(មូស្គូ)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានព្រមានថា នឹងដាក់ទោសយ៉ាងធ្ងន់ធ្ងរ សម្រាប់សកម្មភាព​ជ្រៀតជ្រែកពីបរទេស នៅក្នុងការបោះឆ្នោតឆ្នាំ២០២៤ ជាទីដែលរូបលោកនឹងព្យាយាមស្វែងរកការរក្សាអំណាច ឱ្យដល់អំលុងទសវត្សរ៍ឆ្នាំ២០៣០។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២៣។

ថ្លែងក្នុងកិច្ចប្រជុំមួយនៅវិមានក្រឹមឡាំង ជាមួយថ្នាក់ដឹកនាំនៃគណបក្សដែលមានសមាជិកនៅរដ្ឋសភារុស្ស៉ី លោក ពូទីន បាននិយាយថា «ពួកយើងកំពុងការពារសេរីភាពនៃប្រជាជនយើង, អធិតេយ្យរបស់ពួកគេ, និងសិទ្ធិពួកគេក្នុងការជ្រើសរើសអនាគតរបស់ខ្លួន។ ប្រជាជនហើយមានតែប្រជាជននៃប្រទេសរុស្ស៉ីប៉ុណ្ណោះ ដែលជាប្រភពនៃអំណាចនៅក្នុងប្រទេសរបស់យើង។ ការជ្រៀតជ្រែកណាមួយ មកលើ​កិច្ចការផ្ទៃក្នុងរបស់រុស្ស៉ី នឹងត្រូវដាក់ទោស ហើយការដាក់ទោសនោះ នឹងមានកម្រិតធ្ងន់ធ្ងរជាខ្លាំង ស្របទៅតាមច្បាប់រុស្ស៉ី»

បន្ទាប់ពីទទួលរងទណ្ឌកម្មរបស់ក្រុមប្រទេសលោកខាងលិច រួមជាមួយបរាជ័យនៅសមរភូមិក្នុងប្រទេសអ៊ុយក្រែន កាលពីឆ្នាំមុន លោក ពូទីន ហាក់កំពុងឆ្ពោះទៅរកដំណាច់ឆ្នាំ២០២៣នេះ ប្រកបដោយស្មារតីក្លៀវក្លា។ ប្រតិបត្តិការវាយបកដណ្តើមទឹកដី ដែលមានក្តីរំពឹងខ្ពស់របស់​អ៊ុយក្រែន មកទល់ពេលមិនអាចទម្លុះខ្សែការពាររបស់កងកម្លាំងរុស្ស៉ីបាន ហើយការគាំទ្ររបស់លោកខាងលិចសម្រាប់ទីក្រុងកៀវ ក៏ហាក់​កំពុងថយចុះថែមទៀត ដោយកញ្ចប់ជំនួយធំៗថ្មី កំពុងតែជាប់គាំងនៅសភាអាមេរិក និងនៅសហភាពអឺរ៉ុប។

គួរបញ្ជាក់ថា កាលពីសប្តាហ៍កន្លងទៅនេះ លោក ពូទីន បានប្រកាសជាផ្លូវការថា រូបលោកនឹងបន្តឈរឈ្មោះជាប្រធានាធិបតីរុស្ស៉ី សម្រាប់អាណត្តិទី៥ នៅក្នុងការបោះឆ្នោតខែមីនា ឆ្នាំ២០២៤ បន្ទាប់ពីកាន់អំណាចអស់រយៈពេលសរុបជិត ២៥ឆ្នាំមកហើយ៕

រូបភាពពី Reuters