(វ៉ាស៉ីនតោន)៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានអនុម័តការលក់ឧបករណ៍សម្រាប់ជួយរក្សាប្រព័ន្ធព័ត៌មានយុទ្ធសាស្ត្ររបស់តៃវ៉ាន់ នៅក្នុងទំហំទឹកប្រាក់ ៣០០លានដុល្លារ ដោយនេះជាការគាំទ្រថ្មីចុងក្រោយរបស់សហរដ្ឋអាមេរិកសម្រាប់តៃវ៉ាន់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២៣។

មន្ទីរបញ្ចកោណបានឲ្យដឹងថា ការលក់នេះគឺសម្រាប់បន្តរក្សាសមត្ថភាពបញ្ជា ការគ្រប់គ្រង ប្រព័ន្ធទំនាក់ទំនង និងកុំព្យូទ័រ ឬ C4 របស់តៃវ៉ាន់។ វានឹងធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពក្នុងការឆ្លើយតបនឹងការគំរាមកំហែងណាមួយ បង្កើនការត្រៀមខ្លួនធ្វើប្រតិបត្តិការ រក្សាសមត្ថភាព C4 ដែលមានស្រាប់ និងសុវត្ថិភាពនៃព័ត៌មានយុទ្ធសាស្ត្ររបស់តៃវ៉ាន់។ ដោយឡែក ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ ចាត់ទុកថា ការលក់នេះនឹងជួយរក្សាប្រសិទ្ធភាពនៃប្រព័ន្ធបញ្ជាត្រៀមប្រយុទ្ធដូច្នេះវាអាចធ្វើឲ្យប្រសើរឡើងនូវការយល់ដឹងរបស់ខ្លួនអំពីសមរភូមិ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក​ត្រូវ​បាន​ការពារដោយ​ច្បាប់​ដើម្បី​ផ្តល់ឲ្យតៃវ៉ាន់នូវមធ្យោបាយការពារខ្លួន។ ការលក់អាវុធគឺជាប្រភពមួយនៃភាពតានតឹងជាញឹកញាប់ រវាងទីក្រុងវ៉ាស៉ីនតោន និងទីក្រុងប៉េកាំង៕