(មូស្គូ)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ មេបញ្ជាការកងកម្លាំងមីស៉ីលយុទ្ធសាស្រ្តរបស់រុស្ស៉ី ហៅកាត់ SMF បានឱ្យដឹងថា ប្រទេសរុស្ស៉ីមានផែនការ​ធ្វើការបាញ់សាកល្បង មីស៉ីលបាលិស្ទីគអន្តរទ្វីប ICBM ចំនួន៧លើក នៅក្នុងឆ្នាំ២០២៤ខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នាថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២៣។

ក្នុងបទសម្ភាសមួយជាមួយសារព័ត៌មានរុស្ស៉ី លោកឧត្តមសេនីយ៍ឯក Sergei Karakayev ដែលជាមេបញ្ជាការ SMF បាននិយាយថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ កងកម្លាំងមីស៉ីលយុទ្ធសាស្រ្តរុស្ស៉ី បានបាញ់មីស៉ីល ICBM សរុបច្រើនជាង២០លើក ក្រោមក្របខណ្ឌ​នៃការធ្វើតេស្តហោះហើរប្រព័ន្ធមីស៉ីលថ្មីៗ រួមទាំងការហ្វឹកហ្វឺនសម្រាប់កងកម្លាំងប្រដាប់អាវុធរុស្ស៉ី ហើយនៅក្នុងឆ្នាំ២០២៤ ការបាញ់តេស្ត​សរុប៧លើកទៀត ត្រូវបានគ្រោងនឹងធ្វើឡើង។

គួរបញ្ជាក់ថា បើតាមលោក Karakayev រុស្ស៉ីនិងសហរដ្ឋអាមេរិក នៅតែបន្តផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក ស្តីពីគម្រោងបាញ់តេស្ត​មីស៉ីល ICBM ហើយនិងមីស៉ីលបាលិស្ទីគប្រភេទបាញ់ចេញពីនាវាមុជទឹក ហៅកាត់ SLBM។ មន្រ្តីយោធារុស្ស៉ីរូបនេះ បានបន្តទៀតថា រុស្ស៉ីតែងតែបានប្រាប់ឱ្យភាគីអាមេរិកបានដឹងជាមុន អំពីគម្រោងបាញ់មីស៉ីលបាលិស្ទីគទាំងនេះ ក្នុងពេលមិនក្រោម២៤ម៉ោងនោះឡើយ ដែលស្របតាមសន្ធិសញ្ញាមួយកាលពីឆ្នាំ១៩៨៨ ហើយអាមេរិកបានជូនដំណឹងដល់រុស្ស៉ីវិញដូចគ្នាដែរ។​ ក្នុងការជូនដំណឹងនេះ គឺរួមមាន​កាលបរិច្ឆេទនិងកន្លែងបាញ់តេស្ត ព្រមទាំងកន្លែងដែលក្បាលគ្រាប់ត្រូវធ្លាក់ចំ ជាដើម៕

រូបភាពពី Reuters