(ប៉េកាំង)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ សហរដ្ឋអាមេរិកបានព្រមានចិន កុំឱ្យចូលជ្រៀតជ្រែកក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំតៃវ៉ាន់ ដែលនឹងប្រព្រឹត្តទៅនាដើមឆ្នាំក្រោយ ហើយបានទទូចឱ្យភាគីទាំងអស់ប្រកាន់អាកប្បកិរិយា ប្រកបដោយការទទួលខុសត្រូវ។ នេះបើតាម​ការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២៣។

ពេលវេលាចន្លោះចាប់ពីពេលនេះ រហូតដល់ការបោះឆ្នោតនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ របស់តៃវ៉ាន់ កំពុងតែស្ថិតក្រោមការតាមដាន​យ៉ាងដិតដល់បំផុត ពីសំណាក់ទីក្រុងប៉េកាំងនិងទីក្រុងវ៉ាស៉ីនតោន ដ្បិតវាអាចកំណត់ពីអនាគត នៃទំនាក់ទំនងរបស់ទីក្រុងតៃប៉ិជាមួយចិន។ លោក Nicholas Burns ដែលជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសចិន បានលើកឡើងដូច្នេះថា «ក្តីរំពឹងក៏ដូចជាក្តីសង្ឃឹម​យ៉ាងរឹងមាំរបស់យើង គឺថាការបោះឆ្នោតនៅតៃវ៉ាន់ នឹងប្រព្រឹត្តទៅ ដោយមិនស្ថិតក្រោមការសម្លុតគំរាម បង្ខិតបង្ខំ ឬលូកលាន់ពីភាគីណា​ទាំងអស់»។ លោក Burns បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកមិនពាក់ព័ន្ធ ហើយគ្មានបំណងនឹងចូលពាក់ព័ន្ធ ក្នុងការបោះឆ្នោតនេះឡើយ។

គួរបញ្ជាក់ថា តៃវ៉ាន់គឺជាចំណុចភាពតានតឹងដ៏ធំបំផុតមួយ ក្នុងទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិក។ ចិនចាត់ទុកតៃវ៉ាន់ជាផ្នែកដែលពុំ​អាចកាត់ផ្តាច់បាននៃទឹកដីរបស់ខ្លួន ហើយបានប្តេជ្ញាថានឹងបង្រួបបង្រួមគ្នាវិញ នាថ្ងៃណាមួយ ទោះត្រូវប្រើកម្លាំងយោធាក៏ដោយ បើចាំបាច់។ រីឯអាមេរិកគឺជាសម្ព័ន្ធមិត្តដ៏សំខាន់របស់តៃវ៉ាន់ ទោះភាគីទាំងពីរមិនមានទំនាក់ទំនងផ្លូវការក្តី ហើយទីក្រុងវ៉ាស៉ីនតោន​មានកាតព្វកិច្ចផ្លូវច្បាប់ ដើម្បីជួយផ្តល់មធ្យោបាយការពារខ្លួន ដល់ទីក្រុងតៃប៉ិ៕

រូបភាពពី Reuters