុព្វហេតុរបស់ប្រជាជនទាំងឡាយ ចាំបាច់ត្រូវតែពឹងផ្អែកលើប្រជាជនយ៉ាងជិតស្និទ្ធ ចាត់ទុកការគាំពារឱ្យបានល្អ អនុវត្តឱ្យបានល្អ និងអភិវឌ្ឍឱ្យបានល្អនូវផលប្រយោជន៍ ជាមូលដ្ឋានរបស់ប្រជាជនទាំងឡាយជាចំណុច ចាប់ផ្តើមនិងចំណុចអនុវត្តនៃការងារគ្រប់ផ្នែក ធ្វើឱ្យសមិទ្ធផលនៃការកសាងទំនើបកម្ម មានអំណោយផលដល់ប្រជាជនកាន់តែច្រើន។ ត្រូវធ្វើឱ្យល្អពេញលេញនូវប្រព័ន្ធ របបដែលប្រជាជនធ្វើជាម្ចាស់ផ្ទះ ខិតខំធានានិងកែលម្អជីវភាពរស់នៅរបស់ប្រជាជន ទទួលយកការរិះគន់និងត្រួតពិនិត្យពីប្រជាជនជានិច្ច ដើម្បីធ្វើឱ្យការធ្វើទំនើបកម្មតាមបែបផែនចិន មានប្រភពកម្លាំងដែលអាចគួរជាទីពឹងបំផុត ខ្លាំងក្លាបំផុតនិងយូរអង្វែងបំផុត៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន