(ប៉េកាំង)៖ ប្រព័ន្ធផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍ថ្ងៃសៅរ៍នេះថា គណៈប្រតិភូការបរទេសកូរ៉េខាងជើងបាននិងកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិន សម្រាប់កិច្ចពិភាក្សាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ខណៈដែលទីក្រុងព្យុងយ៉ាងបានបើកព្រំដែនរបស់ខ្លួនបន្តិចម្តងៗ ហើយបន្តធ្វើពាណិជ្ជកម្មជាមួយប្រទេសជិតខាងឡើងវិញ បន្ទាប់ពីការរាតត្បាតជំងឺកូវីដ១៩។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២៣។

KCNA បានឲ្យដឹងថា អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Pak Myong Ho និងសមភាគីចិន លោក Sun Weidong បានពិភាក្សាគ្នាអំពីការជំរុញកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ និងទំនាក់ទំនងទ្វេភាគីកាលពីថ្ងៃសុក្រសប្តាហ៍នេះ។ យ៉ាងនេះក្តីសេចក្តីរាយការណ៍របស់ KCNA មិនបានផ្តល់ព័ត៌មានលម្អិតជុំវិញជំនួបនេះទេ។

គួរបញ្ជាក់ថា បើតាមឯកសារយោងកន្លងមក ចំពោះមន្ត្រីកូរ៉េខាងជើងដែលទៅកាន់ប្រទេសចិនដើម្បីពិភាក្សាអំពីបញ្ហានយោបាយជាសាធារណៈគឺកម្រនឹងកើតមានណាស់ គិតចាប់តាំងពីខែមករាឆ្នាំ ២០២០ នៅពេលដែលកូរ៉េខាងជើងបិទព្រំដែនរបស់ខ្លួនដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ រីឯ ដំណើរ​ទស្សនកិច្ចកាលពីខែកញ្ញា​របស់​មេដឹកនាំ​កូរ៉េខាងជើង​ លោក Kim Jong Un ដើម្បី​ជួប​ប្រធានាធិបតី​រុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងប្រទេសរុស្ស៉ី ក៏ជា​ដំណើរ​ក្រៅប្រទេសលើក​ដំបូង​ដែរ ​គិត​ចាប់​តាំង​ពី​មុន​ការ​រាតត្បាត​ជំងឺ​កូវីដ១៩៕