(វ៉ាស៉ីនតោន)៖ របាយការណ៍របស់រដ្ឋាភិបាលអាមេរិក កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានបង្ហាញថា ចំនួនជនគ្មានផ្ទះសម្បែងនៅសហរដ្ឋអាមេរិក បានកើនក្នុងអត្រា១២ភាគរយ ដល់តួលេខដ៏ខ្ពស់មិនធ្លាប់មានមួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២៣។

ការរាប់ធ្វើឡើងដោយក្រសួងអភិវឌ្ឍនគរូបនីយកម្មនិងលំនៅឋានអាមេរិក បានបង្ហាញថា ក្នុងឆ្នាំ២០២៣នេះ មានមនុស្សប្រហែល៦៥៣,០០០នាក់ នៅទូទាំងសហរដ្ឋអាមេរិក ជាជនគ្មានផ្ទះសម្បែង។ តួលេខនេះគឺ ៧០,៦៥០នាក់ ច្រើនជាងតួលេខកាលពីឆ្នាំ២០២២ ឬស្មើនឹងកំណើន​១២ភាគរយ ហើយវាជាចំនួនខ្ពស់បំផុត គិតចាប់តាំងពីការអង្កេតបានចាប់ផ្តើមដំបូង កាលពីឆ្នាំ២០០៧មក។

ជនជាតិអាមេរិកដើមកំណើតអាហ្រ្វិក ដែលរាប់រង១៣ភាគរយនៃចំនួនប្រជាជនអាមេរិកសរុប គឺទទួលបន្ទុក៣៧ភាគរយ នៃជនគ្មានផ្ទះសម្បែងទាំងអស់ នៅទូទាំងសហរដ្ឋអាមេរិក។ គេសង្កេតឃើញថា ការកើនឡើងខ្ពស់ជាងគេនៃភាពគ្មានផ្ទះសម្បែង គឺកើតមានក្នុង​ចំណោមជនជាតិអាមេរិកដើមកំណើតអាមេរិកឡាទីន ដែលបានកើន២៨ភាគរយ ឬ៣៩,១០៦នាក់ នៅចន្លោះឆ្នាំ២០២២-២០២៣។

យោងតាម របាយការណ៍ដដែល រដ្ឋ California ជារដ្ឋមានចំនួនអ្នកគ្មានផ្ទះសម្បែងច្រើនជាងគេ គឺ១៨១,៣៩៩នាក់ បន្ទាប់មករដ្ឋ New York មាន១០៣,២០០នាក់, រដ្ឋ Florida មាន៣០,៧៥៦នាក់​, រដ្ឋ Washington មាន២៨,០៣៦នាក់, រដ្ឋ Texas មាន២៧,៣៧៧នាក់ និងរដ្ឋ Oregon មាន២០,១៤២នាក់។

គួរបញ្ជាក់ថា វិបត្តិជនគ្មានផ្ទះសម្បែងនៅសហរដ្ឋអាមេរិក បើតាមការអះអាងរបស់ក្រុមអ្នកជំនាញ គឺត្រូវបានរុញច្រានដោយកត្តាជាច្រើន រួមមានទាំងភាពក្រីក្រ បញ្ហាសុខភាពផ្លូវចិត្ត គ្រឿងញៀន និងបញ្ហាខ្វះខាតចំនួនលំនៅឋាន៕

រូបភាពពី Reuters