(ហ៊្សេរុយសាឡិម)៖ នៅថ្ងៃសៅរ៍នេះ កងកម្លាំងអ៉ីស្រាអែលបានបន្តទម្លាក់គ្រាប់បែកលើគោលដៅនៅទូទាំងភាគខាងជើង និងភាគខាងត្បូងតំបន់ហ្គាហ្សា ដែលមានរួមទាំងអគារអង្គការ YMCA ហើយប្រជាជនប៉ាឡេស្ទីនរាប់សិបនាក់ត្រូវបានរាយការណ៍ថាបានបាត់បង់ជីវិត ឬរងរបួស ទោះបីជាមានការអំពាវនាវជាថ្មីទៀតរបស់សហរដ្ឋអាមេរិកឲ្យបន្ធូបន្ថយវិធានការកំណត់គោលដៅលើមេដឹកនាំក្រុមហាម៉ាសក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២៣។

នៅឯទីក្រុង Khan Younis ភាគខាងត្បូង មន្ត្រីសុខាភិបាលប៉ាឡេស្ទីន បាននិយាយថា មន្ទីរពេទ្យ Nasser បានទទួលសាកសពជនជាតិប៉ាឡេស្ទីន ២០នាក់ក្រោយការវាយប្រហារតាមអាកាសពេញមួយយប់ បន្ថែមពីលើអ្នករបួសរាប់សិបនាក់ផ្សេងទៀត ដែលរួមមានទាំងស្ត្រី និងកុមារផងដែរ។

ទីភ្នាក់ងារព័ត៌មានផ្លូវការ WAFA បានរាយការណ៍ថា អ៉ីស្រាអែលក៏បានវាយប្រហារលើនៅទីក្រុង Gaza ភាគខាងជើងចំទីស្នាក់ការកណ្តាលរបស់អង្គការ YMCA ដែលកំពុងផ្តល់ជម្រកសម្រាប់អ្នកផ្លាស់ទីលំនៅរាប់រយនាក់។ ដោយឡែក ក្រសួងសុខាភិបាលនៃតំបន់ហ្គាហ្សា បានឲ្យដឹងថា ការវាយលុកជើងគោករបស់អ៉ីស្រាអែល និងការកំណត់គោលដៅមន្ទីរពេទ្យ នាំឲ្យពិបាកក្នុងការប្រមូលព័ត៌មានអំពីជនរងគ្រោះនៅភាគខាងជើង។

គួរបញ្ជាក់ថា នៅថ្ងៃសៅរ៍នេះ យោធាអ៉ីស្រាអែល ក៏បានអះអាងពីការទម្លាក់គ្រាប់បែកតាមអាកាសទៅលើអគារមួយក្នុងទីក្រុង Jabalia បន្ទាប់ពីកងកម្លាំងរបស់ខ្លួនរងការនូវបាញ់ប្រហារ ហើយក្រុមសកម្មប្រយុទ្ធហាម៉ាសត្រូវបានគេឃើញនៅលើដំបូលនោះ។ ប៉ុន្តែវាមិន​ច្បាស់​ថា​តើ​ជាអគារអង្គការ YMCM ឬយ៉ាងណានោះទេ៕