(ព្រុចសែល)៖ នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban នៅថ្ងៃសុក្រសប្តាហ៍នេះ បានរារាំងកញ្ចប់ជំនួយទឹកប្រាក់ប្រមាណ ៥៥ ពាន់លានដុល្លារ (៥០ ពាន់លានអឺរ៉ូ) របស់សហភាពអឺរ៉ុបសម្រាប់អ៊ុយក្រែន បន្ទាប់ពីមេដឹកនាំរូបនេះបានយល់ព្រម បើកកិច្ចចរចាជាមួយទីក្រុងគៀវ ស្តីពីការចូលរួមជាសមាជិកសហភាពអឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។

កិច្ចប្រជុំកំពូលដ៏សំខាន់នៅទីក្រុងព្រុចសែលបានបរាជ័យវិញ បន្ទាប់ពីមេដឹកនាំរបស់ប្រទេសហុងគ្រី បានបដិសេធមិនយល់ព្រមផ្តល់កញ្ចប់ជំនួយ សម្រាប់រដ្ឋាភិបាលអ៊ុយក្រែនក្នុងរយៈពេល ៤ ឆ្នាំខាងមុខ។ ទោះជាយ៉ាងណា លោក Orban បានអំពាវនាវឱ្យដោះលែងមូលនិធិសហភាពអឺរ៉ុបទាំងអស់សម្រាប់ហុងគ្រី ដែលនៅជាប់គាំង មុនពេលពិចារណាដកការវេតូរបស់លោក លើជំនួយបន្ថែមទៀតសម្រាប់អ៊ុយក្រែន។

លោក Orbán បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុរដ្ឋហុងគ្រី យ៉ាងដូច្នេះថា «វាជាឱកាសដ៏ល្អសម្រាប់ហុងគ្រីដើម្បីបង្ហាញថា ខ្លួនគួរតែទទួលបានអ្វីដែលសមនឹងទទួលបាន។ មិនមែនពាក់កណ្តាល ឬភាគបួនទេ ប៉ុន្តែអ្វីៗទាំងអស់»។ លោក​បាន​បន្ថែម​ថា «យើង​ចង់​ទទួល​បាន​ការ​ប្រព្រឹត្ត​ដោយ​យុត្តិធម៌ ហើយ​ឥឡូវ​នេះ​មាន​ឱកាស​ល្អ​ដើម្បី​បញ្ជាក់​រឿង​នេះ»។

គួរបញ្ជាក់ថា ជាមួយនឹងបញ្ហាផ្តល់ជំនួយ និងប្រាក់កម្ចីសម្រាប់អ៊ុយក្រែន ដែលត្រូវបានរារាំងដោយប្រទេសហុងគ្រី មេដឹកនាំសហភាពអឺរ៉ុប ២៦ ផ្សេងទៀតបានសម្រេចចិត្តរៀបចំកិច្ចប្រជុំថ្មីនៅដើមឆ្នាំក្រោយ ដើម្បីព្យាយាមឈានដល់កិច្ចព្រមព្រៀងមួយ។

ការរារាំងពីសំណាក់អ្នកជាតិនិយមហុងគ្រីរូបនេះ ដែលជាមិត្តល្អបំផុតរបស់រុស្ស៊ីនៅក្នុងសហភាពអឺរ៉ុប បានធ្វើឱ្យមានផលប៉ះពាល់ដល់ទីក្រុងគៀវ និងអ្នកគាំទ្ររបស់ខ្លួន តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីពួកគេបានប្រារព្ធពិធីបើកទ្វារសម្រាប់កិច្ចចរចាចូលជាសមាជិកអឺរ៉ុបរបស់ប្រទេសនេះ៕

រូបភាពពី Reuters