(ហ៊្សេរុយសាឡិម)៖ អ្នកនាំពាក្យយោធាអ៉ីស្រាអែល បានឱ្យដឹងកាលពីថ្ងៃសុក្រសប្តាហ៍នេះថា យោធាអ៉ីស្រាអែលបានច្រឡំដៃផ្តាច់ជីវិត​ចំណាប់ខ្មាំងចំនួន៣នាក់ អំលុងប្រតិបត្តិការយោធានៅឯតំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip) ក្នុងសង្រ្គាមកម្ទេចក្រុមហាម៉ាសប៉ាឡេស្ទីន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២៣។

យោធាអ៉ីស្រាអែលបានអះអាងថា ចំណាប់ខ្មាំងទាំងនោះ ត្រូវបានសម្លាប់អំលុងការប្រយុទ្ធគ្នា ជាមួយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន នៅ Gaza ហើយខ្លួនក៏បានសម្តែង ការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារពួកគេផងដែរ និងបានសន្យាថា ការស៉ើបអង្កេតជុំវិញឧប្បត្តិហេតុនេះ នឹងមានតម្លាភាពពេញលេញ។ យោងតាមសេចក្តីការណ៍របស់ អ្នកនាំពាក្យយោធាអ៉ីស្រាអែល អំលុងការប្រយុទ្ធដ៏តានតឹងមួយនៅតំបន់ Gaza កងកម្លាំងយោធាអ៉ីស្រាអែល បានច្រឡំកំណត់ចំណាប់ខ្មាំងជនជាតិអ៉ីស្រាអែលទាំង៣នាក់នោះ ថាជាការគំរាមកំហែង ដែលជាលទ្ធផល កងទ័ពអ៉ីស្រាអែលបានបាញ់ប្រហារលើពួកគេ ហើយពួកគេក៏បានបាត់បង់ជីវិត។

គួរបញ្ជាក់ថា អ្នកទាំង៣ ស្ថិតក្នុងចំណោមចំណាប់ខ្មាំងប្រមាណ២៤០នាក់ ដែលត្រូវបានចាប់យកទៅតំបន់ Gaza អំលុងការឆ្មក់វាយលុក​ទ្រង់ទ្រាយ ធំរបស់ក្រុមហាម៉ាសលើអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ដែលបានសម្លាប់មនុស្ស១,២០០នាក់។ បើតាមយោធាអ៉ីស្រាអែល ចំណាប់ខ្មាំងសរុបយ៉ាងហោច២០នាក់ហើយ បានបាត់បង់ជីវិតនៅ Gaza ក្នុងចំណោមជាង១៣០នាក់ទៀត ដែលបន្តជាប់ឃុំឃាំងនៅទីនោះ។ អំលុងការផ្អាកប្រយុទ្ធគ្នារយៈពេល១សប្តាហ៍ កាលពីចុងខែវិច្ឆិកា ក្រុមហាម៉ាសបានដោះលែងចំណាប់ខ្មាំងសរុបជាង ១០០នាក់ ជាថ្នូរនឹង​ការដោះលែងអ្នកទោសប៉ាឡេស្ទីន២៤០នាក់ ចេញពីពន្ធនាគារអ៉ីស្រាអែល៕

រូបភាពពី Reuters