(ព្រុចសែល)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ បណ្តាមេដឹកនាំនៃសហភាពអឺរ៉ុប (EU) បាននាំគ្នាបង្ហាញជំនឿចិត្តយ៉ាងរឹងមាំថា ពួកគេនឹង​អាចអនុម័តកញ្ចប់ជំនួយធំមួយសម្រាប់អ៊ុយក្រែន នៅអំលុងដើមឆ្នាំ២០២៤ បើទោះបីជាមានការវេតូពីនាយករដ្ឋមន្រ្តីហុងគ្រី លោក Viktor Orban ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២៣។

ប្រទេសសមាជិក EU ទាំង២៧ លើកលែងហុងគ្រីមួយ បានព្រមព្រៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្នុងការចាប់ផ្តើមកិច្ចពិភាក្សា​អំពីសមាជិកភាពជាមួយអ៊ុយក្រែន។ EU សម្រេចការឯកភាពនោះបាន បន្ទាប់ពីរំលងការជំទាស់របស់ហុងគ្រី តាមរយៈការទទូចឱ្យលោក Orban ចាកចេញពីបន្ទប់ប្រជុំ ប៉ុន្តែពួកគេពុំអាចជម្នះការបដិសេធរបស់លោកនាយករដ្ឋមន្រ្តីហុងគ្រី ក្នុងការកែសម្រួលកញ្ចប់ថវិការយៈពេល​វែងរបស់ EU ដើម្បីផ្តល់ជំនួយសរុប៥០ពាន់លានអឺរ៉ូ ដល់អ៊ុយក្រែនបាននោះទេ។

អ៊ុយក្រែនពឹងផ្អែកលើជំនួយពីសម្ព័ន្ធមិត្ត ដើម្បីប្រយុទ្ធតស៊ូនឹងសង្រ្គាមឈ្លានពានរបស់រុស្ស៉ី ដែលកំពុងអូសបន្លាយទៅរកឆ្នាំទី៣ហើយ។ ចំណែក​ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន មកទល់នឹងពេលនេះ ក៏ហាក់មិនទាន់អាចរុញច្រានកញ្ចប់ជំនួយទំហំ ៦០ពាន់លានដុល្លារសម្រាប់ទីក្រុងកៀវ ឱ្យឆ្លងផុតសភាអាមេរិកនោះដែរ។

គួរបញ្ជាក់ថា ក្រុមមេដឹកនាំ EU នឹងជួបពិភាក្សាគ្នាសាជាថ្មីអំពីបញ្ហាខាងលើ ក្នុងកិច្ចប្រជុំបន្ទាន់មួយ ដែលត្រូវប្រព្រឹត្តទៅ នាចុងខែមករា ឬដើមខែកុម្ភៈ ឆ្នាំក្រោយ។ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានលើកឡើងដូច្នេះថា «ពួកយើងកំពុង​ប្រឹងប្រែងធ្វើការជាខ្លាំង ដើម្បីសម្រេចឱ្យបានកិច្ចព្រមព្រៀងមួយ ដែលទទួលយកដោយសមាជិកទាំង២៧។ ប៉ុន្តែខ្ញុំគិតថា ឥឡូវនេះក៏វា​ចាំបាច់ផងដែរ ក្នុងការធ្វើការលើលទ្ធភាពនៃជម្រើសផ្សេងៗ ដើម្បីឱ្យមានដំណោះស្រាយប្រើប្រាស់បានមួយ ក្នុងករណីដែលការឯកភាព​ដោយសមាជិកទាំង២៧ ឬដោយសំឡេងឯកច្ឆន្ទ មិនអាចទៅរួច»។ រីឯអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz និងប្រធានាធិបតីបារាំង លោក Emmanuel Macron ក៏ស្ថិតក្នុងចំណោមក្រុមអ្នកដែលបង្ហាញសុទិដ្ឋិនិយម ក្នុងការសម្រេចឱ្យបានកញ្ចប់ជំនួយសម្រាប់អ៊ុយក្រែន ផងដែរ៕

រូបភាពពី Reuters