(តូក្យូ)៖ ជប៉ុននិងម៉ាឡេស៉ី នាថ្ងៃសៅរ៍សប្តាហ៍នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជំនួយសន្តិសុខមួយ ដែលរួមមានទាំងទឹកប្រាក់ ៤០០លានយេន (២.៨លានដុល្លារអាមេរិក) ដើម្បីជួយពង្រឹងសន្តិសុខដែនសមុទ្ររបស់ម៉ាឡេស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២៣។

ភាគីជប៉ុននឹងផ្តល់បរិក្ខារផ្សេងៗ ដូចជាទូកនិងសម្ភារជួយសង្រ្គោះ នៅក្រោមកិច្ចព្រមព្រៀងខាងលើ ដែលត្រូវបានចុះហត្ថលេខា ដោយ​រដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរ នៅក្រៅកិច្ចប្រជុំកំពូលមួយក្នុងទីក្រុងតូក្យូ ដែលត្រូវបានប្រារព្ធឡើងក្នុងឱកាសអបអរខួប៥០ឆ្នាំ នៃទំនាក់ទំនងរវាងជប៉ុននិងអាស៊ាន។ ក្នុងសេចក្តីថ្លែងការណ៍ ក្រសួងការបរទេសជប៉ុន ក៏បាននិយាយដែរថា នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida បានស្វាគមន៍ការដំឡើងកម្រិតទំនាក់ទំនងជប៉ុន-ម៉ាឡេស៉ី ដល់ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងជំនួយសន្តិសុខរបស់ជប៉ុនជាមួយម៉ាឡេស៉ី កើតឡើងក្រោយទីក្រុងតូក្យូសម្រេចបាន កិច្ចព្រមព្រៀងស្រដៀងគ្នាជាមួយហ្វីលីពីននិងបង់ក្លាដែស នៅក្នុងឆ្នាំនេះ ហើយជាផ្នែកនៃផែនការមួយ ដែលទីក្រុងតូក្យូបានប្រកាសកាលពីខែមេសា ស្តីពីការផ្តល់ឱ្យ​បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ នូវជំនួយហិរញ្ញវត្ថុដើម្បីជួយពង្រឹងវិស័យការពារជាតិរបស់ពួកគេ៕

រូបភាពពី Reuters