(ឌូបៃ)៖ ទូរទស្សន៍រដ្ឋបានរាយការណ៍នៅថ្ងៃសុក្រសប្តាហ៍នេះថា សមាជិកក្រុមបំបែកខ្លួនបានសម្លាប់មនុស្ស ១១នាក់ និងជាច្រើននាក់ទៀតរងរបួសក្នុងការវាយប្រហារកាលពីយប់លើប៉ុស្តិ៍ប៉ូលិសមួយ នៅភាគអាគ្នេយ៍ប្រទេសអ៊ីរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។

អភិបាលរងនៃខេត្ត Sistan និង Balochistan លោក Ali Reza MalhematI បាននិយាយថា មន្ត្រីប៉ូលិសជាន់ខ្ពស់ និងទាហានត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារដែលបានកើតឡើងនាម៉ោងប្រហែល ២ព្រឹកនៅទីក្រុង Rask ដែលស្ថិតចម្ងាយប្រហែល ១,៤០០ គីឡូម៉ែត ភាគនិរតីនៃទីក្រុង Tehran។ លោក​បាន​បន្ថែម​ថា ប៉ូលិស​បាន​បាញ់តបត ដោយសម្លាប់​ពួកខ្មាន់កាំភ្លើងជា​ច្រើន​នាក់។

ទូរទស្សន៍រដ្ឋបានស្តីបន្ទោសការវាយប្រហារនេះ ទៅលើក្រុមបំបែកខ្លួនដែលគេស្គាល់ថា Jaish Al-Adl។ ក្នុងឆ្នាំ ២០១៩ ក្រុមនេះបានអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកអត្តឃាតលើឡានក្រុង ដែលបានសម្លាប់សមាជិក ២៧ នាក់នៃឆ្មាំបដិវត្តន៍អ៊ីរ៉ង់។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ក្រុមសកម្មប្រយុទ្ធ និងក្រុមបំបែកខ្លួនតូចៗ នៅក្នុងតំបន់ភាគច្រើននៃនិកាយស៊ុននី បានវាយប្រហារប៉ុស្តិ៍ប៉ូលីស ដែលជាផ្នែកមួយនៃការបះបោរកម្រិតទាបប្រឆាំងនឹងរដ្ឋាភិបាល៕

រូបភាពពី Reuters